ភ្នំពេញៈ លោក ឆឺយ ប៊ុនធឿន តំណាងលោក ខឹម វាសនា ប្រកាន់ជំហរប្តឹងលោក សាន ប៊ុនធឿន ពាក់ព័ន្ធនឹងការគំរាមតាមហ្វេសប៊ុកថានឹងសម្លាប់ប្រធានគណបក្សសម្ព័ន្ធដើម្បីលទ្ធិប្រជាធិបតេយ្យ។
កាលពីយប់ថ្ងៃទី ១៦ ខែធ្នូលោក សាន ប៊ុនធឿន ក្នុងស្ថានភាពស្រវឹងបាននិយាយម្តងហើយម្តងទៀតថា ខ្លួននឹងបាញ់សម្លាប់លោក ខឹម វាសនា ដោយសារតែលោកស្អប់ ហើយថាលោក ខឹម វាសនា បំបាត់សាសនា។
វីដេអូសែលហ្វ៊ីដែលត្រូវបានគេបង្ហោះបន្តគ្នាលើហ្វេសប៊ុកគេឃើញលោក ប៊ុនធឿន បាននិយាយថា៖ «ខ្ញុំនិយាយត្រង់ហ្មង ខ្ញុំត្រូវបាញ់អា ខឹម វាសនា គ្រវែងចោល។ ទោះបីខ្ញុំជាប់គុក ២០ ឆ្នាំ ១០០ ឆ្នាំ ខ្ញុំត្រូវបាញ់ក្បាលអា ខឹម វាសនា គ្រវែងចោល។ ខ្ញុំត្រូវតែធ្វើ អត់ធ្វើអត់បាន។ ទុកនៅនឹងបំបាត់សាសនាបំបាត់អី។ ខ្ញុំនឹងទិញអាស្ម៊ីតមួយដើម។ ប៉ូលិស ប៉េអឹម ព័ទ្ធចាប់តាមចាប់ខ្ញុំចុះ ខ្ញុំនឹងបាញ់អា ខឹម វាសនា គ្រវែងចោល…»។
ដោយសារការថ្លែងដូច្នេះលោក ឆឺយ ប៊ុនធឿន តំណាងឲ្យលោក ខឹម វាសនា បានដាក់ពាក្យបណ្ដឹងកាលពីថ្ងៃទី ១៩ ខែធ្នូ ទៅសាលាដំបូងរាជធានីភ្នំពេញ ដោយស្នើឲ្យផ្ដន្ទាទោសលោក សាន ប៊ុនធឿនពីបទ «គំរាមកំហែងថានឹងសម្លាប់» តាមមាត្រា ២៣៣ នៃក្រមព្រហ្មទណ្ឌ។
ថ្លែងតាមទូរស័ព្ទពីម្សិលមិញលោក សាន ប៊ុនធឿន ថាលោកមិនមានបំណងសម្លាប់លោក ខឹម វាសនា ទេគឺដោយសារលោកខឹងអ្នកគាំទ្រគណបក្ស LDP ខ្លះដែលតែងកូររករឿងលោកតាមរយៈការបញ្ចេញមតិឆ្លើយឆ្លងគ្នាលើហ្វេសប៊ុក។
លោកថា៖ «ខ្ញុំគ្មានចេតនាអីទេ តែដាក់ជ្រុលទៅចេះតែនិយាយទៅ វាបាត់ការចងចាំ។ ខ្ញុំស្នើសុំឲ្យតុលាការមិនចាត់ការលើរឿងហ្នឹងពីព្រោះខ្ញុំវាស្រឹងហើយនិយាយជ្រុល។ បើនិយាយជ្រុលអ៊ីចឹងហើយ យើងសុំទោសគេទៅសុំតែមួយរស់ៗទេ»។
ទោះយ៉ាងណាលោក ឆឺយ ប៊ុនធឿន បានបញ្ជាក់ថាលោករក្សាជំហរប្តឹងនេះដដែលដោយថា៖ «គាត់និយាយអ៊ីចឹងមានន័យថាដើរកាប់សម្លាប់គេ ហើយនិយាយថាខ្ញុំស្រវឹងហើយខ្ញុំសូមអភ័យទោសផង។ សម្រាប់អ្នកប្រព្រឹត្តគេនិយាយបែបនោះហើយរកលេសសម្រាប់សម្រាល តែយើងទុកឲ្យតុលាការគេចាត់ការតាមនីតិវិធី»។
ក្នុងពាក្យបណ្ដឹងលោក ឆឺយ ប៊ុនធឿន បានទារសំណង ១០ ម៉ឺនដុល្លារ និងស្នើតុលាការផ្ដន្ទាទោសតាមច្បាប់។
លោក លី សុផាណា អ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ និងលោក អ៊ី រិន អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញមិនអាចទាក់ទងសុំការបំភ្លឺពីរឿងក្តីនេះបានទេកាលពីម្សិលមិញ៕


