បុរីញូវយ៉ក: ប្រធានក្រុមប្រឹក្សាសន្តិសុខរបស់អ.ស.ប.បានឲ្យដឹងកាលពីថ្ងៃចន្ទថា ក្រុមអាជ្ញាធរមីយ៉ាន់ម៉ា បានយល់ព្រមឲ្យមានការបំពេញទស្សនកិច្ចធ្វើឡើងដោយក្រុមប្រឹក្សាសន្តិសុខរបស់អង្គការសហប្រជាជាតិ (UNSC) បន្ទាប់ពីការជំទាស់យ៉ាងស្វិតស្វាញអស់រយៈពេលជាច្រើនខែកន្លងមក ប៉ុន្តែនៅតែមិនទាន់ច្បាស់លាស់អំពីលទ្ធភាពនៃការអនុញ្ញាតឲ្យក្រុមអគ្គរដ្ឋទូតធ្វើដំណើរទស្សនកិច្ចនៅក្នុងតំបន់នៃរដ្ឋរ៉ាក់ឃីន។
ក្រុមជនរ៉ូហ៊ីងយ៉ាជិត ៧០ ម៉ឺននាក់ ត្រូវបានបណ្តាលឲ្យរត់ភៀសខ្លួនចេញពីរដ្ឋរ៉ាក់ឃីននិងកំពុងរស់នៅក្នុងជំរំជនភៀសខ្លួន ដែលមានមនុស្សរស់នៅកកកុញនៅក្នុងទឹកដីបង់ក្លាដែសចាប់តាំងពីមាន ប្រតិបត្តិការយោធាមីយ៉ាន់ម៉ាមួយនៅក្នុងខែសីហាឆ្នាំទៅ។
បន្ទាប់ពីក្រុមប្រឹក្សានេះ បានស្នើសុំធ្វើទស្សនកិច្ចមួយនៅក្នុងខែកុម្ភៈ រដ្ឋាភិបាលមីយ៉ាន់ម៉ា បាននិយាយថា វាមិនមែនជាពេលវេលាដ៏សមស្របនោះឡើយ» ប៉ុន្តែ ពេលនេះ រដ្ឋាភិបាលបានឲ្យសញ្ញាភ្លើងខៀវ។
អគ្គរដ្ឋទូតប៉េរូ លោក Gustavo Meza-Cuadra ដែលកំពុងកាន់តំណែងជាប្រធានក្រុមប្រឹក្សាសន្តិសុខវិលជុំរបស់ក្រុមប្រឹក្សាសន្តិសុខ បានថ្លែងថា ព័ត៌មានអំពីដំណើរទស្សនកិច្ចនេះ មិនទាន់បានសម្រេចនៅឡើយមកទល់ពេលនេះ រួមទាំងលទ្ធភាពដែលរដ្ឋាភិបាលនឹងអនុញ្ញាតឲ្យក្រុមប្រឹក្សាសន្តិសុខធ្វើទស្សនកិច្ចទៅកាន់រដ្ឋរ៉ាក់ឃីន។
លោក Meza-Cuadra ថ្លែងថា៖ «ពីមុនយើងមានចំណាប់អារម្មណ៍ចំពោះរដ្ឋរ៉ាក់ឃីន»។ «គ្មានអ្វីមួយ ដែលល្អប្រសើរជាងដំណើរទស្សនកិច្ចដោយផ្ទាល់ទៅមើលទិដ្ឋភាពនានាក្នុងរដ្ឋនេះឡើយ»៕


