សៀមរាបៈ មន្ត្រីយោធាវរៈការពារដែនអាកាសម្នាក់បានពុលត្រីក្រពតហើយស្លាប់ ខណៈកំពុងបញ្ជូនទៅកាន់មន្ទីរពេទ្យខេត្តសៀមរាប។ នេះបើតាម មន្ត្រីនគរបាលមូលដ្ឋានកាលពីម្សិលមិញ។
លោក នឹម សារ៉ាត់ អធិការរងស្រុកពួកបានប្រាប់ភ្នំពេញ-ប៉ុស្តិ៍ថា លោកអនុសេនីយ៍ឯក សៅ គឹមលី អាយុ ៤៤ ឆ្នាំបម្រើការងារនៅអង្គភាពយោធាវរៈការពារដែនអាកាសទទួលបន្ទុកផ្នែកភ័ស្ដុភារបានស្លាប់កាលពីយប់ថ្ងៃចន្ទ បន្ទាប់ពីគាត់ និងអ្នកភូមិ ៧ នាក់ផ្សេងទៀតបាននាំគ្នាហូបត្រីក្រពតដែលពួកគាត់ចាប់បានពីបឹងបារាយណ៍។
លោកបានបន្តថា តាមការបំភ្លឺពីស្ត្រីជាភរិយារបស់ជនរងគ្រោះ ក្រោយពីបរិភោគសម្លត្រីក្រពតរួច គាត់មានអាការក្អួតចង្អោរ និងល្ហិតល្ហៃដៃជើង ប៉ុន្តែគាត់មិនចាប់អារម្មណ៍រឿងពុលត្រីក្រពតនោះទេ គឺគាត់គិតថាស្រវឹងស្រាបៀរ ព្រោះគាត់បានផឹកស្រាបៀរក្រោនអស់ ២-៣ កំប៉ុងដែរ។
លោក សារ៉ាត់ បានបញ្ជាក់ថា៖ «ក្រោយពីមានអាការក្អួតចង្អោរ ប្រពន្ធគាត់បានឆុងតែក្ដៅក្រូចឆ្មារដាក់ស្ករសឲ្យគាត់ពិសា និងបានកោសជប់ខ្យល់ឲ្យគាត់ ប៉ុន្តែនៅតែមិនធូរស្បើយឡើយ។ បន្ទាប់មកប្រពន្ធគាត់បានបញ្ជូនគាត់ទៅមន្ទីរពេទ្យបង្អែកស្រុកពួកដើម្បីពិនិត្យព្យាបាល។ ដោយសារស្ថានភាពធ្ងន់ធ្ងរពេកក្រុមគ្រូពេទ្យបង្អែកក៏បានបញ្ជូនគាត់ទៅកាន់មន្ទីរពេទ្យខេត្តសៀមរាប ហើយគាត់ក៏បានស្លាប់នៅពាក់កណ្ដាលផ្លូវតែម្ដង»។
ចំណែកលោកវេជ្ជបណ្ឌិត អិត ឆរ័ត្ន អនុប្រធានមន្ទីរពេទ្យខេត្តសៀមរាបដែលបានចូលរួមពិនិត្យសាកសពជនរងគ្រោះបានអះអាងថា ជនរងគ្រោះស្លាប់ដោយសារពុលត្រីក្រពត ព្រោះពុំមានស្លាកស្នាមអ្វីផ្សេងទៀតគួរឲ្យសង្ស័យលើអំពើឃាតកម្មនោះទេហើយក៏គ្មានប្រវត្តិជំងឺធ្ងន់ធ្ងរ និងរ៉ាំរ៉ៃដែរ។ ម្យ៉ាងទៀតអ្នកភូមិ ៧ នាក់ផ្សេងទៀតក្នុងនោះមានម្នាក់ឈ្មោះ គី ង៉ា អាយុ ២៥ ឆ្នាំ ក៏មានស្ថានភាពធ្ងន់ធ្ងរផងដែរដែលមកទល់ល្ងាចថ្ងៃអង្គារ [ម្សិលមិញ] នេះនៅមិនទាន់មានអាការល្អប្រសើរឡើងវិញនៅឡើយទេ។
លោកបានបញ្ជាក់ថា៖ «តាមការសន្និដ្ឋាន គាត់ពិតជាស្លាប់ដោយសារពុលត្រីក្រពតគឺគាត់អាចបរិភោគវាច្រើនជាងគេ។ ចំណែកជនរងគ្រោះផ្សេងទៀតគឺពួកគាត់ហូបតិចទើបជាតិពុលតិចដែលអាចឲ្យក្រុមគ្រូពេទ្យយើងជួយសង្គ្រោះបានទាន់ពេល»។
កន្លងមកក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ព្រមទាំងក្រសួងសុខាភិបាលធ្លាប់បានចេញសេចក្ដីជូនដំណឹងអំពីគ្រោះថ្នាក់នៃការបរិភោគត្រីក្រពត ព្រោះត្រីប្រភេទនេះមានផ្ទុកសារធាតុគីមីពុលម្យ៉ាងដែលអាចបង្កឲ្យអ្នកបរិភោគវាស្លាប់បាន៕


