ភ្នំពេញៈ ក្រសួងពាណិជ្ជកម្មបានស្នើទៅលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថា កម្ពុជាគួរបញ្ចុះបញ្ចូលបណ្ដាប្រទេសសហភាពអឺរ៉ុបដើម្បីទប់ស្កាត់ការព្យួរសម្បទានពន្ធគយណាមួយជាយថាហេតុ។ នេះបើយោងតាមលិខិតរបស់ក្រសួង ពាណិជ្ជកម្ម ផ្ញើជូនលោកនាយករដ្ឋមន្ត្រីហ៊ុន សែន ដែលត្រូវបានគេបង្ហោះចែកចាយនៅបណ្តាញសង្គម ហ្វេសប៊ុក កាលពីរសៀលថ្ងៃអាទិត្យ។
លិខិតចុះកាលបរិច្ឆេទថ្ងៃទី ៤ ខែធ្នូ ឆ្នាំ ២០១៧ ដែលចុះហត្ថលេខាដោយរដ្ឋមន្ត្រី ក្រសួងពាណិជ្ជកម្ម លោក ប៉ាន សូរស័ក្កិ ក៏បានផ្តល់យោបល់ឲ្យរដ្ឋាភិបាលក្នុងជម្រើសផ្សេងទៀត គួរពិភាក្សាក្នុងកិច្ចប្រជុំចង្អៀតនៃគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ដោយមានការចូលរួមពីក្រសួង ស្ថាប័ន សំខាន់ៗដែលជាសមាជិកគណៈកម្មាធិការនេះផងដែរ។
លិខិតបានបញ្ជាក់ថា៖ «ដើម្បីទប់ស្កាត់ការសម្រេចព្យួរសម្បទានពន្ធគយលើគ្រប់មុខទំនិញដោយសភាអឺរ៉ុបជាយថាហេតុ កម្ពុជាគួរបញ្ចុះបញ្ចូលបណ្ដាប្រទេសជាមិត្តដែលជាសមាជិកសហភាពអឺរ៉ុប តាមរយៈបណ្ដាញការទូត និងពាណិជ្ជកម្មព្រោះសហភាពអឺរ៉ុបច្រើនមានភាពទន់ភ្លន់ និងយោគយល់ដល់ស្ថានភាពរបស់កម្ពុជា»។
លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជា កាលពីម្សិលមិញមិនបានអត្ថាធិប្បាយបន្ថែមពីព័ត៌មាននៅក្នុងលិខិតដែលលោកបានផ្ញើទៅលោកនាយករដ្ឋមន្ត្រីនោះទេ។
លោកបានបញ្ជាក់ប្រាប់ភ្នំពេញប៉ុស្តិ៍ដោយខ្លីថា៖ «វាជារបាយការណ៍ផ្លូវការជូនទៅសម្តេចជាព័ត៌មាន»។
នៅក្នុងលិខិតបានរៀបរាប់ពីរបាយការណ៍នាំចេញរបស់កម្ពុជាទៅទីផ្សារអន្តរជាតិក្នុងរយៈពេល ៥ ឆ្នាំចាប់ពីឆ្នាំ ២០១២ ដល់ ២០១៦។ ក្នុងលិខិតនោះបានសង្កត់ធ្ងន់ជាពិសេសលើការនាំចេញរបស់កម្ពុជាក្រោមប្រព័ន្ធអនុគ្រោះពាណិជ្ជកម្ម។
លិខិតរបស់ក្រសួងពាណិជ្ជកម្មនេះធ្វើឡើង ខណៈសភាអឺរ៉ុប កំពុងពិភាក្សាពីលទ្ធភាពដាក់ទណ្ឌកម្មលើទិដ្ឋាការ ការបង្កកទ្រព្យសម្បត្តិរបស់មន្ត្រីរដ្ឋាភិបាល ដែលពួកគេអះអាងថា បានធ្វើឲ្យខូចខាតដល់លទ្ធិប្រជាធិបតេយ្យនៅកម្ពុជា បន្ទាប់ពីការរំលាយបក្សប្រឆាំងជាមួយនឹងលទ្ធភាពព្យួរប្រព័ន្ធអនុគ្រោះពន្ធ «អ្វីៗគ្រប់យ៉ាងលើកលែងតែអាវុធ»។
លោក ផៃ ស៊ីផាន អ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្ត្រី បានលើកឡើងជាក្តីរំពឹងថា ការផ្តល់ប្រព័ន្ធអនុគ្រោះពន្ធពីសហភាពអឺរ៉ុបមកកម្ពុជានឹងនៅបន្ត ព្រោះថា ការសម្រេចដកសិទ្ធិពាណិជ្ជកម្មនេះវិញត្រូវការឆ្លងកាត់ការពិភាក្សាវែងឆ្ងាយ។
លោកបញ្ជាក់ថា៖«ដើម្បីអាចសម្រេចបែបនេះបាន ត្រូវការពេលយូរ និងឆ្លងកាត់នីតិវិធីប្រកបដោយភាពស្មុគស្មាញ»។
លោកបន្តថា៖«ជាបទពិសោធកន្លងមក យើងមិនដែលឃើញ មានការសម្រេចណាមួយមកលើកម្ពុជានោះទេជាច្រើនឆ្នាំមកហើយ»។
លោក ស៊ីផាន បានរំឭកថា ការទទួលបានប្រព័ន្ធអនុគ្រោះពន្ធនឹងមិនស្ថិតនៅជារៀងរហូតនោះទេ ដោយសារថា ការដែលកម្ពុជាទទួលបានប្រព័ន្ធអនុគ្រោះពន្ធពីទីផ្សារសហភាពអឺរ៉ុប គឺក្នុងនាមជាប្រទេសចំណូលទាប។ ខណៈដែលកម្ពុជាកំពុងឈានជាបណ្តើរៗទៅរកប្រទេសចំណូលមធ្យមកម្រិតទាប ប្រព័ន្ធអនុគ្រោះពន្ធនេះក៏អាចនឹងបាត់បង់នាពេលខាងមុខផងដែរ។
លោកបញ្ជាក់ថា៖ «ចង់មិនចង់ប្រទេសកម្ពុជាក៏នឹងបាត់បង់លក្ខខណ្ឌអនុគ្រោះហ្នឹងដដែលគ្រាន់តែពេលវេលានឹងបាត់បង់នៅពេលណាប៉ុណ្ណោះ»។
លោកបន្ថែមថា កម្ពុជាកំពុងធ្វើកំណែទម្រង់ប្រព័ន្ធពាណិជ្ជកម្មក្នុងស្រុក និងពង្រឹងភាពប្រកួតប្រជែងដើម្បីត្រៀមខ្លួនសម្រាប់ការប្រជែងកាន់តែខ្លាំងនាពេលខាងមុខ។
របាយការណ៍បញ្ជាក់ថា ទឹកប្រាក់នៃការនាំចេញសរុបក្នុងឆ្នាំ ២០១៦ ទៅសហភាពអឺរ៉ុប មានជាង ៦,២៥ ពាន់លានដុល្លារអាមេរិក ក្រោមប្រព័ន្ធអនុគ្រោះពន្ធទាំងស្រុង ខណៈការនាំចេញទៅអាមេរិក ដែលមិនបានផ្ដល់ភាពអនុគ្រោះពន្ធគ្រប់មុខទំនិញដូចសហភាពអឺរ៉ុបមានជាង ២,៩ ពាន់លានដុល្លារក្នុងអំឡុងពេលដូចគ្នានេះ។
មុខទំនិញនាំចេញសំខាន់ៗ រួមមាន សម្លៀកបំពាក់គ្រប់ប្រភេទ ស្រោមនិងស្បែកជើង អង្ករ គ្រាប់ធញ្ញជាតិ វត្ថុធ្វើពីស្បែក ឆត្រ កៅស៊ូ និងទោចក្រយានជាដើម។
ក្នុងលិខិតបញ្ជាក់ថា ប្រសិនបើមិនទទួលបានការអនុគ្រោះពន្ធទេ កម្ពុជាត្រូវបង់ពន្ធ ៦៧៦ លានដុល្លារអាមេរិក នៃទំហំទឹកប្រាក់នាំចេញនៅក្នុងឆ្នាំ ២០១៦ ក្នុងអត្រាពន្ធមធ្យមមានប្រមាណ ១១ ភាគរយ ដែលផលិតកម្មនាំចេញទំនិញទាំងនេះប្រើកម្មករប្រមាណ ៤០ ម៉ីននាក់។
ដោយឡែកក្នុងលិខិតនោះហាក់មិនបារម្ភពីការនាំចេញសរុបរបស់កម្ពុជាទៅទីផ្សារ អាមេរិកទេ។ លិខិតបញ្ជាក់ថាកម្ពុជាបានបង់ពន្ធប្រមាណជាង ៣០០ លានដុល្លារ ក្នុងអត្រាពន្ធមធ្យមប្រមាណ ១២ ភាគរយក្នុងការនាំចេញទៅ អាមរិក កាលពីឆ្នាំ ២០១៦។
លិខិតបញ្ជាក់ថា អាមេរិកទើបតែផ្ដល់ភាពអនុគ្រោះពន្ធលើមុខទំនិញសម្រាប់ការធ្វើដំណើរ នៅចុងឆ្នាំ ២០១៦ ប៉ុណ្ណោះ ដែលការនាំចេញមុខទំនិញនេះទៅអាមេរិក រយៈពេល ១១ ខែ ឆ្នាំ ២០១៧ មានប្រមាណ ២០០ លានដុល្លារ ក្រោមប្រព័ន្ធអនុគ្រោះពន្ធ ហើយប្រសិនបើមានការតម្រូវឲ្យបង់ពន្ធ ទឹកប្រាក់ដែលកម្ពុជា ត្រូវបង់មានតែប្រមាណ ១០ លានដុល្លារប៉ុណ្ណោះក្នុងអត្រាពន្ធមធ្យម ៥ ភាគរយ។
លោក ច័ន្ទ សុផល នាយកមជ្ឈមណ្ឌលសិក្សាគោលនយោបាយ បានបញ្ជាក់កាលពីម្សិលមិញថា ទិន្នន័យដែលបានបង្ហាញក្នុងលិខិតរបស់ក្រសួងពាណិជ្ជកម្ម និង ការប៉ាន់ស្មានពីទឹកប្រាក់នៃបន្ទុកពន្ធគយ អាចជាកត្តាវាស់វែងខ្លះៗ ពីឥទ្ធិពលអវិជ្ជមាននៃផលប៉ះពាល់ដល់សេដ្ឋកិច្ចកម្ពុជា ក្នុងករណីបើមានការបញ្ឈប់ផ្តល់ប្រព័ន្ធអនុគ្រោះពន្ធមែន។
លោក Stephen Higgins នាយកក្រុមហ៊ុនប្រឹក្សាយោបល់ Mekong Strategic Partners លើកឡើងកាលពីម្សិលមិញថា វាមានការពិបាកនៅឡើយនាពេលនេះក្នុងការព្យាករពីផលប៉ះពាល់ជាក់ស្តែង ក្នុងករណីដែលថាពិតជាមានការដកប្រព័ន្ធអនុគ្រោះពន្ធមែននោះ។
លោកថ្លែងថា៖ «ក្នុងករណីដែលទណ្ឌកម្មណាមួយបានដាក់ចេញ យើងសន្មតថា កម្រិតនៃទណ្ឌកម្មនោះគឺសំដៅទៅលើក្រុមណាមួយជាក់លាក់កម្រិតតូចមួយប៉ុណ្ណោះ ដែលមិនទាំងអស់នោះទេ។ ការដាក់ [ទណ្ឌកម្ម] កម្រិតទូទៅ នឹងធ្វើឲ្យប៉ះពាល់ដល់ប្រាក់ចំណូលកម្មកររាប់ពាន់នាក់»។
លិខិតដដែលបានរៀបរាប់ថា សហភាពអឺរ៉ុបធ្លាប់បានព្យួរសម្បទានពន្ធគយជាបណ្ដោះអាសន្ន ឬអចិន្រៃ្តយ៍ ដល់ប្រទេសមួយចំនួនដែលត្រូវបានចោទប្រកាន់ថាមានការរំលោភគោលការណ៍សិទ្ធិមនុស្ស សិទ្ធិការងារ និងសិទ្ធិជាមូលដ្ឋានធ្ងន់ធ្ងរ។
ប្រទេសដែលធ្លាប់ទទួលរងការព្យួរសម្បទានកន្លងមក រួមមាន ប្រទេសមីយ៉ាន់ម៉ា ស៊ូដង់ ប្រទេសស្រីលង្កា និងប្រទេសបេឡារុស ជាដើម៕
រាយការណ៍បន្ថែមៈ Ananth Baliga


