ក្រុងសឺវីលល៍: ក្រុម Bayern Munich បានបោះជំហានឆ្ពោះទៅកាន់វគ្គ ៤ ក្រុមចុងក្រោយនៃក្របខ័ណ្ឌ Champions League ខណៈដែលគ្រាប់បាល់តែតបញ្ចូលទីរបស់ខ្សែបម្រើ Thiago Alcantara បានជួយឲ្យពួកគេដណ្តើមបានជ័យជម្នះក្នុងលទ្ធផល ២-១ នៅលើទឹកដីក្រុម Sevilla កាលពីថ្ងៃអង្គារ ក្នុងការប្រកួតជើងទី ១ នៃវគ្គ៨ក្រុមចុងក្រោយរបស់ពួកគេ ក្នុងប្រទេសអេស្ប៉ាញ។
Sevilla បានទម្លាក់ក្រុម Manchester United ក្នុងវគ្គ ១៦ ក្រុមចុងក្រោយ ហើយលទ្ធផលដ៏គួរឲ្យភ្ញាក់ផ្អើលមួយផ្សេងទៀត ហាក់ដូចជា ត្រូវកើតឡើងទៅហើយ នៅពេលដែលខ្សែប្រយុទ្ធ Pablo Sarabia បានរកគ្រាប់បាល់បញ្ចូលទីក្នុងតង់ទី ១ នាកីឡដ្ឋាន Ramon Sanchez Pizjuan។
ប៉ុន្តែ បទពិសោធ និងសំណាងរបស់ក្រុម Bayern បានក្លាយជាចំណុចកាត់សេចក្តី ខណៈដែល Jesus Navas បានធ្វើឲ្យបាល់ចូលទីខ្លួនឯង ក្រោយពីការបញ្ជូនបាល់ឆ្លងរបស់ខ្សែបម្រើស្លាបជើងចាស់ Franck Ribery នៅមុនពេល Thiago រកបានគ្រាប់បាល់ ឈ្នះក្នុងតង់ទី ២។
លទ្ធផលនេះ នឹងធ្វើឲ្យក្រុម Sevilla ប្រឈមមុខនឹងការងារដ៏លំបាកក្នុងការឈ្នះកៅអីទៅវគ្គបន្ត។
ក្រុមរបស់អេស្ប៉ាញមួយនេះ នឹងត្រូវតែស៊ុតបាល់បញ្ចូលទីឲ្យបានយ៉ាងហោចណាស់ ២ គ្រាប់ក្នុងការប្រកួតជើងតិ២ នៅសប្តាហ៍ក្រោយ នាកីឡដ្ឋាន Allianz Arena ដើម្បីមានក្តីសង្ឃឹមនៃការឈានទៅវគ្គ៤ក្រុមចុងក្រោយ៕ IS



