ក្រុងបាងកកៈ រណសិរ្សរួបរួមដើម្បីលទ្ធិប្រជាធិបតេយ្យប្រឆាំងអំណាចផ្តាច់ការ (UDD) របស់ក្រុមអាវក្រហមបានធ្វើការអំពាវនាវឲ្យក្រុមព្រះរាជអាជ្ញាបង្កើនល្បឿនស៊ើបអង្កេតលើការស្លាប់របស់ក្រុមអ្នកតវ៉ាអាវក្រហមនៅក្នុងអំឡុងការប៉ះទង្គិចរបស់ពួកគេជាមួយយោធាកាលពីឆ្នាំ ២០១០។
លោក Ongart Khamthong ជាមេធាវីម្នាក់សម្រាប់ក្រុមអាវក្រហមបានដាក់ញត្តិមួយទៅការិយាល័យរបស់អគ្គមេធាវី (OAG) កាលពីថ្ងៃព្រហស្បតិ៍ ដោយបានស្វះស្វែងរកយុត្តិធម៌ជូនក្រុមគ្រួសារនិងមិត្តភក្តិរបស់ក្រុមអ្នកតវ៉ាដែលបាត់បង់ជីវិតនៅក្នុងអំពើហិង្សាចន្លោះខែមេសា និងឧសភា ឆ្នាំ ២០១០។
លិខិតចំហនោះ ក៏បានសម្តែងការជំទាស់ចំពោះកិច្ចប្រឹងប្រែងបញ្ចប់ការស៊ើបអង្កេតទៅលើការស្លាប់របស់ក្រុមជនរងគ្រោះ ដោយបានស្នើថា សំណុំរឿងចំនួន ៩៨ ករណី នឹងដំណើរការ ដើម្បីស្វែងរកការពិតជុំវិញការស្លាប់ទាំងនោះជាលើកដំបូង។
លោក Ongart បានថ្លែងថាសំណើនោះ ត្រូវបានលើកឡើងដោយរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយថា ការស៊ើបអង្កេតលើ ការស្លាប់ទាំងនោះ នឹងត្រូវព្យួរ ខណៈការស៊ើបអង្កេតលើការស្លាប់ជាង ៧០ ករណី មិនទាន់ដំណើរការនោះ៕


