ភ្នំពេញ: លោក យ៉ារី លីវ៉ាន សម្លឹងជុំវិញសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈដើម្បីរំឭកការចងចាំ ខណៈដែលរោងជាងស្មូនរូប និងឡដុតសេរ៉ាមិកដែលលោកធ្លាប់ប្រើប្រាស់បាត់រូបពីបរិវេណនោះអស់ហើយ។
នេះគឺជាលើកទីមួយក្នុងរយៈពេល ១៤ ឆ្នាំចុងក្រោយដែលលោក យ៉ារី លីវ៉ាន ជាអ្នកសិល្បៈស្មូនម្នាក់ក្នុងចំណោម ៤ នាក់ដែលរស់រានមានជីវិតពីរបបខ្មែរក្រហមបានវិលត្រឡប់មកកាន់សាលាក្រហមដែលលោកធ្លាប់រៀនជំនាញសូនរូបនេះ។
រំឭកកាលពីទៅដល់ក្រុងឡូវែលដំបូងទាំងមិនចេះភាសាអង់គ្លេសនោះ លោក យ៉ារី លីវ៉ាន ដែលមានកំណើតនៅខេត្តបាត់ដំបងបែរជាទទួលបាននូវការទំនុកបម្រុងច្រើនពីសហគមន៍ខ្មែរនៅទីនោះ។
លោកនិយាយថា៖ «ពួកគេប្រកាសជាសាធារណៈថាលោក យ៉ារី មកដល់ទីនេះហើយគាត់ត្រូវការជំនួយដើម្បីបន្តកិច្ចការសិល្បៈផលិតសេរ៉ាមិក»។
លោករំឭកថា៖ «កាលនោះអ្នកខ្លះយកដីឥដ្ឋមកឲ្យខ្ញុំ និងខ្លះទៀតផ្ដល់ជំនួយជាឧបករណ៍សម្រាប់ស្មូន»។
ត្រឹមតែរយៈពេល ១ ឆ្នាំពេលដែលលោកទៅដល់ទឹកដីមហាអំណាចលោកបានក្លាយជាសិល្បករម្នាក់ត្រូវបានសាកលវិទ្យាល័យហាវើតដ៏ល្បីល្បាញអញ្ជើញឲ្យចូលរួមចែករំលែកបទពិសោធស្នាដៃបើទោះជាលោកមិនសូវចេះនិយាយភាសាអង់គ្លេសក៏ដោយ។ រយៈពេល ៣ ឆ្នាំនៅហាវើតលោកបានព្យាយាមរំឭកចងក្រងក្បូរក្បាច់រចនាប្រពៃណីខ្មែរដោយប្រើការចងចាំគួបផ្សំនឹងចំណេះដឹងពីសៀវភៅដែលលោកហោះហើរនាំមកជាមួយ។

លោកសម្គាល់ឃើញថា៖ «ថូក្បាច់រូបដំរីគឺជាវត្ថុសិល្បៈពេញនិយមបំផុតនៅអាមេរិក។ បើខ្ញុំផលិតបាន ១០០ ថូ ខ្ញុំអាចលក់វាដាច់ភ្លាមៗតែម្ដង»។
យ៉ាងណាមិញលោកសម្ដែងក្ដីបារម្ភថាក្នុងនាមជាអ្នកសិល្បៈផ្នែកស្មូនយើងចាំបាច់ត្រូវបែងចែកឲ្យច្បាស់រវាងការអភិរក្ស និងការចម្លងដោយឥតគិតមុខក្រោយ។
លោក យ៉ារី លីវ៉ាន ថ្លែងទាំងជ្រួញចិញ្ចើមថា៖ «ខ្ញុំអាចស្មូនសេរ៉ាមិកបានមួយពាន់ថូឲ្យដូចគ្នា ប៉ុន្តែខ្ញុំមើលឃើញថាសិល្បករជំនាន់នីមួយៗកាន់តែថមថយផ្នែកប្រើបច្ចេកទេស។ ពួកគេផ្ដាស់ប្ដូរចាប់យកវប្បធម៌ផ្សេងទៀតដែលមិនមែនជាខ្មែរ»។
លោកមានគម្រោងសហការ និងមិត្តភក្ដិនៅភ្នំពេញនាំចេញវត្តុសេរ៉ាមិក។ ក្រៅពីកេរ្តិ៍ឈ្មោះ និងការកោតសរសើរអ្វីដែលលោកមានមោទនភាពបំផុតនោះគឺសមិទ្ធផលឡដុតសេរ៉ាមិកគ្មានផ្សែងដែលត្រូវឆ្លងកាត់ការសាកល្បងច្រើនលើកច្រើនសានៅក្រុងឡូវែលទម្រាំបានសម្រេច។
លោក យ៉ារី លីវ៉ាន ដែលត្រូវមនុស្សម្នាចោមរោមជុំវិញឡនោះបាននិយាយថា៖ «អ្នកខ្លះមើលមកកម្ពុជាក្នុងន័យអវិជ្ជមានដូចជាការសម្លាប់ និងអំពើពុករលួយជាដើម។ ប៉ុន្តែពួកគេចង់ដាក់ស្លាកនៅលើឡដុតនោះថាជារបស់ខ្មែរ។ ខ្ញុំពិតជារំភើបណាស់ដែលពួកគេចង់បង្អួតនូវរចនាប័ទ្មរបស់ខ្មែរ។ វាបង្ហាញថាកម្ពុជាយើងក៏មានអ្វីដែលល្អដែរ»៕


