ក្រុងសាន់សេបាស្ទៀន: ក្តីសង្ឃឹមរបស់ក្រុម Real Sociedad ក្នុងការឈានទៅប្រកួតក្របខ័ណ្ឌ Champions League ជាលើកទី១ក្នុងរយៈពេលមួយទសវត្សរ៍ បានរងនូវការខកចិត្តមួយ ខណៈដែលពួកគេត្រឹមតែអាចបញ្ចប់ក្នុងលទ្ធផលស្មើ ៣-៣ ប៉ុណ្ណោះលើទឹកដីខ្លួនឯងពេលជួប Real Madrid កាលពីរាត្រីថ្ងៃអាទិត្យ។
ខ្សែប្រយុទ្ធ Gonzalo Higuain និង Jose Maria Callejon បានជួយឲ្យក្រុមរបស់លោក Jose Mourinho ធ្វើការនាំមុខក្នុងលទ្ធផល ២-០ នៅមុនពេលក្រុម Sociedad បានធ្វើការវាយសម្រុកយ៉ាងខ្លាំងក្លាដើម្បីតាមស្មើវិញតាមរយៈគ្រាប់បាល់ស៊ុតបញ្ចូលទីរបស់កីឡាករ Xabi Prieto និង Antoine Griezmann។
បន្ទាប់មក ខ្សែបម្រើ Sami Khedira បានធ្វើឲ្យ Real Madrid នាំមុខម្តងទៀតក្នុងរយៈពេល១០នាទីចុងក្រោយ ប៉ុន្តែ ខ្សែបម្រើ Prieto បានរកគ្រាប់បាល់បញ្ចូលទីម្តងទៀតក្នុងនាទីបន្ថែមដើម្បីជួយឲ្យ Sociedad ទទួលបាន១ពិន្ទុ។
ក្រោយពីកោតសរសើរលើការបំពេញតួនាទីយ៉ាងល្អរបស់អ្នកចាំទី Diego Lopez សម្រាប់ក្រុមភ្ញៀវ លោក Philippe Montanier គ្រូបង្វឹករបស់ក្រុម Sociedad បាននិយាយថា៖«យើងបានលេងយ៉ាងល្អក្នុងតង់ទី១ ដោយបានបង្កើតឱកាសជាច្រើន។ ប៉ុន្តែ យើងមានអ្នកចាំទីដ៏អស្ចារ្យនៅពីមុខយើង»។
លោក Lopez ផ្ទាល់ ក៏បានដឹងពីការលំបាកប៉ុនណាដែលក្រុម Sociedad ត្រូវប្រឈមមុខផងដែរ។ លោកបានប្រាប់អ្នកយកព័ត៌មានថា៖«Sociedad បានទាមទារជាច្រើនពីយើង។ ពួកគេជាក្រុមដ៏ខ្លាំងមួយដែលមានភាពផ្សេងៗគ្នាជាច្រើន និងលេងបានយ៉ាងល្អ ហើយពិតណាស់ ពួកគេចាំបាច់ត្រូវតែទទួលជ័យជម្នះដើម្បីមានសិទ្ធិទៅលេងក្នុងក្របខ័ណ្ឌ Champions League»។
បច្ចុប្បន្ន ក្រុម Sociedad កំពុងតែដេញតាមពីក្រោយ Valencia ចំនួនពីរពិន្ទុនៅលើតារាង La Liga ខណៈដែលនៅសល់មួយប្រកួតទៀតប៉ុណ្ណោះក្នុងការប្រជែងសម្រាប់កៅអីក្នុងចំណាត់ថ្នាក់លេខ៤ ក្រោយពីគ្រាប់បាល់ស៊ុតបញ្ចូលទីតែមួយគ្រាប់របស់ខ្សែប្រយុទ្ធ Roberto Soldado គ្រប់គ្រាន់ក្នុងការជួយឲ្យ Valencia ទទួលជ័យជម្នះក្នុងលទ្ធផល ១-០ លើក្រុម Granada។
ក្នុងខណៈនោះផងដែរ ក្រុមយក្ស Barcelona បានរក្សាការប្រជែងរបស់ពួកគេដើម្បីទទួលបាន១០០ពិន្ទុជាមួយនឹងជ័យជម្នះក្នុងលទ្ធផល ២-០ នៅលើទឹកដីក្រុម Espanyol ក្រោយពីមានគ្រាប់បាល់បញ្ចូលទីក្នុងតង់នីមួយៗពីសំណាក់ខ្សែប្រយុទ្ធអន្តរជាតិស៊ីលី Alexis Sanchez និងខ្សែប្រយុទ្ធអន្តរជាតិអេស្ប៉ាញ Pedro។
ចំណែកក្រុមដែលត្រូវកាត់ចេញទាំងបី នឹងត្រូវកាត់សេចក្តីនៅថ្ងៃចុងក្រោយ ស្របពេលដែលក្រុម Deportivo la Coruna, Real Zaragoza, Celta Vigo និង Mallorca សុទ្ធសឹងតែនៅប្រជែងដើម្បីគេចឲ្យផុតពីតំបន់កាត់ចោលនេះ៕ AFP
លទ្ធផលកាលពីថ្ងៃអាទិត្យ
Athletic Bilbao 0 Levante 1
Atletico Madrid 0 Mallorca 0
Espanyol 0 Barcelona 2
Getafe 1 Rayo Vallecano 2
Malaga 3 Deportivo 1
Osasuna 2 Sevilla 1
Real Betis 4 Real Zaragoza 0
Real Sociedad 3 Real Madrid 3
Valencia 1 Granada 0
Valladolid 0 Celta de Vigo 2

