ភ្នំពេញ៖ គ្រូបង្រៀន និងមន្ត្រីបម្រើការក្រោមឱវាទក្រសួងអប់រំ ចំនួន ៥ នាក់ត្រូវអង្គភាពប្រឆាំងអំពើពុករលួយកោះហៅមកសាកសួរពាក់ព័ន្ធនឹងភាពមិនប្រក្រតីក្នុងការអនុវត្តតួនាទី និងការទទួលប្រាក់ពីបេក្ខជនក្នុងសម័យប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិកាលពីថ្ងៃទី ២២ ខែសីហា ឆ្នាំ២០១៦។
កាលពីថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៦ អង្កភាពប្រឆាំងអំពើពុករលួយបានចេញលិខិតកោះហៅគ្រូបង្រៀនចំនួនពីរនាក់ និងមន្ត្រីបម្រើការនៅនាយករដ្ឋរបស់ក្រសួងអប់រំចំនួនពីរនាក់ឲ្យចូលបំភ្លឺនៅអង្គភាពប្រឆាំងអំពើពុករលួយនាព្រឹកថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៦។ នេះបើតាមខិលិតកោះហៅចំនួនបួនដែលអង្គភាពនេះផ្សព្វផ្សាយតាមប្រព័ន្ធហ្វេសប៊ុករបស់ខ្លួន។
អ្នកទាំង ៤ ត្រូវអង្គភាពប្រឆាំងអំពើពុករលួយកោះហៅឲ្យបំភ្លឺទាក់ទងនឹងភាពមិនប្រក្រតីក្នុងការអនុវត្តតួនាទីក្នុងពេលប្រឡងបាក់ឌុប និងក្នុងពេលកែវិញ្ញាសារប្រឡង។ នេះបើតាមលិខិតកោះដដែល។
ក្នុងលិខិតកោះទាំងបួនមានពីរនាក់ជាគ្រូបង្រៀនគឺអ្នកស្រី ចាំង ចាន់ហួត បង្រៀននៅវិទ្យាល័យហ៊ុន សែន ប៊ុនរានី ផ្សារដើមថ្កូវ និងម្នាក់ទៀតគឺ អ្នកស្រី យី ស្រីង៉ែត បង្រៀននៅវិទ្យាល័យ ទួលស្វាយព្រៃ ក្នុងរាជធានីភ្នំពេញ។
ដោយឡែកមន្ត្រីពីរនាក់ទៀត គឺ លោក ជីវ រដ្ឋា អគ្គនាយករង នៃអគ្គនាយកដ្ឋានយុវជន និងលោក ប៉ូវ វី អនុប្រធាននាយកដ្ឋាននីតិកម្មនៃក្រសួងអប់រំ។
អ្នកគ្រូ ហ៊ន មុនីលក្ខស្ម៊ី ដែលបង្រៀននៅវិទ្យាល័យទួលអំពិលរាជធានីភ្នំពេញនោះត្រូវអង្គភាពនេះបានកោះហៅ និងបានចូលខ្លួនបំភ្លឺនៅ អង្គភាពតាំងពីថ្ងៃទី២៩ ខែសីហា ពាក់ព័ន្ធនឹងការទទួលប្រាក់ពីបេក្ខជនប្រឡងបាក់ឌុប។ នេះបើតាមលិខិតកោះហៅចេញកាលពីថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៦។
ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ លោក ឱម យ៉ិនទៀង ប្រាប់ភ្នំពេញប៉ុស្តិ៍កាលពីម្សិលមិញថា អង្គភាពបានកោះហៅអ្នកទាំងនោះមែន ដោយថាអ្នកទាំងនោះជាប់សង្ស័យថា បានប្រព្រឹត្តិខុសពីបទបញ្ញតិរបស់ក្រសួងអប់រំ និងមានការសង្ស័យថា ប្រព្រឹត្តទង្វើល្មើសច្បាប់ទៀតផង តែលោកបដិសេធនិយាយលម្អិតពីរឿងនេះ។
លោកបន្ថែមថា៖ «ហើយសកម្មភាពខ្លះយើងសង្ស័យថាពាក់ព័ន្ធនឹងបញ្ហាការល្មើសច្បាប់ទៀតផង ត្រង់ពាក់ព័ន្ធលើបញ្ហាអ្វីយើងខ្ញុំមិនអាចនិយាយលំអិតបានទេ»។
ទាក់ទងនឹងករណីដែលអង្គភាពសង្ស័យថាមានអ្នកគ្រូម្នាក់ដែលបង្រៀននៅវិទ្យាល័យទួលអំពិល បាន ទទួលប្រាក់ពីបេក្ខជនប្រឡងបាក់ឌុបនោះ លោកឱម យ៉ិនទៀង ក៏សុំមិនធ្វើអត្ថាធិប្បាយដូចគ្នា។ លោកបន្ថែមថា៖ «យើងខ្ញុំកំពុងធ្វើការប្អូន យើងខ្ញុំអត់អាចនិយាយអ្វីបានលើសពីហ្នឹងទេ»។
មិនអាចរកការទាក់ទងអ្នកទាំងបួនបានទេកាលពីម្សិលមិញ។
អ្នកនាំពាក្យក្រសួងអប់រំ លោក រស់ សាលីន មានប្រសាសន៍ថា តាមការសង្កេតរបស់ក្រសួង លោកថាមេប្រយោគ ក៏ដូចជាមន្ត្រីអប់រំ ផ្សេងទៀតបានអនុវត្តតាមការណែនាំរបស់ក្រសួង។
លោកបន្តថា អ្នកទាំងនោះក៏បានសហការណ៍ល្អជាមួយមន្ត្រីពាក់ព័ន្ធផ្សេងទៀតដែលចូលរួមអង្កេតការប្រឡង។
លោកបន្ថែមថា៖ «ចំពោះករណីនេះ ខ្ញុំមិនដឹងថាវាជារឿងចេតនា ឬក៏អចេតនារបស់គាត់ទេ ដែលបានធ្វើឲ្យខុសនឹងបញ្ញតិរបស់ក្រសួង…ទោះយ៉ាងណាមន្ត្រី (ក្រសួង) បានគោរពច្បាប់ និងបទបញ្ញតិ ហើយថែមទាំងមានការសាទរពីសាធារណជនផងដែរ»។
ទាក់ទងករណីអ្នកទាំងប្រាំលោក រស់ សាលីន ជំរុញឲ្យចូលខ្លួនទៅបំភ្លឺនៅអង្គភាពប្រឆាំងអំពើពុករលួយ ដើម្បីថាពួកគេបានធ្វើអ្វីខ្លះ និងថាពួកគេជាមនុស្សស្អាតស្អំឬយ៉ាងណា។
លោកបន្តថា៖ «យើងត្រូវការភាពច្បាស់លាស់រវាងគ្នានិងគ្នា ហើយអ្វីៗនឹងអាចចប់…ខ្ញុំគិតថាករណីនេះប្រហែលជាមិនធ្ងន់ធ្ងរទេ»៕


