ថ្ងៃសៅរ៍ ទី២១ ខែមិថុនានេះ សភាពាណិជ្ជកម្មអឺរ៉ុប [the European Chamber of Commerce (EUROCHAM)] បានប្រារឰវេទិកាអាជីពមួយឡើងនៅកោះពេជ្រ។ នៅក្នុងវេទិកានេះ អ្នកតាំងបង្ហាញមកពីស្ថាប័នអប់រំ និងស្ថាប័នឯកជនជាច្រើនបានតាំងបង្ហាញពីព័ត៌មានជាច្រើនដល់យុវជនកម្ពុជាដើម្បីជួយពួកគេក្នុងការស្វែងរក និងពង្រឹងបន្ថែមនូវអាជីពរបស់ពួកគេ។
ក្នុងចំណោមនោះ អាហារូបករណ៍ទៅសិក្សានៅបរទេសគឺជាសសរគោលដ៏សំខាន់នៃភាពជោគជ័យក្នុងការកសាងនូវជំនាញ និងទទួលបានការងារលំដាប់កំពូលៗ។
មុនពេលវេទិកានេះចាប់ផ្តើម LIFT បានជួបជាមួយនឹងអ្នកតាំងបង្ហាញព័ត៌មានម្នាក់តំណាងឲ្យ Campus France នៅទីក្រុងភ្នំពេញ គឺកញ្ញា Lea Chamboncel ដែលជាមន្ត្រីកិច្ចសហប្រតិបត្តិផ្នែកការអប់រំកម្រិតឧត្តមសិក្សា និងការស្រាវជ្រាវនៃស្ថានទូតបារាំងប្រចាំនៅកម្ពុជា។ រៀងរាល់ឆ្នាំនិស្សិតកម្ពុជាចំនួន៦៥០នាក់បានទៅសិក្សានៅប្រទេសបារាំង។ ក្នុងនោះមាននិស្សិតចំនួន១០០នាក់ទទួលបានអាហារូបករណ៍។
តើនិស្សិតកម្ពុជាត្រូវត្រៀមខ្លួនដូចម្តេចខ្លះដើម្បីក្លាយជាមនុស្សក្នុងចំណោមអ្នកទាំង១០០នាក់នោះដែលមានសំណាងទទួលបានអាហារូបករណ៍ទៅសិក្សានៅប្រទេសបារាំង?
បេក្ខជនត្រូវចេះនិយាយភាសាបារាំង ហើយប្រឡងជាប់តេស្ត DELF យ៉ាងហោចណាស់បានពិន្ទុត្រឹម B2។ វាមានសារៈសំខាន់ណាស់ដើម្បីឲ្យនិស្សិតអាចមានភាពងាយស្រួលក្នុងការប្រាស្រ័យទាក់ទងគ្នាក្នុងប្រទេសនេះ។ មួយទៀត និស្សិតត្រូវមានគំនិតល្អពីអ្វីដែលគេចង់សិក្សា និងធ្វើការ។ ពួកគេត្រូវមានគម្រោងច្បាស់លាស់។ ពិតណាស់គេក៏ត្រូវមានពិន្ទុល្អឥតខ្ចោះផងដែរ ពេលសិក្សានៅប្រទេសកម្ពុជា។ យើងគ្រាន់តែបញ្ជូននិស្សិតដើម្បីបន្តការសិក្សាថ្នាក់អនុបណ្ឌិត និងចូលរួមថ្នាក់បណ្ឌិតប៉ុណ្ណោះ។
តើមនុស្សទូទៅជួបនឹងបញ្ហាអ្វីខ្លះនៅប្រទេសបារាំង?
មនុស្សភាគច្រើនភ្ញាក់ផ្អើលនឹងចំណីអាហារ សេវាសាធារណៈ និងអាកាសធាតុត្រជាក់។ និស្សិតត្រូវធ្វើកិច្ចការសាលាច្រើននៅប្រទេសបារាំង គឺច្រើនជាងនៅកម្ពុជា ដែលនិស្សិតខ្លះមានអារម្មណ៍ពិបាកចិត្តដែរនៅពេលចាប់ផ្ដើមដំបូង។ ប៉ុន្ដែកន្លះឆ្នាំក្រោយមក ពួកគេភាគច្រើនអាចផ្សាំនឹងអ្វីគ្រប់យ៉ាង និងពេញចិត្ដ ហើយពួកគេទទួលបានគាំទ្រពីសាស្ដ្រាចារ្យផងដែរ។
តើនិស្សិតកម្ពុជាគួរតែដឹងពីអ្វីផ្សេងទៀតក្រៅពីបណ្ណាល័យ និងអន្តេវាសិកដ្ឋាន?
ប្រាកដណាស់ វាអាស្រ័យលើអត្ដចរិតរបស់បុគ្គលម្នាក់ៗប៉ុណ្ណោះ។ កាលពីឆ្នាំទៅ មានសិស្សចូលចិត្ដដើរក្រៅម្នាក់ដែលមិនចង់រស់នៅក្នុងអន្តេវាសិកដ្ឋាន។ គាត់បានរើទៅនៅផ្ទះល្វែងជាមួយជនជាតិបារាំងដើម្បីរៀនភាសាបារាំង។
តើបទពិសោធនៅក្នុងប្រទេសបារាំងបានផ្លាស់ប្ដូរនិស្សិតកម្ពុជាអ្វីខ្លះនៅពេលពួកគេត្រឡប់មកស្រុកវិញ?
ពួកគេភាគច្រើនមានការខ្មាសអៀនតិចតួច និយាយភាសាបារាំងបានល្អ និងមានទស្សនវិស័យប្លែកៗ។ ពួកគេសឹងតែក្លាយជាជនជាតិបារាំងទៅហើយ ហើយកាន់តែពិសេសថែមទៀតពួកគេក៏មានសមត្ថភាព និងអាចរកការងារល្អៗផងដែរ៕


