ការកែកុនផ្ទះដោយមានភាពធ្វេសប្រហែស សន្សំសំចៃប្រាក់ដែលរំលោភគោលការណ៍សំណង់ក្នុងស្រុក អាចជាផ្នែកមួយដែលនាំឲ្យមានចំនួនអ្នកស្លាប់ច្រើននៅក្នុងគ្រោះរញ្ជួយដីនៅតំបន់កណ្តាលអ៊ីតាលី កាលពីពេលថ្មីៗនេះ។ នេះបើតាមរដ្ឋអាជ្ញាដែលកំពុងធ្វើការស៊ើបអង្កេតទៅលើគ្រោះថ្នាក់នោះ។
ដោយមានសំណួរជាច្រើនចោទទៅលើការស្លាប់របស់មនុស្សជិត ៣០០ នាក់ រដ្ឋអាជ្ញា Giuseppe Saieva បានបង្ហាញថា ម្ចាស់អចលនទ្រព្យដែលបានធ្វើការកែកុនដោយមិនត្រឹមត្រូវតាមស្តង់ដារ អាចនឹងទទួលខុសត្រូវ និងជាផ្នែកមួយដែលនាំឲ្យមានការខូចខាតយ៉ាងច្រើនបែបនេះ។
លោក Saieva ដែលធ្វើការនៅតំបន់ Rieti ដែលនៅចន្លោះពីក្រុង រ៉ូម និងចំណុចកណ្តាលនៃកន្លែងរញ្ជួយដី បានឲ្យដឹងថា គ្រោះថ្នាក់នេះមិនអាចនិយាយបានថា ជាគ្រោះធម្មជាតិ ដែលមិនអាចជៀសផុតបាននោះទេ។
លោកបានប្រាប់កាសែត La Repubblica ថា៖ «ប្រសិនបើសំណង់អគារត្រូវបានសាងសង់ឡើងដូចនៅប្រទេសជប៉ុន វាមិនត្រូវរលំនោះទេ»។
ប៉ុន្មានម៉ោងក្រោយពីការរញ្ជួយដីកាលពីថ្ងៃពុធ លោក Saieve បានទៅដល់ Amatrice ដែលជាទីប្រជុំជនតូចមួយ បានទទួលរងការប៉ះទង្គិចច្រើនជាងគេបង្អស់។ លោកកំពុងតែធ្វើការពិនិត្យការខូចខាតមុននឹងបើកការស៊ើបអង្កេតដំបូងដើម្បីរកមើល ថាតើអាចនៅមានមនុស្សស្លាប់ដោយគ្រោះមហន្តរាយមួយនេះទេ។
ក្នុងនោះ លោកបានអង្កេតមើលជញ្ជាំងចែកបន្ទប់ដែលបានបាក់បែកក្នុងវីឡាដែលមានកម្ពស់ ៣ ជាន់មួយ។
លោកបាននិយាយថា ៖ «ខ្ញុំគិតថា វាត្រូវបានសាងសង់ឡើងដោយប្រើខ្សាច់ច្រើនជាងស៊ីម៉ង់ត៍»។
អ្នកជំនាញផ្នែកវិស្វកម្ម និងស្ថាបត្យករមួយចំនួនក៏បានសង្កត់ធ្ងន់ទៅលើការប្រើប្រាស់សសរស៊ីម៉ង់ត៍ ដែលមានតម្លៃថោកសម្រាប់ពង្រីក និងកែកុនផ្ទះថា ជាកត្តាមួយដែលធ្វើឲ្យអគារជា ច្រើនបានរលំ។
ដោយធ្ងន់ និងមិនអាចបត់បែនបាន សសរស៊ីម៉ង់ត៍អាចបង្កជាគ្រោះថ្នាក់ដល់អាយុជីវិតប្រសិនបើវាខ្ទាតចេញដោយសាររំញ័រ ដោយវានឹងបំបែកជញ្ជាំងចាស់ៗដែលនៅក្រោមវា។
លោកបាននិយាយថា ៖ «ប្រសិន បើយើងរកឃើញថា មានបុគ្គលណាមួយប្រើផ្លូវកាត់ ពួកគេនឹងត្រូវបានតាមដាន ហើយអ្នកដែលធ្វើកំហុសនឹងត្រូវទទួលលទ្ធផល»។
បញ្ហាដែលចោទ ថាតើការស្លាប់អាចនឹងត្រូវបានចៀសវាងគឺជាពិសេសនៅតំបន់ Amatrice ព្រោះវាមានទីតាំងនៅជិត (៥០ គីឡូម៉ែត្រ) ពី L’Aquila ដែលបានទទួលរងគ្រោះរញ្ជួយដីកាលពីឆ្នាំ ២០០៩ ដែលបានសម្លាប់មនុស្សអស់ជាង ៣០០ នាក់។
ការប្រឆាំងជំទាស់ទៅលើការសាងសង់ដែលធ្វេសប្រហែស និងពុករលួយ ដែលបានធ្វើឲ្យសណង់អគារជាច្រើននៅទីក្រុងសាកលវិទ្យាល័យគ្មានសមត្ថភាពក្នុងការទប់ទល់នឹងរញ្ជួយដីបាននាំឲ្យភ្នាក់ងារស៊ីវិលចាំការពារ បានផ្តល់ ជាប្រាក់ជិត ១ កោដិអឺរ៉ូ (១,២ កោដិដុល្លារ) សម្រាប់ការដំឡើង និងកែកុនសំណង់អគារនៅតំបន់ដែលឧស្សាហ៍មានរញ្ជួយដីទាំងនោះ។
ប៉ុន្តែពុំសូវជាមាន អ្នកទទួលយកទឹកប្រាក់នេះទេ។ អ្នកជំនាញដាក់កំហុសទៅលើការិយាធិបតេយ្យ ប៉ុន្តែមនុស្សមួយចំនួនយល់ថា អ្នកភូមិដែលមានគំនិតឯករាជ្យ នៅតែស្វែងរកវិធីសាស្ត្រដែលថោកបំផុតដើម្បីធ្វើការកែកុនលំនៅឋានរបស់ពួកគេបើទោះជាមានហានិភ័យយ៉ាងណាក៏ដោយ។
ប្រជាពលរដ្ឋអ៊ីតាលីជាង ៤០ ភាគរយ ដែលស្មើនឹង ២៤ លាននាក់ រស់នៅតំបន់ដែលងាយនឹងទទួលគ្រោះរញ្ជួយដី ហើយហានិភ័យនេះ គឺជាប្រធានបទមួយដែលបញ្ញវ័ន្តនៅក្នុងប្រទេសបានជជែកវែកញែកអស់រយៈពេលរាប់សតវត្សរ៍មកហើយ។
កាលពីសតវត្សរ៍ទី ១ ទីប្រឹក្សារបស់ស្តេច Vespasian ដែលមានឈ្មោះថា Pliny the elder បានធ្វើការណែនាំពីរបៀបសាងសង់អគារដែលអាចតទល់នឹងរញ្ជួយដី។
ហើយជញ្ជាំងក្រាស់ៗ និងសសរថ្មដែលមាននៅក្នុងអគារការពារនឹងរញ្ជួយដីជាច្រើនក្នុងសម័យបច្ចុប្បន្ន ក៏មាននៅក្នុងគម្រោងរបស់ស្ថាបត្យករជំនាន់ Renaissance លោក Pirro Ligorio នៅចុងសតវត្សរ៍ទី១៦ បន្ទាប់ពីប៉ែកខាងត្បូងនៃប្រទេសអ៊ីតាលី ត្រូវបានបំផ្លាញដោយគ្រោះរញ្ជួយដីដែលបានធ្វើឲ្យស្លាប់ មនុស្សជាង ២ ពាន់នាក់នោះ៕
Angus MacKinnon និង Ljubomir Milasin


