ភ្នំពេញៈ ក្រុមហ៊ុន Grand Twins International (GTI) ជាក្រុមហ៊ុនទីពីរចុះបញ្ជីក្នុងផ្សារហ៊ុនកម្ពុជានឹងដាក់លក់ភាគហ៊ុនក្រោមតម្លៃចន្លោះកណ្តាលដែលបានកំណត់។ នេះបើតាមការប្រកាសនៅលើគេហទំព័រក្រុមហ៊ុនមូលបត្រ ភ្នំពេញ ស៊ីឃ្យូរីធី (PPS) កាលពីម្សិលមិញ។
សេចក្ដីប្រកាសព័ត៌មានរបស់ PPS បង្ហាញថា GTI នឹងចាប់ផ្ដើមជួញដូរភាគហ៊ុន ៩ លានហ៊ុនក្នុងតម្លៃ ២,៤១ ដុល្លារក្នុងមួយភាគហ៊ុន។ ភ្នំពេញ ប៉ុស្ដិ៍ បានរាយការណ៍កាលពី ខែមីនា ថា ក្រុមហ៊ុន GTI សង្ឃឹមថា នឹងសម្រេចបានតម្លៃចន្លោះ ១,៨៥ ដុល្លារនិង ៣,៥០ ដុល្លារ។
តម្លៃ ២,៤១ ដុល្លារមានន័យថា រោងចក្រកាត់ដេរតៃវ៉ាន់នឹងរកបាន ៩,៦ លានដុល្លារពី IPO របស់ខ្លួនដែលគ្រោងនឹងប្រើសម្រាប់ការពង្រីកអាជីវកម្មរបស់ខ្លួននៅ កម្ពុជា។
លោក Stephen Hsu អគ្គនាយក PPS បានថ្លែងថា តម្លៃចុងក្រោយជាការបង្ហាញដ៏ខ្លាំងសម្រាប់ក្រុមហ៊ុន GTI នៅពេលប្រៀបធៀបទៅនឹងប្រាក់ចំណេញក្នុង ១ ភាគហ៊ុននៃរោងចក្រកាត់ដេរផ្សេងក្នុងតំបន់ហើយថា ជាការទទួលជ័យជម្នះមួយសម្រាប់វិនិយោគិន។
លោកបន្តថា៖ «តម្លៃ ២,៤១ ដុល្លារក្នុង ១ ភាគហ៊ុនមានន័យថា ជាតម្លៃក្បែរសូន្យសម្រាប់វិនិយោគិនបន្ទាប់ពី ២ ទៅ ៣ ឆ្នាំដោយសារក្រុមហ៊ុននេះមានបំណងចំណាយភាគលាភដល់ភាគហ៊ុនិក និងបានរក្សាទុកប្រាក់ចំណូលរបស់ក្រុមហ៊ុន GTI ប្រហែល ៣៣ លានដុល្លារនៅចុង ២០១៣»។
តាមលោក Hsu បន្ទាប់ពីដំណើរការស្ទាបស្ទង់តម្លៃមូលបត្រក្នុងរយៈពេលពីរសប្ដាហ៍រួចមក ភាគហ៊ុនស្ទើរតែទាំងអស់ ៣,៣៦ លានត្រូវបានលក់។
លោកបញ្ជាក់ថា ជាង ៩០ ភាគរយក្នុងចំណោមភាគហ៊ុនទាំងនោះចាប់អារម្មណ៍ដោយវិនិយោគិនបរទេស៕ PB

