ភ្នំពេញៈ អតីតសមាជិកព្រឹទ្ធសភានៃអតីតបក្សប្រឆាំង លោក សោ ចាន់ដេត ដែលរងការចោទថា បានប្រមាថដល់អាយុជីវិត លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អះអាងថា លោកមិនបានវាយប្រហារសំដៅលើអាយុជីវិតមេដឹកនាំរូបនេះទេគឺលោកគ្រាន់តែវាយប្រហារទៅលើជីវិតនយោបាយរបស់លោកនាយករដ្ឋមន្ត្រីតែប៉ុណ្ណោះ។
ប្រាប់ភ្នំពេញប៉ុស្តិ៍ តាមទូរស័ព្ទ ពីប្រទេស កាណាដា ពីម្សិលមិញ លោក សោ ចាន់ដេត បានថ្លែងថា ពាក្យពេចន៍របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលបានឲ្យមេធាវីរបស់លោកសិក្សាករណីប្រមាថជីវិតលោក និងទាមទារសំណងជំងឺចិត្តមិនតិចជាង ២ លានដុល្លារនោះ គឺលោក ហ៊ុន សែន សំដៅលើរូបលោក។ ទោះជាយ៉ាងណា លោកបញ្ជាក់ថាលោកមិនមានការព្រួយបារម្ភអ្វីទេចំពោះការគំរាមប្តឹងពីលោក ហ៊ុន សែន។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃទី ១៣ មីនា ក្នុងឱកាសជួបសំណេះសំណាលជាមួយកម្មករជាង ១ ម៉ឺននាក់ នៅខេត្តកោះកុង លោកបានប្រាប់ឲ្យមេធាវីរបស់លោកសិក្សាលើករណី ដែលមានការប្រមាថអាយុជីវិតរបស់លោកតាមហ្វេសប៊ុក ហើយទាមទារសំណងជំងឺចិត្តប្រមាណ ២ លានដុល្លារអាមេរិក។
ឆ្លើយតបនឹងការព្រមានប្តឹងពីលោក ហ៊ុន សែន លោក សោ ចាន់ដេត ថ្លែងថា៖ «សាររបស់ខ្ញុំកន្លងទៅមិនមែនជាការប្រមាថជីវិតអីទេ។ វាជាសារប្រៀបធៀបអាយុជីវិតនយោបាយ គឺខ្ញុំតែងតែសរសេរជាចំណុចៗដូចសារចុងក្រោយថា «គ្រោះកំបុតក» ហ្នឹង ខ្ញុំដាក់ថា ព្យុះនយោបាយ ៨ ទិសនោះខ្ញុំបានសរសេររៀបរាប់ហូរហែ រីឯចំណុចជំងឺរបស់គាត់គឺចុងក្រោយទេ»។
លោកបញ្ជាក់ថា៖ «ខ្ញុំមិនចាប់អារម្មណ៍នូវអ្វីដែលគាត់និយាយក្នុងន័យគំរាមកំហែងមកលើរូបខ្ញុំ។ ខ្ញុំដឹងថាគាត់គំរាមមកលើរូបខ្ញុំ តែខ្ញុំមិនទៅខ្វាយខ្វល់ទេព្រោះខ្ញុំគ្មានទ្រព្យសម្បត្តិកម្មសិទ្ធិអីឲ្យគាត់រឹបអូសផង។ បើមានហើយគាត់រឹបអូសក៏ខ្ញុំមិនសោកស្ដាយអីដែរ ព្រោះទ្រព្យសម្បត្តិរបស់ខ្ញុំមិនស្មើទៅនឹងទ្រព្យសម្បត្តិជាតិ ទឹកដីប្រទេសជាតិយើងដែលការដឹកនាំរបសគាត់ធ្វើឲ្យបាត់បង់ទៅប្រទេសជិតខាង»។
លោកបន្តថា លោកមិនបានយកបញ្ហាសុខភាពរបស់លោក ហ៊ុន សែន មកបរិយាយទេ ដោយសារតែបញ្ហាសុខភាពជារឿងធម្មតាសម្រាប់មនុស្សគ្រប់គ្នា គឺថាអ្នកណាក៏តែងតែឈឺ អ្នកណាក៏តែងតែស្លាប់ដែរ។
លោក ចាន់ដេត បានថ្លែងថា ការរិះគន់របស់លោកលើលោកនាយករដ្ឋមន្ត្រីមិនមែនទើបតែកើតមានពេលដែលលោកបានទៅដល់បរទេសនោះទេ គឺតាំងពីលោកនៅក្នុងស្រុកខ្មែរម្ល៉េះ៖ «ខ្ញុំចុះតាមមូលដ្ឋាន ខ្ញុំជួបប្រជាពលរដ្ឋ មានឃ្លីបវីដេអូខ្ញុំនិយាយច្រើនជាងហ្នឹង ធ្ងន់ជាងហ្នឹងទៅទៀតណោះ។ អ៊ីចឹងសុំឲ្យលោក ហ៊ុន សែន រាប់ឡើងវិញទៅ ច្រើនជាងហ្នឹងមិនមែន ៣២ ដងទេ គឺលើសនោះទៅទៀត»។
លោកថា ក្រោយពេលលោកនាយករដ្ឋមន្ត្រីបានថ្លែងពីរឿងប្តឹងផ្តល់នេះ មានមនុស្សចម្លែកទៅនៅមុខផ្ទះដែលកូនស្រីលោក ២ នាក់ស្នាក់នៅ ប៉ុន្តែផ្ទះនោះមិនមែនជាផ្ទះរបស់លោកទេ។
លោក ងួន រតនៈ អភិបាលខេត្តបាត់ដំបងមិនឆ្លើយតបនឹងសំណួរពាក់ព័ន្ធនឹងរឿងនេះទេ។ លោក គី តិច មេធាវីរបស់លោក ហ៊ុន សែន ថ្លែងថា លោកមិនទាន់អាចអត្ថាធិប្បាយករណីប្តឹងផ្ដល់រឿងនេះនៅឡើយទេ។
ពាក់ព័ន្ធនឹងបញ្ហានេះ កាលពីថ្ងៃទី ១៣ មីនា នោះដែរ ការិយាល័យអ្នកនាំពាក្យរាជរដ្ឋាភិបាលបានចេញសេចក្តីថ្លែងការណ៍ពាក់ព័ន្ធនឹងករណីប្រមាថជីវិតលោក ហ៊ុន សែន ដោយថ្លែងថាវាជាអំពើប្រឆាំងនឹងច្បាប់។
សេចក្តីថ្លែងការណ៍បានសរសេរថា៖ «រាជរដ្ឋាភិបាលមិនអនុញ្ញាតជាដាច់ខាតនូវអំពើឬសកម្មភាពដូចគោរពជម្រាបខាងលើ ត្បិតអំពើទាំងនេះជាសកម្មភាពមួយប៉ះពាល់ដល់សន្តិសុខជាតិ និងជម្រើសរបស់ប្រជាពលរដ្ឋខ្មែរ ហើយអំពើទាំងនេះមិនត្រូវបានទទួលស្គាល់ជាសិទ្ធិនយោបាយឬសេរីភាពក្នុងការបញ្ចេញយោបល់នោះឡើយ»។
ជាមួយគ្នានេះលោក ផៃ ស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជាបានបន្ថែមថា រដ្ឋាភិបាលមិនអនុញ្ញាតឲ្យមានការប្រមាថអាយុជីវិតនាយករដ្ឋមន្ត្រី ដែលកើតចេញពីការបោះឆ្នោតទេ។ លោកបានបញ្ជាក់ថា ជាទូទៅអំពើទាំងនេះកើតចេញពីក្រុមឧទ្ទាម ដែលមានបណ្ដាញចាត់តាំងជាប្រព័ន្ធ៕


