ភ្នំពេញៈ ជីវភាពរស់នៅរបស់ប្រជាជនដែលរស់នៅក្នុងអគារប៊ុលឌិង រួមទាំងអ្នកអាស្រ័យផលពីទីតាំងអគារកំពុងបង្ហាញពីការផ្លាស់ប្តូរ ខណៈពួកគេនឹងផ្លាស់ទៅនៅទីតាំងថ្មី ឬទៅជួលកន្លែងថ្មីដែលមានតម្លៃថ្លៃ។
អគារទ្រុឌទ្រោមប៊ុលឌិង ឬ គេហៅថា អគារស នេះ ត្រូវបានក្រុមហ៊ុនជប៉ុន Arakawa Co ទិញយកក្រោមការសម្របសម្រួលដោយក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ របស់លោកជា សុផារ៉ា។
អគារសនេះនឹងដាក់ជំនួសមកវិញនូវអគារកម្ពស់១២ជាន់របស់វិនិយោគិនជប៉ុន។ ដោយសារតែវាប្រឈមនឹងហានិភ័យពីសំណង់ដ៏ទ្រុឌទ្រោមនេះអ្នករស់នៅក្នុងអគារនេះ៤៩៣គ្រួសារបានលក់លំនៅឋានរបស់ខ្លួនក្នុងតម្លៃ ១ ៤០០ ដុល្លារក្នុងមួយម៉ែត្រការ៉េ។
អ្នកស្រី នាង អាយុ ៣៧ ឆ្នាំឈរនៅកាច់ជ្រុងអគារប៊ុលឌិង កំពុងឈរមើលសម្ភារផ្ទះអ្នកស្រីដែលកំពុងត្រូវបានរើដាក់លើឡានដឹកទំនិញដើម្បីផ្លាស់ទៅទីតាំងថ្មី។ នៅទីនេះអ្នកស្រីប្រកបរបរលក់ចាប់ហ៊ួយ។ អ្នកស្រីបានឲ្យដឹងថា មិនដឹងជាត្រូវបើកមុខរបរអ្វីទៅនៅពេលទៅកន្លែងថ្មី ដោយសារវាមិនមែនជាតំបន់រកស៊ី។
អ្នកស្រីឲ្យដឹងថា នៅទីនេះយ៉ាងហោចណាស់រកបានចំណូល ៣០ ដុល្លារក្នុងមួយថ្ងៃ។
អ្នកស្រីថ្លែងថា៖ «វាពិបាកសម្រាប់ខ្ញុំក្នុងការរើចេញទៅទីតាំងផ្សេងទៀត នៅទីនេះខ្ញុំអាចប្រកបរបរបាន ប៉ុន្តែខ្ញុំគ្មានជម្រើសនោះទេ»។ អ្នកស្រីរស់នៅអគារប៊ុឌិងនេះចាប់តាំងពីឆ្នាំ១៩៩៣ ហើយបានចាប់ផ្ដើមអាជីវកម្មខ្នាតតូចរបស់អ្នកស្រីអស់រយៈពេលជិត១០ឆ្នាំហើយ។
អ្នកស្រីថ្លែងថា៖«ចេញពីទីក្រុងទៅជាយក្រុងមានភាពស្ងប់ស្ងាត់ ខ្ញុំមិនដឹងថា ខ្ញុំអាចរស់នៅបានជាមួយនឹងប្រាក់សំណងនេះបានយូរប៉ុណ្ណាទេ»។ អ្នកស្រី នាង ទទួលបានប្រាក់សំណងចំនួន៤៩ ០០០ដុល្លារ។
អ្នកស្រី ហេង គីមហុង អាយុ ៥៦ ឆ្នាំ ដែលមានផ្ទះជាន់លើ និងបានជួលផ្ទះជាន់ផ្ទាល់ដីបើកហាងគុយទាវអស់រយៈពេលជាច្រើនឆ្នាំមកហើយនោះបានឲ្យដឹងថា អ្នកស្រីសប្បាយចិត្តចាកចេញពីអគារមានមនុស្សច្រើននេះ។ ហេង គីមហុង បានទៅទិញផ្ទះល្វែងនៅចាក់អង្រែក្រោមតម្លៃ ៥៥ ០០០ ដុល្លារ ដោយបន្ថែមលុយ ១៥ ០០០ ដុល្លារពីលុយបានពីសំណងនេះ។
អ្នកស្រីថ្លែងថា៖ «ខ្ញុំសប្បាយចិត្តក្នុងការរើចេញទៅទីនោះ ដោយសារតែខ្ញុំចង់រស់នៅក្នុងផ្ទះល្វែង»។
ហេង គីមហុង ជួលទីតាំងបើកលក់គុយទាវ ក្នុងតម្លៃ២៥០ដុល្លារ ក្នុងខែ និងរកចំណូលបានចន្លោះពី ១ ៨០០ ទៅ ២ ៥០០ដុល្លារក្នុង១ខែ។ ហេង គីមហុង ថានឹងបន្តមុខរបរដដែលនេះនៅទីតាំងថ្មី ទោះបីមិនមែនជាទីប្រជំជនក៏ដោយ។
វាជាទីតាំងសកម្មមួយសម្រាប់អាជីវកម្មខ្នាតតូច និងលក្ខណៈគ្រួសារ ហើយអ្នកដែលរស់អាស្រ័យផលពីទីតាំងនេះ ក៏នឹងត្រូវប៉ះពាល់រយៈពេលខ្លីផងដែរពីការរើទីតាំងនេះ។
អ្នកស្រី សេង សុខចេង ដែលបានជួលបើកលក់គ្រឿងទេសនៅជាន់ផ្ទាល់ដីបានឲ្យដឹងថា អ្នកស្រីនឹងទៅជួលផ្ទះនៅក្បែរផ្សារទំនើបអ៊ីអនក្នុងតម្លៃជួល៥០០ដុល្លារក្នុងមួយខែប៉ុន្តែអ្នកស្រីមិនមានទំនុកចិត្តថានឹងអាចរកប្រាក់ចំណេញបាន ឬអាចរ៉ាប់រងលើថ្លៃជួលបានឬ យ៉ាងណានោះទេ។
អ្នកស្រីថ្លែងថា៖ «តើខ្ញុំអាចរកប្រាក់ចំណេញ ឬ អាចរ៉ាប់រងលើតម្លៃជួលផ្ទះបានឬអត់នោះទេ? អ្នកស្រីបន្ថែមថា បច្ចុប្បន្នអ្នកស្រីអាចរកចំណូល និងសល់ពីការចំណាយយ៉ាងហោចណាស់១៥ដុល្លារក្នុងមួយថ្ងៃ។
ធុច លកិ្ខណា ដែលបានជួលបើកហាងសម្អាងនៅនឹងផ្ទះជាន់ផ្ទាល់ដីក្នុងអគារប៊ុលឌិងនេះដែរ ហើយកំពុងលើកអីវ៉ាន់ដាក់ម៉ូតូរ៉ឺមក និងបានឲ្យថា ដឹងថា គាត់នឹងប្តូរទៅនៅខេត្តតាកែវវិញ។
ធុច លកិ្ខណាបានថ្លែងថា៖«ខ្ញុំចង់រើទៅខេត្តតាកែវ ស្រុកកំណើតរបស់ខ្ញុំ ទោះបីជាខ្ញុំមិនចង់រើចេញក៏ដោយ ប៉ុន្តែខ្ញុំមិនអាចមានលទ្ធភាពទៅជួលទីតាំងផ្សេងក្នុងក្រុងដែលថោកដូចកន្លែងនេះទេ »។
បច្ចុប្បន្ននេះ លកិ្ខណាបានជួលទីតាំងហាងសម្អាងនៅអគារប៊ុលឌិងក្នុងតម្លៃ៣០០ដុល្លារក្នុងមួយខែ៕ LA


