
ភ្នំពេញៈយោងតាមរបាយការណ៍អង្គការអាដហុក និងសាកលវិទ្យាល័យ Harvard បានឲ្យដឹងថា ដើមបណ្តឹងរដ្ឋប្បវេណីនៃសាលាក្តីខ្មែរក្រហម បានសម្តែងទំនុកចិត្តលើការងាររបស់សាលាក្តី ដោយចំនួនប្រហែល ៩៦ ភាគរយនៃដើមបណ្តឹងរដ្ឋប្បវេណីជិត ៤២០ នាក់ ដែលបានស្ទង់មតិបានបញ្ជាក់ថា ពួកគេជឿជាក់ថា តុលាការនឹងផ្តល់យុតិ្តធម៌ដល់ជនរងគ្រោះនៃរបបនេះ។
ទោះជាយ៉ាងណា របាយការណ៍ដែលបានចេញផ្សាយដំបូងក្នុងខែមករា និងបានបង្ហោះនៅលើគេហទំព័រសាលាក្តី កាលពីថ្ងៃសុក្រសប្តាហ៍មុន គឺផ្អែកលើការស្ទង់មតិដែលធ្វើឡើងក្នុងឆ្នាំ ២០១១ លើឥរិយាបថដើមបណ្តឹងរដ្ឋប្បវេណីចំពោះតុលាការ ជាឥរិយាបថដែលតំណាងអង្គការអាដហុក និងដើមបណ្តឹងរដ្ឋប្បវេណីផ្ទាល់បានកត់សម្គាល់ភ្លាមៗថា បានផ្លាស់ប្តូរយ៉ាងឆាប់រហ័ស។
យោងតាមរបាយការណ៍បានឲ្យដឹងថា នៅពេលសម្ភាសន៍ អ្នកចូលរួមប្រហែល ៩៦ នាក់ ទាំងដើមបណ្តឹងរដ្ឋប្បវេណី និងតំណាងដើមបណ្តឹងរដ្ឋប្បវេណីរបស់អង្គការអាដហុក ដែលជួយគ្រប់គ្រងដើមបណ្តឹងរដ្ឋប្បវេណីជិត ១៧០០ នាក់ដែលអង្គការអាដហុកជួយនោះ ជឿជាក់ថា អ.វ.ត.ក នឹងនាំមកនូវយុតិ្តធម៌ជូនជនរងគ្រោះនៃរបបខ្មែរក្រហម។ ដូចគ្នាដែរ អ្នកចូលរួម៧៣ ភាគរយ យល់ថា សាលាក្តីកំពុងធ្វើកិច្ចការគ្រប់គ្រាន់សម្រាប់ជនរងគ្រោះ។ ទោះជាយ៉ាងណា ការផ្លាស់ប្តូរនៅតុលាការនាពេលថ្មីៗនេះ បានធ្វើឲ្យមានការអត្ថាធិប្បាយផ្សេងៗ ដោយលោក ឡាត់ គី អ្នកសម្របសម្រួលសម្រាប់គម្រោងសាលាក្តីខ្មែរក្រហមនៅអង្គការអាដហុក បានថ្លែងថា ឥឡូវនេះ មានដើមបណ្តឹងរដ្ឋប្បវេណីតិចតួចប៉ុណ្ណោះដែលជឿជាក់លើការងាររបស់ សាលាក្តីខ្មែរក្រហម។
កាលពីថ្ងៃចន្ទ លោកស្រី ពេជ្រ ស្រីផល អ្នកតំណាងដើមបណ្តឹងរដ្ឋប្បវេណី បានថ្លែងថា លោកស្រីជាអ្នកចូលរួមក្នុងការស្ទង់មតិម្នាក់កាលពីឆ្នាំ ២០១១ ដែលបានសម្តែងទំនុកចិត្តលើតុលាការ ប៉ុន្តែថា ឥឡូវនេះ ក្តីសង្ឃឹមទទួលបានយុតិ្តធម៌ពីជនជាប់ចោទក្នុងសាលាក្តីខ្មែរក្រហមបានបាត់បង់អស់ហើយ។ លោកស្រីបានថ្លែងថា៖ «នៅពេលដំបូង យើងផ្តល់ក្តី សង្ឃឹមទាំងស្រុងដល់តុលាការដែលនឹងរកយុតិ្តធម៌ឲ្យជនរងគ្រោះ នៃរបបខ្មែរក្រហម ប៉ុន្តែ ក្រោយមក លោកស្រី អៀង ធីរិទ្ធ ត្រូវបានរកឃើញថា គ្មានសម្បទាគ្រប់គ្រាន់ដើម្បីទទួលការជំនុំជម្រះហើយគេដោះលែងគាត់លោកអៀង សារី ស្លាប់និងលោក នួន ជា ពុំមានសុខភាពល្អ»។ លោកស្រីបន្ថែមថា៖ «រហូតដល់ពេលនេះ តុលាការពុំបានបង្ហាញវឌ្ឍនភាពដ៏សំខាន់នោះទេ»។
លោកស្រីបន្តទៀតថា៖ «ខ្ញុំមិនគិតថា តុលាការបានធ្វើកិច្ចការគ្រប់គ្រាន់សម្រាប់ជនរងគ្រោះក្នុងសំណុំរឿង ០០២ ទេរហូតមកដល់ពេលនេះ»។
លោក ជុំ មី ដើមបណ្តឹងរដ្ឋប្បវេណី និងជាអ្នករស់រានមានជីវិតពីមន្ទីរស‑២១ បានសម្តែងអារម្មណ៍ដូចគ្នា នៅក្នុងកិច្ចប្រជុំអង្គការអាដហុក ភ្លាមៗ បន្ទាប់ពីលោក អៀង សារី ស្លាប់ដោយលោកថ្លែងថា ប្រសិនបើតុលាការបានបាត់លោក នួន ជា បងធំទី ២ វាអាចបិទទ្វារតែម្តង។
ទស្សនៈនេះស្ថិតក្នុងចំណោមអ្នកតំណាងដើមបណ្តឹងរដ្ឋប្បវេណីក្នុងបន្ទប់ដែលលោកជួបប្រជុំ។
ទោះជាយ៉ាងណា បើទោះបីមានដើមបណ្តឹងរដ្ឋប្បវេណីតិចតួចបានចេញមកគាំទ្រតុលាការប៉ុន្មានខែថ្មីៗនេះក្តីក៏ប៉ុន្តែ មិនមែនដើមបណ្តឹងរដ្ឋប្បវេណីទាំងអស់គ្នាទេដែលបាត់បង់លើនីតិវិធីទាំងស្រុងនោះ។
លោកស្រី អៀង សុខា ដើមបណ្តឹងរដ្ឋប្បវេណី បានថ្លែងកាលពីថ្ងៃចន្ទថាបើទោះបីមានការខកចិត្តនាពេលថ្មីៗនេះក៏ដោយ ក៏ប៉ុន្តែ លោកស្រីស្ទាក់ស្ទើរក្នុងការដកសេចក្តីទុកចិត្តដោយលោកស្រីថា ជាដើមបណ្តឹងរដ្ឋប្បវេណីម្នាក់ ខ្ញុំត្រូវបន្តពិនិត្យមើលតុលាការបញ្ចប់អាណតិ្តរបស់ខ្លួន។
លោកស្រីអៀង សុខា បន្តថា៖ «យើងហែលទឹកឆ្លងទន្លេពេលនេះ ហើយមិនអាចឈប់កណ្តាលទន្លេទេ។ យើងត្រូវព្យាយាមឲ្យដល់ច្រាំង។ យើងមានតែតុលាការមួយដូច្នេះយើងត្រូវរង់ចាំមើលថាតើទីបំផុតយុតិ្តធម៌បានផ្តល់ឲ្យយើងឬយ៉ាងណា?»៕ TK


