ភ្នំពេញៈ សំណើរបស់ក្រុមមេធាវីការពារក្តីរបស់លោក អោ អាន ដែលសុំមោឃភាពចំពោះការស៊ើបអង្កេត និងបទចោទប្រកាន់ដែលកើតចេញពីតំបន់ប្រហារជីវិតទួលបេងនៅទីបំផុតមិនមានឥទ្ធិពលនៅសាលាក្តីខ្មែរក្រហមទេដោយសារភាពមិនចុះសម្រុងគ្នារវាងចៅក្រមបុរេជំនុំជម្រះជាតិ និងអន្តរជាតិ។ នេះបើតាមឯកសារតុលាការដែលបានបង្ហាញជាសាធារណៈកាលពីសប្តាហ៍មុន។
សំណុំរឿងរបស់ អោ អាន ត្រូវបានកាត់ទៅក្នុងសំណុំរឿង ០០៤/០២ កាលពីសប្តាហ៍មុន ហើយគាត់ក៏ត្រូវបានចោទប្រកាន់ផងដែរពីបទឧក្រិដ្ឋកម្មផ្សេងៗប្រឆាំងនឹងមនុស្សជាតិនៅកន្លែងដទៃៗក្នុងនោះរួមមានទាំងអំពើប្រល័យពូជសាសន៍ទៅលើប្រជាជនខ្មែរអ៊ិស្លាម ។
ឯកសារដែលសំដៅទៅមេធាវីរបស់ អោ អាន និងធ្លាប់ដាក់ឈ្មោះគាត់ម្តងបានស្នើសុំឲ្យទម្លាក់ចោលបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ និងឃាតកម្មគិតទុកជាមុនពាក់ព័ន្ធនឹងតំបន់ទួលបេង។
ប៉ុន្តែពីមានការមិនឯកភាពគ្នារវាងក្រុមខាងជាតិ និងក្រុមខាងអន្តរជាតិនៅសាលាក្តីខ្មែរក្រហមបណ្ដាលឲ្យចៅក្រមមិនអាចឈានដល់សំឡេងភាគច្រើនក្នុងចំណោមបួននាក់ដើម្បីឲ្យមានការច្រានចោលបទចោទប្រកាន់ទាំងនោះទេ។
ខណៈចៅក្រមបុរេជំនុំជម្រះជាតិ ៣ នាក់ ប្រាក់ គឹមសាន លោក ន័យ ថុល និង ហួត វុទ្ធី យល់ស្របថាការស៊ើបអង្កេតចំពោះកន្លែងទាំងនោះ «ត្រូវមោឃភាព» ដោយសារ អោ អាន មិនមែនជាមេដឹកនាំជាន់ខ្ពស់ ឬ ជាមនុស្សម្នាក់ក្នុងចំណោមអ្នកទទួលខុសត្រូវបំផុតចំពោះឧក្រិដ្ឋកម្មនៃរបបនោះសមភាគីអន្តរជាតិរបស់ពួកគេ Olivier Beauvallet និង Kang Jin Baik បានអះអាងថាតំបន់ទាំងនោះ «ស្ថិតនៅក្នុងដែននៃការស៊ើបអង្កេតរបស់តុលាការ»។
ក្រុមមេធាវីការពាររបស់ អោ អាន បានអះអាងថាកន្លែងមួយចំនួនមិនត្រូវបានរួមបញ្ចូលនៅក្នុងដែននេះទេហើយហេតុដូច្នេះ «មិនមានប្រសិទ្ធភាពតាមផ្លូវច្បាប់»។
នៅក្នុងឯកសារនោះសហព្រះរាជអាជ្ញាអន្តរជាតិ Nicholas Koumjian បានជំរុញឲ្យចៅក្រមបុរេជំនុំជម្រះច្រានចោលសំណុំរបស់ អោ អាន ដោយថ្លែងថា៖ «បើសូម្បីមានការកើតមានកំហុសនីតិវិធីក្នុងកាលៈទេសៈនៃករណីនេះការធ្វើមោឃភាពនឹងមានលក្ខណៈធ្ងន់ និងមិនសមស្រប» ហើយមិនមានការរំលោភបំពានទៅលើសិទ្ធិជំនុំជម្រះយុត្តិធម៌របស់ អោ អាន ទេ៕ PS


