ភ្នំពេញៈ ប្រទេសវៀតណាមគ្រោងនឹងដាក់ដេញថ្លៃយន្តហោះ Boeing 727-200 ដែលបោះបង់ចោលជាកម្មសិទ្ធិរបស់ក្រុមហ៊ុនអាកាសចរណ៍ រ៉ូយ៉ាល់ខ្មែរអ៊ែរឡាញ ដែលជាក្រុមហ៊ុនអាកាសចរណ៍ពាណិជ្ជកម្មកម្ពុជា។ នេះបើយោងតាមប្រព័ន្ធព័ត៌មានរបស់វៀតណាម។
យន្តហោះនេះត្រូវបានជួលទៅឲ្យក្រុមហ៊ុនអាកាសចរណ៍ Air Dream ដែលជាប្រតិបត្តិករលក្ខណៈជួលមានមូលដ្ឋាននៅសៀមរាបដែលលែងដំណើរការនៅពេលវាត្រូវបានគេបោះបង់ចោលនៅក្នុងព្រលាននេះកាលពីខែឧសភាឆ្នាំ ២០០៧ បន្ទាប់ពីការខូចផ្នែកបច្ចេកទេស។ ទាំងក្រុមហ៊ុនអាកាសចរណ៍ រ៉ូយ៉ាល់ ខ្មែរអ៊ែរឡាញ និង Air Dream បានចេញពីពាណិជ្ជកម្មនេះកាលចុងឆ្នាំនោះ។
រដ្ឋបាលអាកាសចរណ៍ស៊ីវិលវៀតណាម (CAAV) បានដាក់ញត្តិម្ដងហើយម្តងទៀតទៅរដ្ឋាភិបាលកម្ពុជាដើម្បីយកយន្តហោះនេះ និងបង់ប្រាក់ជាង ៦០០ ០០០ ដុល្លារជាតម្លៃចតទុកចោលមិនបង់ដែលខ្លួនបានគិតចាប់តាំងពីការបោះបង់ចោលយន្តហោះនេះមក។
មន្ដ្រីអាកាសចរណ៍កម្ពុជាបញ្ជាក់ថាយន្តហោះដែលបោះបង់ចោលនេះមិនមែនជាការទទួលខុសត្រូវរបស់ពួកគេទេខណៈគេបានដកហូតអាជ្ញាប័ណ្ណប្រតិបត្តិការរបស់ក្រុមហ៊ុនអាកាសចរណ៍ រ៉ូយ៉ាល់ខ្មែរអ៊ែរឡាញ និងក្រុមហ៊ុន Air Dream ហើយយន្តហោះ Boeing 727-200 ត្រូវបានលុបចោលពីបញ្ជីផ្លូវការរបស់យន្តហោះស៊ីវិលដោតទង់ជាតិកម្ពុជាកាលពីឆ្នាំ ២០០៨ មក។
លោក ស៊ិន ចាន់សេរីវុត្ថា អ្នកនាំពាក្យរដ្ឋលេខាធិការអាកាសចរណ៍ស៊ីវិល (SSCA) បានឲ្យដឹងកាលពីម្សិលមិញថាភ្នាក់ងារនេះបានទទួលសេចក្ដីជូនដំណឹងជាច្រើនពីអាជ្ញាធរវៀតណាមក្នុងរយៈពេលជាច្រើនឆ្នាំ និងបានផ្ដល់យោបល់ដល់ពួកគេថាម្ចាស់យន្តហោះដែលបោះបង់ចោលនេះមិនអាចទាក់ទងបានទេដូច្នេះវៀតណាមអាចធ្វើអ្វីក៏បានដែរលើយន្តហោះនេះទៅតាមច្បាប់របស់ខ្លួន។
លោកថ្លែងថា៖ «វាមិនមែនជាការទទួលខុសត្រូវរបស់យើងនោះទេវាជាការទទួលខុសត្រូវរបស់ប្រតិបត្តិករ។ ប្រសិនបើបន្ទាប់ពីការអនុវត្តច្បាប់ក្រុមហ៊ុនអាកាសចរណ៍នៅតែជំពាក់អាជ្ញាធរវៀតណាម [សម្រាប់តម្លៃចត និងការចំណាយដែលជាប់ពាក់ព័ន្ធ] វាមិនមែនសម្រាប់យើងក្នុងការបង់ប្រាក់តំណាងឲ្យក្រុមហ៊ុននេះទេ»។
លោកបន្តថាលោកមិនបានដឹងថានរណាគ្រប់គ្រងលើក្រុមហ៊ុនអាកាសចរណ៍ រ៉ូយ៉ាល់ ខ្មែរអ៊ែរឡាញ នេះប៉ុន្តែករណីម្ចាស់យន្តហោះដែលបោះបង់ចោលនៅព្រលានយន្តហោះបរទេសគឺជារឿងធម្មតា។
លោកបញ្ជាក់ថា៖ «មានករណីជាច្រើនដែលក្រុមហ៊ុនអាកាសចរណ៍តូចៗមួយចំនួនបានទទួលរងការខាតបង់ប្រតិបត្តិការហើយម្ចាស់យន្តហោះទាំងនោះបានចតយន្តហោះនៅព្រលានយន្តហោះណាមួយរហូតដល់វាត្រូវបានគេរឹបអូស»។
ក្រសួងដឹកជញ្ជូនវៀតណាមបានស្នើឲ្យក្រុមហ៊ុនព្រលានយន្តហោះរបស់វៀតណាមលក់ «ខ្មោចយន្តហោះនេះចោល» ។ នេះបើតាមប្រព័ន្ធព័ត៌មានរបស់វៀតណាម។ តម្លៃចតនឹងត្រូវបានកាត់យកពីនីតិវិធីនៃការលក់នេះ។
កាលពីខែមិថុនាការវាយតម្លៃដោយ CAAV បានសម្រេចថាយន្តហោះមានអាយុ ៤១ ឆ្នាំខូចផ្នែកបច្ចេកទេសដែលមិនត្រូវបានជួសជុលនោះបានខូចខាតធ្ងន់ធ្ងរក្នុងអំឡុងពេលចតចោលរយៈពេលមួយទសវត្សរ៍លើផ្លូវក្រាលកៅស៊ូហើយក៏មិនអាចជួសជុលឡើងវិញសម្រាប់ប្រតិបត្តិការបានដែរ៕ LA


