ស្ថិត ក្នុងវ័យ២២ឆ្នាំ កញ្ញា ឡុង សុខលីដា ជាយុវតីខ្មែរមួយរូបមានឱកាសក្នុងការសិក្សា និងដកបទពិសោធក្នុងប្រទេសចំនួន៤ ដូចជាប្រទេសអូស្ត្រាលី សិង្ហបុរី អេស្ប៉ាញ និងសហរដ្ឋអាមេរិក បន្ថែមពីការសិក្សាដែលកញ្ញាធ្លាប់មាននៅកម្ពុជា។
កញ្ញាបានឲ្យ ដឹងថា ពីកុមារភាព កញ្ញាសិក្សានៅសាលា British International School and Home of English និងបន្ដទៅសិក្សានៅក្រៅប្រទេសតាំងពីអាយុ៨ឆ្នាំ។
កញ្ញា បានរៀបរាប់ពីដំណើរទំនងនៃការសិក្សានៅក្រៅប្រទេសតាំងពីពេល នោះមកថា៖ «ពេលនោះខ្ញុំទៅរៀននៅប្រទេសសិង្ហបុរី ខ្ញុំសិក្សារហូតបញ្ចប់ថ្នាក់វិទ្យាល័យនៅសាលា Singapore American School។ ក្រោយមកខ្ញុំចំណាយពេលប្រហែល១ឆ្នាំសិក្សាកម្មវិធីសិក្សា មូលដ្ឋាននៅ Taylor’s College ក្នុងទីក្រុងមែលប៊ន Melbourne ប្រទេសអូស្ត្រាលីទៀត»។
កញ្ញា លីដា រៀបរាប់បន្ដថា៖ «ខ្ញុំបន្ដការសិក្សាថ្នាក់បរិញ្ញាបត្រផ្នែកទីផ្សារ និងទំនាក់ទំនងសាធារណៈ (Marketing and Public Relations) នៅឯសាកលវិទ្យាល័យ Suffolk ក្នុងទីក្រុងប៊ូស្ដុននៃសហរដ្ឋអាមេរិក»។

ដោយសារសាលាដែលកញ្ញាកំពុងរៀនមានសាខានៅប្រទេសអេស្ប៉ាញ យុវតីខ្មែរ លីដា បានទៅចូលរួមក្នុងការផ្លាស់ប្ដូរបទពិសោធសិក្សានៅទីក្រុង ម៉ា្រឌីដប្រទេសអេស្ប៉ាញកាលពីឆ្នាំ២០១៣។
ទាក់ទងនឹងបទពិសោធ រស់នៅក្នុងចំណោមប្រទេសទាំង៤ កញ្ញាថា សិង្ហបុរីជាប្រទេសដែលកញ្ញាពិបាកបន្សាំខ្លួនក្នុងការរស់នៅជាង គេនៅពេលដំបូង ហើយនេះក៏ជាប្រទេសដែលកញ្ញាស្រឡាញ់ជាងគេដោយប្រៀបបានដូចជាផ្ទះទី ពីរអ៊ីចឹងបន្ទាប់ពីប្រទេសទីមួយគឺមាតុភូមិកំណើត។
លីដា បានឲ្យដឹងថា៖ «ដំបូងខ្ញុំមិនចូលចិត្តប្រទេសសិង្ហបុរីទេ ដោយសារតែពេលនោះខ្ញុំនៅក្មេងពេក ហើយខ្ញុំចេះតែនឹកផ្ទះ។ ក្រោយរស់នៅបាន២ទៅ៣ឆ្នាំ ខ្ញុំអាចបន្សាំខ្លួនខ្ញុំទៅនឹងការរស់នៅទីនោះ ហើយខ្ញុំមានមិត្តភក្ដិជាច្រើន។ ខ្ញុំទុកសិង្ហបុរីជាផ្ទះទីពីររបស់ខ្ញុំ ហើយខ្ញុំតែងតែមកលេងទីនេះញឹកញាប់តាមដែលអាចធ្វើទៅបាន»។
ក្រៅពីប្រទេសសិង្ហបុរី ទីក្រុង Melbourne នៃប្រទេសអូស្ត្រាលីជាកន្លែងមួយទៀតដែល លីដា ចូលចិត្តខ្លាំងផងដែរ។ កញ្ញានិយាយថា៖ «នៅទីនោះមាន អាហារនិង កាហ្វេឆ្ងាញ់ៗ»។
ទោះបីជាយ៉ាងណាក៏ដោយ កញ្ញាបានពោលថា កញ្ញាពិតជាពេញចិត្តនឹងការរស់នៅ និងសិក្សានៅប្រទេសទាំង៤នេះ។ កញ្ញាថា ប្រទេសទាំងនេះជាកន្លែងល្អសម្រាប់ការរស់នៅ ហើយកញ្ញាពិតជាមានសេចក្ដីសោមនស្សរីករាយជាខ្លាំងដែលបានសិក្សា នៅសាលាក្នុងប្រទេសទាំងនេះ។
ក្រៅពីការសិក្សា ការរស់នៅក្នុងប្រទេសផ្សេងៗ បទពិសោធទាំងនេះបានបង្រៀនកញ្ញា លីដា នូវមេរៀនជីវិតជាច្រើនក្នុងនាមជាយុវតីខ្មែរមួយរូបដែលរស់នៅ ឆ្ងាយពីឪពុកម្ដាយនៅស្រុកខ្មែរ។ កញ្ញាបានរៀបរាប់ថា៖ «ខ្ញុំរៀនរស់នៅដោយឯករាជ្យ និងដោះស្រាយការនឹកផ្ទះដែលធ្វើឲ្យខ្ញុំខ្លាំងជាងមុន។ អ្វីដែលសំខាន់បំផុតគឺ ខ្ញុំរៀនរស់នៅតែម្នាក់ឯង និងរីករាយជាមួយនឹងជីវិតបែបនេះ»។
ទោះបីជាបានចំណាយពេលវេលា រស់នៅស្រុកក្រៅច្រើនជាងស្រុកកំណើតរបស់ខ្លួនក៏ដោយ ក៏កញ្ញាតែងតែមកលេងប្រទេសកម្ពុជាយ៉ាងហោច២ដងក្នុងមួយឆ្នាំ។ លីដា ចេញទៅរស់នៅបរទេសតាំងពីតូច ប៉ុន្ដែនៅតែចាំបាននូវពេលវេលាល្អៗមួយចំនួននៅស្រុកខ្មែរ។ កញ្ញា លីដា និយាយថា៖ «ខ្ញុំនឹកបុណ្យចូលឆ្នាំខ្មែរ និងបុណ្យអុំទូក ជាពិសេសពេលវេលារីករាយដែលខ្ញុំមាននៅខ្មែរ»។
ជា ចុងក្រោយ ក្នុងនាមជាយុវតីខ្មែរម្នាក់ដែលរស់នៅបរទេសច្រើនឆ្នាំ លីដា បានប្រាប់ពីវិធីក្នុងការរស់នៅដោយសុវត្ថិភាពដល់និស្សិតខ្មែរ ផ្សេងទៀត ជាពិសេសយុវតីដូចជាកញ្ញាដែលមានបំណងចង់ទៅសិក្សា និងរស់នៅប្រទេសផ្សេងថា៖ «ប្រទេសទាំង៤នេះ មានសុវត្ថិភាពល្អសម្រាប់ស្រីៗ តែខ្ញុំដើរចេញទៅក្រៅតែជាមួយមិត្តភក្ដិដែលខ្ញុំទុកចិត្តតែ ប៉ុណ្ណោះ ជាពិសេសពេលយប់។ ខ្ញុំចង់នៅផ្ទះជាជាងចេញទៅក្រៅជាមួយអ្នកដែលខ្ញុំមិនស្គាល់ ច្បាស់»៕


