ភ្នំពេញ: គ្រាន់តែឃើញរូបភាពទូកឈើតូចមួយនេះភ្លាម លោកអ្នកប្រាកដជាដឹងថា នេះជាអាហារជប៉ុនមិនខាន។ ជាការពិតណាស់ កូនទូកឈើនេះមានផ្ទុកនូវសាច់សត្វសមុទ្រមានតម្លៃជាច្រើនប្រភេទ ដែលឈុតអាហារនេះត្រូវបានឲ្យឈ្មោះថា «ទូកពិសេស» ឬ Special Boat ជាភាសាអង់គ្លេស។
នៅលើទូកនេះមានផ្ទុកទៅដោយសាច់មិនតិចជាង១០មុខទេ ដែលក្នុងនោះរួមមានត្រីសាល់ម៉ុន ត្រីធូណា ពងត្រីសាល់ម៉ុន ពងបង្គា កូនបង្គា មឹកស មឹកពីងពាង ខ្យងស ខ្យងក្រហម ត្រីយ៉េឡូសេស ត្រីហាណាឈិ ត្រីពណ៌លឿង ឬត្រីនីស៊ីន។ សាច់មានតម្លៃជាច្រើនមុខនេះត្រូវបានហាន់ជាចំណិតស្ដើងល្មម ដែលអាចទទួលទានជាមួយនឹងទឹកស៊ីអ៊ីវ លាយគ្រឿងហឹរពណ៌បៃតងហៅថា វ៉ាសាប៊ី។ អមជាមួយចានអាហារផងដែរ ក៏មាននូវបន្លែផ្សេងៗរួមមានសរសៃការ៉ុដ ឆៃថាវ ត្រសក់ និងស្លឹកវ៉ាន់ស៊ុយបារាំង។
អាហារនេះមានតម្លៃ១ឈុត៦០ដុល្លារ ដែលអាចទទួលទានជាមួយមិត្តភក្ដិ ឬក្រុមគ្រួសារមានសមាជិកពី៤ ទៅ៦នាក់។ តម្លៃអាហារមានលក្ខណៈសមរម្យបើធៀបទៅនឹងហាងលក់អាហារជប៉ុនដទៃទៀត។
ឈុត ទូកពិសេស ឬ Special Boat នេះក៏ពេញនិយមក្នុងចំណោមភ្ញៀវមកទទួលទាននៅភោជនីយដ្ឋាន តាប៊ូ (Tabu) ផងដែរ ព្រោះវាចម្រុះដោយសាច់ច្រើនមុខ។
ជាទូទៅនៅពេលដែលនិយាយដល់ម្ហូបជប៉ុន លោកអ្នកតែងតែនឹកឃើញទិដ្ឋភាពអង្គុយពែនភ្នែនលើពូករាប ពេលទទួលទាន។
ប៉ុន្តែនៅហាង តាប៊ូ អ្វីដែលធ្វើឲ្យលោកអ្នកមានការភ្ញាក់ផ្អើលនោះគឺការតុបតែងបែប អាស៊ីកាត់អឺរ៉ុប បែបលំដាប់ខ្ពស់ ដែលភ្ញៀវអង្គុយលើកៅអីសាឡុងកាំម្ញ៉ីដូចក្នុងវាំង ឬផ្ទះអភិជនអ៊ីចឹងដែរ។
លក្ខណៈពិសេសផ្សេងទៀតរបស់ភោជនីយដ្ឋាននោះគឺការតុបតែងដោយកញ្ចក់ មានក្បូរក្បាច់រចនាបែបប្រណីត និងតុស្រាស្ដង់ដារបែបបារាំង។ ទន្ទឹមនឹងនេះ ភ្ញៀវដែលមកទទួលទានអាហារនៅភោជនីយដ្ឋានតាប៊ូ ក៏អាចរីករាយនឹងការកំដរអារម្មណ៍សោតាពីក្រុមតន្ត្រីប្រគំផ្ទាល់ ផងដែរ។
លោកអ្នកដែលចូលចិត្តអាហារជប៉ុនអាចសាកល្បងឈុត «ទូកពិសេស» នេះនៅភោជនីយដ្ឋាន តាប៊ូ ស្ថិតនៅផ្ទះលេខ ៦១ មហាវិថីសុធារស សង្កាត់ទន្លេបាសាក់ រាជធានីភ្នំពេញ។ ក្រៅពីអាហារជប៉ុន ភោជនីយដ្ឋានក៏មានបម្រើអាហារខ្មែរ និងថៃផងដែរ។
សម្រាប់ការកក់កន្លែងសូមទំនាក់ទំនងមកលេខ ០៩៧ ៤៥៦ ៧៧ ៧៣ និង ០២៣ ៩៩ ៦៧ ៧៧។
ភោជនីយដ្ឋាន សាលាបង្រៀនធ្វើម្ហូប ឬលោកអ្នកដែលមានបំណងចង់ចែករំលែកមុខម្ហូបពិសេសរបស់ខ្លួន ជាមួយមិត្តអ្នកអាន ភ្នំពេញ ប៉ុស្ដិ៍ សូមទំនាក់ទំនងមកផ្នែកជីវិតកម្សាន្តតាមរយៈលេខ ០៧៧ ៧១៧ ៧១៥ និង ០១៦ ៩៣ ១៣ ១៣៕

