សៀមរាប៖ ព្រឹត្ដិការណ៍ «ស្នាម​ញញឹម​នៃ​កម្ពុជា​» ដែល​បាន​ប្រារព្ធ​ឡើង​ជា​លើក​ទី ២  ​បាន​នាំ​យក​មក​នូវ​វប្បធម៌​ដ៏​សម្បូរបែប​របស់​ប្រទេស​កម្ពុជា​ដ៏​រស់​រវើក ក្នុង​ឳកាស​អបអរសាទរ​ខួប​លើក​ទី ២០ នៃ​រជ្ជកាល​ព្រះបាទ​នរោត្តម សីហមុនី។

ព្រឹត្តិការណ៍​នេះ​បាន​ប្រារព្ធ​ឡើង​នៅ​ចំ​កណ្តាល​នៃ​រមណីយដ្ឋាន​អង្គរ ខេត្តសៀមរាប​និង​បាន​ទាក់ទាញ​ភ្ញៀវ​ជាតិ និង​អន្តរជាតិ មក​ទស្សនា​ការ​តាំង​បង្ហាញ​ភាព​អស្ចារ្យ​នៃ​សិល្បៈ​និង​បេតិកភណ្ឌ​ខ្មែរ។

ព្រឹត្តិការណ៍​ឆ្នាំ​នេះ ដែល​ចាប់​ផ្តើម​ឡើង​កាល​ពី​ថ្ងៃ​ទី​២៩ ខែ​តុលា ដល់​ថ្ងៃទី៣០ ខែ​តុលា គឺជា​ពេលវេលា​ដ៏​សំខាន់​ក្នុង​ជួយ​ជំរុញ​ការ​​ងើប​ឡើងវិញ​​នៃ​វិស័យ​ទេសចរណ៍​ក្រោយ​វិបត្តិ​ជំងឺ​រាតត្បាត​កូវីដ-១៩។

លោកស្រី​ ម៉ៅ ចំណាន ប្រធាន​សមាគម​សិល្បករ​ខ្មែរ (KAA) បាន​គូស​បញ្ជាក់​ថា ការ​ប្រារឰ​ពិធី​នេះ មិន​ត្រឹម​តែ​ជា​ការ​អបអរសាទរ​ព្រះ​រាជ​ពិធី​គ្រង​រាជ​សម្បត្ដិ​ព្រះ​មហាក្សត្រ ជីវិត​តម្កល់​លើ​ត្បូង​ ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​ជា​ការ​បោះជំហាន​ប្រកប​ដោយ​មហិច្ឆិតា​ឆ្ពោះ​ទៅ​រក​ការ​លើក​ស្ទួយ​វិស័យ​ទេសចរណ៍​កម្ពុជា។

ព្រឹក​ថ្ងៃទី​២៩ ខែ​តុលា គឺជា​​ពិធី​បើក​ព្រឹត្តិការណ៍ ស្នាម​ញញឹម​នៃ​កម្ពុជា​លើក​ទី​២ និង​មាន​ការ​សម្តែង​សិល្បៈ​ផ្សេងៗ អម​ជាមួយ​និង​ការ​តាំង​ពិព័រណ៌​សិល្បៈ​វប្បធម៌​​ចម្រុះ​ផងដែរ។ នៅ​ពេល​រសៀល​បាន​បង្ហាញ​ព្រឹត្តិការណ៍​ដ៏​អស្ចារ្យ​នៃ​ទស្សនីយភាព​ការ​ដង្ហែ​ក្បួន​ព្រះ​មហាក្សត្រ​ខ្មែរ​នាសម័យ​អង្គរ​និង​ការ​សម្តែង​របាំ​បុរាណ​ខ្មែរ​ជាច្រើន​ទម្រង់។

លោកស្រី ម៉ៅ ចំណាន ប្រធានសមាគមសិល្បករខ្មែរ (KAA) ចូលរួមសម្ដែងជាម្ចាស់ក្សត្រីក្នុងការដង្ហែក្បូនព្រះមហាក្សត្រក្នុងសម័យអង្គរ។ រូបថត សហការី

លោកស្រី ​ចំណាន បាន​ថ្លែង​ក្នុង​ពិធី​បើក​កម្មវិធី​ថា​៖ «ការ​ប្រមូល​ផ្តុំ​ជួបជុំ​គ្នា​រៀបចំ​ព្រឹត្តិការណ៍​ស្នាម​ញញឹម​នៃ​កម្ពុជា​លើក​ទី២ នៅ​ថ្ងៃ​នេះ គឺ​ជា​កិច្ច​ខិតខំ​រួមគ្នា​បន្ថែម​ទៀត​ទាំង​វិស័យ​រដ្ឋ និង​ឯកជន ដើម្បី​ផ្សព្វផ្សាយ​ពីវឌ្ឍនភាព​លើ​គ្រប់​វិស័យ​របស់​កម្ពុជា មិន​ត្រឹម​តែ​សិល្បៈ​វប្បធម៌​ប៉ុណ្ណោះ​ទេ ពោល​គឺ​រួមគ្នា​កសាង​ទំនុក​ចិត្ត កេរ្តិ៍​ឈ្មោះ​កម្ពុជា (Image) និង​បន្សាប​នូវ​ព័ត៌មាន​អវិជ្ជមាន និង​គំនិត​អគតិ​មួយ​ចំនួន​ពី​កម្ពុជា​ទាំង​លើឆាក​ជាតិ​និង​អន្តរជាតិ»។

ដោយ​មិន​អាច​កំណត់​ចំនួន​អ្នក​ទស្សនា​ប៉ុន្មាន​ឱ្យ​ប្រាកដ លោក សេត គីមសឿន ទីប្រឹក្សា KAA បាន​ឱ្យ​ដឹង​ថា ក្រុម​សិល្បករ-សិល្បការិនី ដែល​ស្ម័គ្រ​ចិត្ដ​ចូលរួម​សម្ដែង​បាន​កើន​លើស​ការ​រំពឹង​ត្រឹម ៥០០ ទៅដល់​ចន្លោះ​ពី ៧៥០ ទៅ ៨០០​នាក់​។

លោក គីមសឿន បាន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍ថា​៖ «​ពេល​កាមេរ៉ា​ចាប់ប្លង់​ធំទូលាយ យើងមិន​សូវ​មើល​ឃើញ​មនុស្ស​ប៉ុន្មានទេ។ ប៉ុន្ដែបើ​យើង​មក​ចូលរួម​ផ្ទាល់ យើង​មើលឃើញ​អ្នក​ចូលរួម​មាន​ចំនួន​ច្រើន​ទាំង​ព្រឹក ទាំង​ថ្ងៃ​ និងរសៀល។ ពួកាត់​រង់ចាំ​មើល​ការ​សម្ដែង និង​ដង្ហែ​ក្បួន​សិល្បៈ​ពីព្រោះ​វា​ជា​ថ្ងៃ​បុណ្យ​ជាតិ ឈប់​សម្រាក​របស់​ពួកគាត់​ ជាពិសេស​ការ​ផ្សព្វផ្សាយ​ពី​ព្រឹត្ដិការណ៍​បាន​ទូលំទូលាយ»។

ភ្ញៀវ​ជាតិ និង​អន្តរជាតិ មក​ទស្សនា​ការ​តាំង​បង្ហាញ​ភាព​អស្ចារ្យ​នៃ​សិល្បៈ​និង​បេតិកភណ្ឌ​ខ្មែរ។ រូបថត សហការី

នៅពេលដែល​ប្រទេស​កម្ពុជា​សម្លឹង​ឆ្ពោះទៅ​អនាគត​ជាមួយនឹង​ចក្ខុវិស័យ​សម្រាប់​ប្រទេស​ដែលមាន​ប្រាក់ចំណូល​មធ្យម​កម្រិត​ខ្ពស់​នៅ​ឆ្នាំ២០៣០ និង​ប្រទេស​ដែល​មាន​ប្រាក់​ចំណូល​ខ្ពស់​នៅ​ឆ្នាំ​២០៥០ ព្រឹត្ដិការណ៍​វប្បធម៌​​នេះ​បាន​ដើរ​តួនាទី​យ៉ាង​សំខាន់​ក្នុង​ការ​បង្ហាញ​សក្តានុពល​របស់​ប្រទេស​ជា​គោលដៅ​វប្បធម៌​ពិភពលោក។

លោកស្រី ចំណាន បាន​លើក​ឡើង​ថា ព្រឹត្តិការណ៍​នេះ​ត្រូវ​បាន​រៀបចំ​ឡើង​ក្នុង​គោល​បំណង​រួមគ្នា​ជំរុញ​ការ​ផ្សព្វផ្សាយ​ពី​សិល្បៈ វប្បធម៌ អរិយធម៌​ដ៏​ល្អ​ផូរផង់​របស់​ខ្មែរ និង​បង្ហាញ​ពី​សក្តានុពល​វិស័យ​ទេសចរណ៍​នៅ​កម្ពុជា​ទៅ​កាន់​ភ្ញៀវជាតិ និង​អន្តរជាតិ ជាពិសេស​ទៅ​កាន់​ពិភពលោក​ទាំងមូល​ដើម្បី​ជា​ការ​រួម​ចំណែក​ដល់​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា។

ព្រឹត្តិការណ៍​នេះ​ជំរុញ​ការ​ផ្សព្វផ្សាយ​និង​ទាក់ទាញ​ទេសចរ​បរទេស​មក​ទស្សនា​កម្ពុជា​ជា​ថ្មី​ម្តង​ទៀត នៅ​ចុង​ឆ្នាំ​២០២៤ និង​ការ​ត្រៀម​ខ្លួន​រួច​ជា​ស្រេច​នៃ​ការ​ឈាន​ចូល​មក​ដល់​នៅ​ឆ្នាំ​២០២៥។

ការដង្ហែក្បូនព្រះមហាក្សត្រក្នុងសម័យអង្គរ។ រូបថត សហការី

លោកស្រី ចំណាន បាន​បញ្ជាក់​ថា៖ «វិស័យ​ទេសចរណ៍ បាន​ដើរ​តួនាទី​យ៉ាង​សំខាន់​នៅ​ក្នុង​ចរន្ត​សេដ្ឋកិច្ចសង្គម ប៉ុន្តែ​ជា​អកុសល​វិស័យ​នេះ បាន​ទទួល​រង​ការ​វាយ​ប្រហារ​យ៉ាង​ដំណំ​នៅ​ក្នុង​អំឡុងពេល​នៃ​វិបត្តិ​កូវីដ១៩។ ដូច្នេះ​ការ​ដួល​សន្លប់​នៃ​វិស័យ​ទេសចរណ៍​នៅ​កម្ពុជា​រយៈពេល​ប៉ុន្មាន​ឆ្នាំនេះ ពិត​ជា​ទាមទារ​ឱ្យ​មាន​ការ​ចូលរួម​ថែរក្សា ការពារ និង​ព្យាបាល ដែល​ពួក​យើង​ម្នាក់ៗ​នេះ​ហើយ ជា​គ្រូពេទ្យ ជួយ​ព្យាបាល​វិស័យ​ទេសចរណ៍​ឱ្យ​មាន​ជីវិត​រស់​រវើក​ឡើងវិញ»។

របាយការណ៍​ថ្មី​មួយ​របស់​ធនាគារ​ជាតិ​នៃ​កម្ពុជា​ បាន​បង្ហាញ​ថា ភ្ញៀវទេសចរ​បរទេស​ចំនួន ៣,១ លាន​នាក់​បាន​មក​ទស្សនា​ប្រទេស​ក្នុង​ឆមាស​ទីមួយ​នៃ​ឆ្នាំ២០២៤ ដែល​បង្កើត​ប្រាក់​ចំណូល​បាន​ចំនួន ១,៧​ ពាន់​លាន​ដុល្លារ ពោលគឺ​កើនឡើង ៧ភាគរយ​ ធៀប​នឹង​តួលេខ​កាលពី​ឆ្នាំមុន​។​

លោកស្រី ចំណាន បាន​សង្កត់ធ្ងន់​លើ​សារៈសំខាន់​នៃ​ការបន្ត​សម្រប​ខ្លួន​ទៅនឹង​ការផ្តល់​សេវាកម្ម​ទេសច​រណ៍​របស់​កម្ពុជា ដើម្បី​ឆ្លើយតប​ទៅនឹង​ការរំពឹងទុក​របស់​អន្តរជាតិ និង​ពង្រឹង​បន្ថែមទៀត​នូវ​សសរស្តម្ភ​សេដ្ឋកិច្ច​ដ៏​សំខាន់​នេះ៕