អាមេរិកៈ ស៊ុតអាចនឹងមានតម្លៃកាន់តែថ្លៃ ខណៈរដ្ឋកាលីហ្វ័រនីញ៉ា បានចាត់វិធានការដើម្បីធានាថា កសិដ្ឋានចិញ្ចឹមមាន់ត្រូវមានទីធ្លាគ្រប់គ្រាន់ ដើម្បីឲ្យបក្សីទាំងនោះអាចក្រាបពង ងើបឡើងត្រដាងស្លាប ព្រមទាំងដើរលេងនៅជុំវិញបរិវេណទាំងនោះបាន។
កសិករទូទាំងប្រទេស ដែលមានបំណងបន្តលក់ស៊ុតមាន់នៅក្នុងរដ្ឋដែលមានប្រជាប្រិយភាពជាងគេនៅអាមេរិកមួយនេះ កំពុងងាកមកគោរពច្បាប់ថ្មីនេះ ដែលនឹងចូលជាធរមាននៅខែក្រោយ ដោយតម្រូវឲ្យកសិករសាងសង់ទ្រុងធំទូលាយជាងមុន។ កសិករទាំងនោះ ត្រូវសាងសង់កសិដ្ឋានចិញ្ចឹមមាន់បន្ថែម ឬកសិដ្ឋានដែលមានចិញ្ចឹមបក្សីតិចជាងមុន ដោយកត្តាទាំងនេះនឹងបង្កើនថ្លៃដើមរបស់ពួកគេ។
តម្លៃស៊ុតលក់ដុំ មានកម្រិតជាមធ្យម ២,២៧ ដុល្លារសម្រាប់ស៊ុតចំនួន ១២ គ្រាប់នៅទូទាំងប្រទេស កើនឡើង ៣៤ ភាគរយធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ដោយសារច្បាប់ថ្មីនេះ ការចំណាយរបស់ពលរដ្ឋនៅរដ្ឋកាលីហ្វ័រនីញ៉ា អាចនឹងកើនឡើង ២០ ភាគរយលើស៊ុតក្នុងរយៈពេលបីទៅ ៦ ខែ។ នេះបើយោងតាមលោក Dermot J.Hayes សាស្ត្រាចារ្យកសិពាណិជ្ជកម្មប្រចាំសាកលវិទ្យាល័យ Iowa State នៅរដ្ឋ Ames ហើយពលរដ្ឋនៅតាមបណ្តារដ្ឋផ្សេងទៀតនៅអាមេរិក ក៏នឹងប្រឈមកំណើនថ្លៃនេះផងដែរ។
លោក Scott Ramsdell ម្ចាស់ក្រុមហ៊ុន Dakota Layers LLP នៅទីក្រុង Flandreau ក្នុងរដ្ឋ South Dakota ថ្លែងថា៖ «អ្នកនឹងឃើញកំណើនតម្លៃស៊ុតខ្ពស់នៅ ខែមករា ខាងមុខនេះ»។
រដ្ឋកាលីហ្វ័រនីញ៉ា នាំចូលស៊ុតជាង ៣០ ភាគរយនៃស៊ុតរបស់ខ្លួនពីបណ្តារដ្ឋផ្សេង។ នាយកដ្ឋានច្បាប់ចំណីអាហារ និងកសិកម្មរបស់ រដ្ឋកាលីហ្វ័រនីញ៉ា បានឲ្យដឹងថា ទ្រុងដាក់មាន់ចំនួន ៩ ក្បាល ឬច្រើនជាងនេះ ដែលអាចផលិតស៊ុតបាន ដែលដាក់លក់នៅ រដ្ឋកាលីហ្វ័រនីញ៉ា ត្រូវការទីធ្លាយ៉ាងហោចណាស់ទំហំ ៧៤៨ ម៉ែត្រការ៉េ សម្រាប់មាន់មួយក្បាល ពោលគឺកើន ៧៣ ភាគរយធៀបនឹងស្តង់ដារទីធ្លានាបច្ចុប្បន្ន។
រដ្ឋកាលីហ្វ័រនីញ៉ា អនុម័តកម្មវិធី Proposition 2 កាលពី ឆ្នាំ២០០៨ ដោយស្នើឲ្យមាន់ក្រាបពងមានទីធ្លាសម្រាប់ធ្វើចលនា។ បន្ទាប់មកច្បាប់ Assembly Bill 1437 ត្រូវបានអនុម័ត ដោយអនុវត្តចំពោះស៊ុតទាំងអស់ដែលដាក់លក់តាមធ្នើរលក់ទំនិញនៅក្នុងរដ្ឋមួយនេះ។ ច្បាប់ទាំងនេះ នឹងចូលជាធរមាននៅថ្ងៃ ទី១ ខែមករា ហើយពុំអនុវត្តចំពោះប្រភេទស៊ុតរាវដាក់ក្នុងកំប៉ុង ឬសត្វមាន់សម្រាប់លក់យកសាច់នោះទេ។
នៅ ខែតុលា មានមាន់ពងចំនួន ៣០២,៦ លានក្បាលនៅអាមេរិក នេះបើយោងតាមទិន្នន័យរបស់រដ្ឋាភិបាលនា ពេលថ្មីៗនេះ។ ដើម្បីអនុវត្តតាមច្បាប់របស់ រដ្ឋកាលីហ្វ័រនីញ៉ា កសិករមួយចំនួន កំពុងជ្រើសរើសមាន់ពង ដែលមានរូបរាងតូចជាងមុន ជំនួសឲ្យការចំណាយប្រាក់ច្រើនលើការទិញទ្រុងថ្មី នេះបើយោងតាមលោក Ramsdell។
លោកព្យាករថា យ៉ាងហោចណាស់មានមាន់ ១០ លានក្បាល នឹងត្រូវបានជ្រើសរើសនៅចុងឆ្នាំនេះ៕


