សៀមរាប៖ អាជ្ញាធរអប្សរាបានប្រកាសថា អ្នកភូមិមួយនៅក្នុងស្រុកពួកនៃខេត្តសៀមរាបបានជីកឃើញរូបបដិមាករ មួយអង្គ មានកាយជាស្រ្តី កាលពីថ្ងៃច័ន្ទកន្លងទៅ និងបានប្រគល់វាទៅឲ្យអាជ្ញាធរអប្សរាជាអ្នករក្សាទុក។
យោងទៅលើសេចក្តីថ្លែងការណ៍មួយរបស់អាជ្ញាធរអប្សរា ភ្នាក់ងាររដ្ឋាភិបាលទទួលបន្ទុកមើលការខុសត្រូវនៅក្នុងឧទ្យានអង្គរ លោក ឈាន រដ្ឋា ប្រធានស្តីទីនៃនាយកដ្ឋានអភិរក្សក្រៅឧទ្យាន ជាមួយនឹងអ្នករួមការងារផ្សេងទៀត បានទទួលរូបបដិមារករនេះពីអ្នកភូមិម្នាក់ឈ្មោះ វាត់ វ៉ាន។
វត្ថុបុរាណនេះកំពុងតែត្រូវបានរក្សាទុកនៅសារមន្ទីរ ព្រះនរោត្តមសីហនុ-អង្គរ។ វាមានកម្ពស់ ៤០ សង់ទីម៉ែត្រ និងត្រូវបានរកឃើញដោយក្រុមអ្នកភូមិដែលបានជួលអេស្កាវ៉ាទ័រ មកជីកបង្កើនជម្រៅស្រះមួយនៅក្នុងភូមិ។ នេះបើយោងទៅតាមសេចក្តីថ្លែងការណ៍ របស់នគរបាលជាតិ៕ TN


