
បច្ចុប្បន្ន មានទំនិញជាច្រើនប្រភេទដាក់លក់នៅលើទីផ្សារនៃព្រះរាជាណាចក្រកម្ពុជាហើយទំនិញនាំចូលទាំងនោះកំពុងតែទាក់ទាញអតិថិជនជាពិសេសយុវវ័យយ៉ាងច្រើន។ យ៉ាងណាមិញនៅក្នុងការជ្រើសរើសទំនិញដ៏សម្បូរបែបនោះអ្វីដែលជាបញ្ហាចោទសម្រាប់អ្នកទិញនោះគឺតម្លៃដ៏សមរម្យនៅពេលដែលអ្នកលក់ទំនិញមួយចំនួនកំណត់តម្លៃទំនិញថ្លៃហួសហេតុពេក។ វាធ្វើឲ្យអ្នកទិញពិបាកតថ្លៃហើយពួកគេមានអារម្មណ៍ថាវាថ្លៃជ្រុលពេកហើយត្រូវបានអ្នកលក់កោរមិនដាក់ទឹក។
វាពិបាកតថ្លៃទំនិញក្នុងតម្លៃមួយដែលសមរម្យ។បើអ្នកទិញមិនធ្លាប់មានបទពិសោធទិញទំនិញប្រភេទនោះពីមុនមកទេតើពួកគាត់ត្រូវធ្វើដូចម្តេចទើបមិនត្រូវបានអ្នកលក់កោរ?អ្នកលក់មួយចំនួនឆ្លៀតលក់ទំនិញក្នុងតម្លៃមួយដែលខ្ពស់ខុសពីធម្មតាដែលភាសាសាមញ្ញហៅថា «កោរ»។ ដូច្នេះ អ្នកទិញត្រូវតថ្លៃមុននឹងទិញវា។ បើនិយាយពីតម្លៃនៅតាមទីផ្សារធម្មតា វាគ្មានតម្លៃថេរ ឬជាក់លាក់ណាមួយដែលត្រូវបានកំណត់នោះទេ។ បញ្ហានេះធ្វើឲ្យអ្នកទិញជួបប្រទះនូវផលវិបាកក្នុងការតថ្លៃ។
អ្នក នាង អ៊ុល ស្រីមុំ វ័យ៣៥ឆ្នាំ ដែលធ្លាប់ជួបបទពិសោធនេះបានរអ៊ូរទាំថាថ្វីដ្បិតតែអ្នកនាងតែងតែទៅផ្សារទិញទំនិញជារៀងរាល់ថ្ងៃក៏ដោយក៏គាត់នៅតែជួបផលវិបាកក្នុងការតថ្លៃជាមួយនឹងអ្នកលក់ដែរ ។ពេលខ្លះរូបគាត់មានការស្តាយក្រោយក្នុងការទិញអីវ៉ាន់មួយចំនួនដោយសារតែគាត់ខឹងថាវាមានតម្លៃថ្លៃជាងអ្នកដទៃដែលទិញនូវទំនិញដូចគ្នាប៉ុន្តែមានតម្លៃថោកជាង។
អ្នកនាង បានអះអាងថា៖ «ខ្ញុំមានបទពិសោធក្នុងការដើរទិញអីវ៉ាន់ច្រើនឆ្នាំមកហើយ។វាបានក្លាយជាការទទួលខុសត្រូវនិងការងារជាប្រចាំរបស់ខ្ញុំនៅក្នុងគ្រួសារទៅហើយ។បើសិនជាខ្ញុំទិញទំនិញដែលមានតម្លៃស្មើនឹងអ្នកដទៃចំពោះមុខទំនិញដូចគ្នា វាមិនថ្វីទេប៉ុន្តែអ្វីដែលធ្វើឲ្យខ្ញុំអន់ចិត្តនោះគឺទំនិញប្រភេទដូចគ្នាទាំងស្រុងបែរជាខ្ញុំទិញថ្លៃជាងអ្នកដទៃទៅវិញ។ វាពិតជាធ្វើឲ្យខ្ញុំអន់ចិត្ត និងមួម៉ៅណាស់នៅពេលជួបប្រទះបញ្ហាបែបនេះពីព្រោះខ្ញុំមានអារម្មណ៍ថាខ្ញុំត្រូវបានគេកោរ»។
វានៅតែជាបញ្ហាសម្រាប់តម្លៃនៃផលិតផលទូទៅនៅក្នុងទីផ្សារ។ជាការពិតយើងប្រហែលជាធ្លាប់បានឮនូវពាក្យមួយឃ្លាថា៖ «អ្នកលក់តែងតែចង់ចំណេញ រីឯអ្នកទិញតែងតែចង់ចំណាយតិចសម្រាប់ផលិតផលគុណភាពល្អ»។ ប្រយោគមួយឃ្លានេះគឺជាការពិតប៉ុន្តែអ្នកលក់ផ្ទាល់គួរតែកំណត់នូវតម្លៃមួយដែលសមរម្យនៅលើទីផ្សារសម្រាប់អ្នកទិញដោយពួកគេមិនគួរដាក់តម្លៃខ្ពស់ហួសហេតុពេកទេ។
នារីវ័យ២១ឆ្នាំម្នាក់ដែលមានចំណង់ចំណូលចិត្តដើរផ្សារហើយតែងតែចាត់ទុកថាការដើរផ្សារជាសកម្មភាពជាប្រចាំ កញ្ញា ម៉ុល ចាន់ណា បានឲ្យដឹងថា៖ «ខ្ញុំចូលចិត្តការដើរទិញអីវ៉ាន់ណាស់ ប៉ុន្តែខ្ញុំមិនចូលចិត្ដអ្នកលក់ដែលតែងតែកំណត់តម្លៃ ទំនិញខ្ពស់ៗពេកនោះទេ។ ជាក់ស្តែងខ្ញុំចង់ទិញខោមួយកាត់ថ្លៃ២២ដុល្លារ។ ដំបូងខ្ញុំស្ទាក់ស្ទើរក្នុងការទិញវា និងតថ្លៃអ្នកលក់ពីព្រោះវាហាក់បីដូចជាមានតម្លៃខ្ពស់ជាងការគិតរបស់ខ្ញុំពេក។ ខ្ញុំគិតមួយភ្លែតហើយក៏សម្រេចចិត្តថា ឲ្យថ្លៃត្រឹមតែ១៣ដុលា្លរ ដោយមិនសង្ឃឹមថា គេនឹងលក់នោះទេប៉ុន្តែអ្នកលក់បែរជាលក់ក្នុងតម្លៃនោះភ្លាម»។

កញ្ញា ចាន់ណា បានបន្ថែមថាកញ្ញាសោកស្តាយណាស់បន្ទាប់ពីបានសម្រេចចិត្តទិញនៅក្នុងតម្លៃនោះដោយសារតែកញ្ញាយល់ថាទំនិញនោះអាចមានតម្លៃថោកជាងនេះ។ ដូច្នេះការតថ្លៃរបស់កញ្ញានៅតែថ្លៃជាងតម្លៃដែលអ្នកលក់អាចលក់បានឆ្ងាយពេកដូច្នេះកញ្ញាគិតថាកញ្ញាត្រូវបានអ្នកលក់កោរដោយសារមិត្តភក្ដិទិញទំនិញតែមួយដូចគ្នាប៉ុន្តែទទួលបានតម្លៃថោកជាងកញ្ញាទិញ។
ទាក់ទងនឹងបញ្ហានេះដែរ លោក ជា ម៉ុច ប្រធានផ្សារពោធិ៍ចិនតុង បាននិយាយថា៖ «ជាការពិតណាស់សម្រាប់ផ្សារទូទៅ យើងធ្វើការគ្រប់គ្រងទៅលើសន្តិសុខ និងសណ្តាប់ធ្នាប់ប៉ុណ្ណោះ ប៉ុន្តែចំពោះតម្លៃនៃការលក់នោះ វាអាស្រ័យទៅលើអ្នកលក់ខ្លួនឯងផ្ទាល់ជាអ្នកកំណត់»។
ដូចដែលយើងបានដឹងរួចមកហើយថា ការទិញទំនិញនៅផ្សារធម្មតាតែងតែជួបប្រទះបញ្ហាបែបនេះខុសពីការដើរទិញទំនិញនៅតាមផ្សារទំនើបដែលមានកំណត់តម្លៃរួចជាស្រេចដោយអតិថិជនមិនចាំបាច់ត្រូវតថ្លៃឬក៏បារម្ភថាទំនិញដែលខ្លួនទិញមានតម្លៃថ្លៃជាងអ្នកដទៃនោះទេ។
តាមរយៈបញ្ហានេះលោកស្រី អ៊ិន ផល្លា ដែលជាអាជីវករលក់សម្លៀកបំពាក់ក្មេងៗនៅផ្សារពោធិ៍ចិនតុងបាននិយាយថា៖«វាជារឿងធម្មតាទេដែលអ្នកលក់ធ្វើការកាត់ថ្លៃដោយសារតែវាជាប្រពៃណីទៅហើយបើសិនជាយើងមិនកាត់ថ្លៃខ្ពស់ អ្នកទិញបែរជាបន្ទាបតម្លៃយើងពេក។ ដូច្នេះយើងចាំបាច់ត្រូវតែធ្វើបែបនេះ។មួយវិញទៀតការលក់អីវ៉ាន់នៅទីផ្សារធម្មតាវាគឺជារឿងសាមញ្ញដែលអ្នកលក់ស្ទើរតែទាំងអស់ធ្វើបែបនេះដូច្នេះខ្ញុំមិនអាចលក់ដូរឲ្យខុសពីគេនោះទេ»។
អ្នកស្រី បានបន្ថែមថា តាមពិតការលក់នៅផ្សារធម្មតា តែងតែជួបប្រទះនូវបញ្ហាបែបនេះពីព្រោះអ្នកលក់ផ្សេងគ្នា រីឯនៅផ្សារទំនើបវិញ អ្នកគ្រប់គ្រងតែម្នាក់សម្រាប់ផលិតផលប្រើប្រាស់ទូទៅ។ ដូច្នេះវាមានលក្ខណៈខុសគ្នា បែបនេះ។
បញ្ហានេះមិនត្រឹមតែកើតឡើងនៅថ្ងៃធម្មតានោះ ទេ វាកាន់តែធ្ងន់ធ្ងរទៅទៀតចំពោះឱកាសពិសេសដូចជាបុណ្យចូលឆ្នាំខ្មែរ ចូលឆ្នាំ ចិន និងភ្ជុំបិណ្ឌជាដើម។អ្នកលក់ មួយចំនួនចាប់យកឱកាស នេះដើម្បីទាញផលចំណេញលើសលប់ពីអ្នកទិញដោយដំឡើង តម្លៃខ្ពស់ទេ្វដង។
ទំនិញមានការកើនឡើងជារៀងរាល់ឆ្នាំថ្វីដ្បិតតែមានការឡើងថ្លៃខ្លះៗក៏ដោយ អ្នកផ្តល់សេវាកម្ម ផ្សេងៗ និងអ្នកលក់គួរតែកំណត់តម្លៃមួយសមរម្យដែលអតិថិជនអាចទទួលយកបានកុំឲ្យកាត់ខ្ពស់ហួសហេតុពេក។ ជាងនេះទៅទៀតការជឿទុកចិត្តគឺជាកត្តាសំខាន់មួយដែលអ្នកលក់និងអ្នកផ្តល់សេវាកម្មអាចអូសទាញនិងឱកាសទាញយកអតិថិជនបន្ថែមដូច្នេះអ្នកលក់ទំនិញគួរតែកំណត់តម្លៃមួយសមរម្យដើម្បីកសាងទំនាក់ទំនងនិងទំនុកចិត្តជាមួយអតិថិជន។
ការជឿទុកចិត្តគឺជាមធ្យោបាយដ៏ល្អបំផុតដែលអាចរក្សានូវអតិថិជនបាន៕


