ភ្នំពេញ៖ ការសម្ពោធសៀវភៅ «ទេព ហត្ថា» ឬ «The Perfect Motion» ជា​ប្រភេទ​មគ្គុទ្ទេសក៍អប់រំ​ជាភាសាខ្មែរ រួមជាមួយនឹងការ​អនុវត្ដ​គម្រោង​អភិវឌ្ឍ​យុវជន ដំណាក់កាលទី ១ និង​ប្រកាស​បន្ដ​គម្រោង​ដំណាក់​ទី ២ បានកត់សម្គាល់ពេលវេលាដ៏សំខាន់មួយនៅក្នុងទិដ្ឋភាពនៃការអប់រំនៅកម្ពុជា កាលពីថ្ងៃទី ៥ ខែវិច្ឆិកា នៅសណ្ឋាគារសូហ្វីតែលភ្នំពេញភូគីត្រា។

គំនិតផ្តួចផ្តើមទាំងនេះមានគោលបំណងផ្តល់អំណាចដល់យុវជនកម្ពុជាតាមរយៈការបណ្តុះបណ្តាលវិជ្ជាជីវៈ ​គុណតម្លៃ​វប្បធម៌ ​ទៅដល់សិស្សានុសិស្សនៅទូទាំងខេត្តជាច្រើន។​

សៀវភៅមគ្គុទ្ទេសក៍នេះភ្ជាប់មកជាមួយនូវភាពយន្តឯកសារដែលទទួលបានការកោតសរសើរយ៉ាងខ្លាំងដោយអ្នកដឹកនាំជនជាតិបារាំង លោក ហ្សាវីយេ ដឺឡូហ្សាន​ ដែលរៀបរាប់អំពីដំណើរ និងសារៈសំខាន់នៃវប្បធម៌នៃរបាំព្រះរាជទ្រព្យកម្ពុជា។​

ដើមឡើយផលិតជាភាសាបារាំងដោយ Lycée français René Descartes សៀវភៅមគ្គុទ្ទេសក៍នេះត្រូវបានកែសម្រួលដោយអង្គការ​ ស៊ីប៉ា ដើម្បីគាំទ្រដល់សាលាកម្ពុជាក្នុងការបង្រៀនសិស្សអំពីបេតិកភណ្ឌសិល្បៈរបស់ប្រទេស។​

រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា លោក ហង់ ជួនណារ៉ុន លោកបាន​អរគុណដល់​ផលិតករ​ភាពយន្ដ​ឯកសារ​ទេព​ហត្ថា លោក ហ្សាវីយេ ដឺឡូហ្សាន ក្នុង​គោលដៅ​ផ្សព្វផ្សាយ​វប្បធម៌​កម្ពុជា និង​រៀបចំ​ជា​ឯកសារ​សម្រាប់​ការ​សិក្សា​ស្រាវជ្រាវ និង​បណ្ដុះបណ្ដាល​ដល់​យុវជន​ឱ្យ​បាន​យល់​ដឹង​អំពី​សិល្បៈ​ វប្បធម៌​ខ្មែរ ជាពិសេស​របាំព្រះរាជទ្រព្យ​។​

លោក​បាន​ឱ្យដឹងថា​៖ «​ខ្ញុំ​សូម​អំណរគុណ​ដល់​រដ្ឋាភិបាល​បារាំង ទីភ្នាក់ងារ​បារាំង​សម្រាប់​ការអភិវឌ្ឍន៍ (AFD) អង្គការ​ស៊ី​ប៉ា ដៃគូ​អភិវឌ្ឍ និង​អង្គភាព​ជំនាញ​ពាក់ព័ន្ធ​ទាំងអស់ ដែល​តែងតែ​ជួយ​ជ្រោមជ្រែង​យ៉ាងសកម្ម​ក្នុង​កំណែទម្រង់​វិស័យ​អប់រំ ជាពិសេស​ការអភិវឌ្ឍ​យុវជន សំដៅ​ធានា​ការផ្តល់សេវា​អប់រំ​ប្រកបដោយ​គុណភាព សមធម៌ បរិ​យាប​ន្ន និង​ការផ្តល់​ឱកាស​សិក្សា​ពេញ​មួយជីវិត​សម្រាប់​ទាំងអស់គ្នា»។​

ភាពយន្តឯកសារ ទេពហត្ថា​ បង្ហាញពីទម្រង់​សិល្បៈ​ដ៏​ល្អ​ឯកនៃ​របាំព្រះរាជទ្រព្យរបស់ប្រទេសកម្ពុជា ​ និងការវិវត្តន៍របស់វាតាំងពីឆ្នាំ ១៩០៦។

វា​បាន​រួម​បញ្ចូល​គ្នា​នូវ​ការ​បង្កើត​ដោយ​ស្នាព្រះហត្ថ​សម្ដេច​រាជបុត្រី ព្រះ​រៀម នរោត្តម បុប្ផាទេវី និង​ប្រវត្តិ​ដ៏​ទូលំទូលាយ​នៃ​របាំ​ព្រះរាជ​ទ្រព្យ ក្រោយ​ការ​បំផ្លិចបំផ្លាញ​​​ក្នុង​សម័យ​ខ្មែរ​ក្រហម និង​ការ​រស់​ឡើង​វិញ​ជា​បន្ត​បន្ទាប់។

ដោយបង្ហាញពីប្រវត្ដិ​របាំ​ព្រះរាជទ្រព្យ រួមទាំង​ដំណើរ​រឿងផ្ទាល់ខ្លួនពីអ្នករាំវ័យក្មេង និងអ្នករាំជើង​ចាស់​ ភាព​យន្តឯកសារនេះ គឺជាការលើកតម្កើន​វប្បធម៌ និងជាធនធានសម្រាប់អ្នកអប់រំ។

កញ្ញា ឡាច រចនា មន្ដ្រី​អង្គការ​ស៊ីប៉ា បាន​និយាយថា ​​ឯកសារ​សិល្បៈ និងវប្បធម៌​នៃ​ខ្សែ​ភាពយន្ដ​ឯកសារ​ «​ទេពហត្ថា» ត្រូវបាន​ចងក្រង​ឡើងដើម្បី​បង្រៀន​អមដោយ​ការ​ទស្សនា​ភាពយន្ដ​ឯកសារ​។

កញ្ញា​បាន​ឱ្យដឹងថា​៖ «​សិស្សានុសិស្ស​មិនត្រឹមតែ​ទស្សនា​ភាពយន្ដ​ដើម្បី​កម្សាន្ដ​ប៉ុណ្ណោះ​ទេ ប៉ុន្ដែ​ពួកគេ​អាច​ជជែក​ពិភាក្សា​អំពី​ប្រធានបទ​ដែលលើកឡើងក្នុងភាពយន្ដ​ទៀតផង​»។

ឯកសារ​នេះត្រូវបាន​ចងក្រង​ឡើង​សម្រាប់​លោកគ្រូ​អ្នក​គ្រូ​ដែលមានបំណង​សិក្សា​ស្វែង​យល់​បន្ថែម​អំពី​ប្រធាន​បទ​ក្នុង​ខ្សែ​ភាពយន្ដ​ជាមួយ​សិស្សានុសិស្ស​។

កញ្ញាបាន​ថ្លែង​ទៅកាន់​លោកនាយក​សាលា​ និងតំណាង​មន្ទីរ​អប់រំ​មកពី​បណ្ដា​ខេត្ដនានា​ថា​៖ «​តាម​រយៈ​ព័ត៌មាន​ក្នុង​ភាពយន្ដ និង​លំហាត់​នៅក្នុង​សៀវភៅ​នេះ លោកគ្រូ​អ្នក​គ្រូ​អាច​យក​ណែនាំដល់​សិស្ស​ដើម្បី​ជំរុញ​ឱ្យ​ពួកគេ​ចូលរួ​ម​ពិភាក្សា​ និង​ពិចារណា​ស៊ី​ជម្រៅ​អំពី​ខ្លឹម​សារ​អំពីខ្សែ​ភាពយន្ដ​ចង់​បង្ហាញ​»។

លោក ញឹក សុគន្ធ អនុប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តសៀមរាប សមាជិកក្នុងសិក្ខាសាលាបាន​ឱ្យដឹង​ថា សៀវភៅសិល្បៈ និងវប្បធម៌ ទេពហត្ថា​ មានតម្លៃផ្នែក​សិល្បៈ និង​វប្បធម៌ ក្នុងការផ្តល់ចំណេះដឹងដល់លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស។​

លោកបាន​ប្រាប់​ភ្នំពេញប៉ុស្ដិ៍ថា​៖ «​ប្រសិនបើ​មាន​ការ​បង្ហាត់​បង្រៀន​ថែម​ទៀត វាកាន់តែ​ល្អ ពីព្រោះ​ពួកគេ​នឹង​កាន់តែ​យល់​ច្បាស់​អំពី​មរកត​វប្បធម៌​ជាតិ​»។ 
អ្នកគ្រូ សុខ ស៊ីថា ជា​អ្នក​បង្ហាត់​បង្រៀន​របាំ​នៅ​សាលា​របាំ​សម្ដេច​នរោត្ដម បុប្ផា​ទេវី បាន​និយាយថា បច្ចុប្បន្ន​នេះ សាលា​របាំ​បាន​សិស្ស​ជាច្រើន​ជាតិ​សាសន៍​ជាង ២០០​នាក់​។

អ្នក​ចូលរួមទស្សនាសេចក្ដី​ផ្ដើម​ក្នុង​​ភាពយន្ដ​​ «​ទេពហត្ថា» អំឡុង​ពេល​បើក​សិក្ខាសាលា​។ រូបថត ហុង រស្មី​

អ្នកគ្រូបាន​ឱ្យដឹងថា​៖ «​សាលា​បាន​បង្រៀន​សិស្ស​ដោយ​មិន​គិត​ថ្លៃ រួមទាំង​ របាំ ទំនៀម​ទម្លាប់​ប្រពៃណី ដូចជា ការ​សំពះ​ ដែលមាន​ប្រភព​មកពី​របាំ​បុរាណ​ខ្មែរ»។ 
ផលិតករ​​ជនជាតិ​បារាំងលោក​ ហ្សាវីយេ ដឺឡូហ្សាន ​បាន​និយាយថា ​​សិល្បៈបុរាណ​ខ្មែរ​មាន​តម្លៃ​ជា​​​សកល​​។

លោក​បាន​បន្ថែមថា​៖ «​ទេព​ហត្ថា ​គឺ​មិន​ត្រឹមតែជា​សិល្បៈ​បុរាណ​របស់​​ប្រទេស​កម្ពុជា​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​ជា​ការតភ្ជាប់​សំខាន់​រវាង​អត្តសញ្ញាណ​របស់​មនុស្ស និង​ការច្នៃប្រឌិត​សិល្បៈ​ផងដែរ​»​។​

លោក​បាន​បន្ដថា​៖ «កញ្ញា ​សុខ ណា​លី​ស អ្នករបាំ​វ័យក្មេង​ម្នាក់​ក្នុង​រឿងនេះ​និយាយថា “«ពេល​វប្បធម៌​រលុត​ ជាតិ​រលាយ​។ នៅពេលដែល​វប្បធម៌​រីកចម្រើន ប្រទេសជាតិ​កាន់តែ​រីកចម្រើន»​។​ របាំ​ព្រះរាជទ្រព្យ​​បាន​ជួយ​ស្ដារឡើងវិញ​នូវ​សេចក្តីថ្លៃថ្នូរ​របស់​ប្រទេស​កម្ពុជា ​ក្រោយ​របប​​ខ្មែរក្រហម​​​»​។​

ដើម្បី​ឈានដល់​ទស្សនិកជន​បាន​ទូលំទូលាយ លោក​បាន​ពន្យល់ថា ភាពយន្ត​នេះ​ត្រូវបាន​គេ​ដាក់ឈ្មោះ​ជា​ភាសា​ខ្មែរ​។​ឡើង​កេរ្តិ៍ឈ្មោះ​ជា​អ្នក​​របាំ​ព្រះរាជទ្រព្យ​ និង​ក្រោយមក​បាន​ស៊ូទ្រាំ​ជីវិត​នៅក្នុង​ជំរុំ​ជនភៀសខ្លួន​តាម​ព្រំដែន​ថៃ អ្នកស្រី​ វន់ សា​វ៉េ ជា​គ្រូ​បង្ហាត់​របាំ​ម្នាក់ ដែល​​បានបង្ហាញ​ខ្លួន​នៅក្នុង​ភាពយន្ត​ឯកសារ​នោះ បាន​នាំយក​មរតក​នៃ​របាំ​បុរាណ​ខ្មែរ​។​

ដោយ​ធ្លាក់ខ្លួន​ឈឺ​ក្រោយ​របប​ខ្មែរក្រហម ដំបូង​ឡើយ អ្នកស្រី​​បាន​ព្យាយាម​ភៀសខ្លួន​ទៅ​បរទេស ប៉ុន្តែ​បាន​ប្តូរ​ចិត្ត​នៅ​ព្រំដែន ដោយ​ជ្រើសរើស​ស្នាក់នៅ ប្រមូល​កុមារ និង​បង្រៀន​សិល្បៈ​របាំ​ជំនួស​វិញ​។​

អ្នកស្រី​​បាន​បន្ថែមថា​៖ «​ខ្ញុំ​អាច​ស្លាប់ និង​កើត​ឡើងវិញ​បាន ប៉ុន្តែ​​​សិល្បៈ​មិនអាច​ស្លាប់​បានទេ»​។​

អ្នក​ចូលរួមទស្សនាសេចក្ដី​ផ្ដើម​ក្នុង​​ភាពយន្ដ​​ «​ទេពហត្ថា» អំឡុង​ពេល​បើក​សិក្ខាសាលា​។ រូបថត ហុង រស្មី​

បិទបញ្ចប់​​ដំណាក់កាល​ទី​១ និង​ប្រកាស​ដំណាក់កាល​ទី​២ នៃ​គម្រោង​ពង្រឹងសមត្ថភាព​យុវជន​

សិក្ខាសាលា​នេះ​បាន​ឆ្លុះបញ្ចាំង​ពី​ភាពជោគជ័យ​នៃ​ដំណាក់កាល​ទី ១ នៃ​គម្រោង​ពង្រឹងសមត្ថភាព​យុវជន ដែល​ត្រូវបាន​សហការ​ផ្តល់​មូលនិធិ​ដោយ​ទីភ្នាក់ងារ​បារាំងសម្រាប់​ការ​​អភិវឌ្ឍន៍ (AFD) និង​បង្កើតឡើង​ដោយអង្គការ​ ស៊ី​ប៉ា សហការ​ជាមួយ​ក្រសួង​អប់រំ យុវជន និង​កីឡា​របស់​កម្ពុជា​។​

គំនិត​ផ្តួចផ្តើម​រយៈពេល​បី​ឆ្នាំនេះ (​ខែតុលា ឆ្នាំ ២០២១​ ដល់​ខែកញ្ញា ឆ្នាំ ២០២៤​) បាន​គាំទ្រ​សិស្ស​ជាង ២៧,០០០ នាក់​នៅ​ទូទាំង​អនុវិទ្យាល័យ​ចំនួន ១៦ ក្នុង​ខេត្ត​ចំនួន ១៤។​

គម្រោង​នេះ​បានផ្តល់​នូវ​សេវា​បណ្ណាល័យ​ទំនើបកម្ម ធនធាន​អំណាន​ ការបណ្តុះបណ្តាល​វិជ្ជាជីវៈ កម្មវិធី​ជំនាញ​ឌីជីថល និង​ឱកាស​ចូលរួម​ជាមួយ​ប្រជាពលរដ្ឋ​។​

លោក ហុក សុទ្ធិ អគ្គនាយក​អង្គការស៊ីប៉ា បាន​លើកឡើងថា ក្នុង​គម្រោងដំណាក់​ទីមួយ​នេះ អង្គការ​បាន​ផលិត​សៀវភៅ​បាន​ចំនួន ១១​ចំណង​ជើង​ និងមាតិកា​ឌីជីថល​ចំនួន ៤ ប្រភេទ​ដើម្បី​ឆ្លើយ​តបទៅនឹង​ការ​សិក្សា​ស្រាវជ្រាវ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​របស់​យុវជន។

អ្នក​ចូលរួម​អាន​សៀវភៅ​មគ្គុទេសក៍​​ឯកសារ​សិក្សា​សិល្បៈ​ និងវប្បធម៌ «​ទេពហត្ថា»។ រូបថត ហុង រស្មី​

លោក សុទ្ធិ បាន​ថ្លែងថា​៖ «ដំណាក់​កាលទីមួយ​ បានបញ្ចប់​ដោយ​ជោគជ័យ​នៅបំណាច់​ខែកញ្ញា ឆ្នាំ​២០២៤ នេះ ហើយ​នៅពេល​នេះ យើង​មាន​ក្ដី​សោមនទស្សយ៍​រីករាយ​ដែល​ក្រសួង​អប់រំ យុវជន និងកីឡា​និង​ទីភ្នាក់ងារបារាំង​សម្រាប់​ការ​​អភិវឌ្ឍ​ន៍​បន្ដ​គាំទ្រ​គម្រោង​ដំណាក់​កាលទីពីរ ដែល​មាន​រយៈ​ពេល​៣២​ខែ​ ដើម្បី​បំណង​ពង្រីក​ទៅកាន់​ខេត្ដ​ថ្មី​ចំនួន ៩ ទៀត ដែល​ស្មើ​នឹង ២៤​ខេត្ដ​ លើកលែង​តែ​រាជធានី​ភ្នំពេញ​»។

អ្នក​ចូលរួមទស្សនាសេចក្ដី​ផ្ដើម​ក្នុង​​ភាពយន្ដ​​ «​ទេពហត្ថា» អំឡុង​ពេល​បើក​សិក្ខាសាលា​។ រូបថត ហុង រស្មី​

គម្រោង​ដំណាក់​កាល​ទីពីរ​នេះបន្ដ​ការ​គាំទ្រ​ដល់​គោលនយោបាយ​ជាតិ​ យុវជន​ ក៏ដូចជា​ចូលរួម​ចំណែក​តម្រង់​ទិស​វិជ្ជាជីវៈ​ និងការ​ងារ​ស្ម័គ្រចិត្ដ​ក្នុង​សហគមន៍សម្រាប់​អ្នកទទួល​ផល​ប្រហែលជា ៤ម៉ឺន​នាក់​ ជា​យុវជន​មកពី​វិទ្យាល័យ​ចំនួន ២៦​ មជ្ឈមណ្ឌល​យុវជន​ចំនួន ៣ រួមមាន​មជ្ឈមណ្ឌល​ខេត្ដ​សៀមរាប ខេត្ដ​កណ្ដាល និង​មជ្ឈមណ្ឌល​ស្ដា​និតិសម្បទា​យុវជន​ខេត្ដ​កណ្ដាល​ ក៏ដូចជា​សហគមន៍​មូលដ្ឋាន​ចំនួន ២៣​ទៀត។

លោក Jacques Pellet ឯកអគ្គរដ្ឋ​ទូត​នៃ​សាធារណៈ​បារាំង​ប្រចាំ​កម្ពុជា បាន​ថ្លែងថា លោកសង្ឃឹម និង​ជឿជាក់ថា សៀវភៅ​នៅតែមាន​តួនាទីសំខាន់​នៅក្នុង​សង្គម​។

លោក ហង់ ជួនណារ៉ុន និង លោក Jacques Pellet ទស្សនាការ​សម្ដែង​របាំបុរាណ ព្រះ​ថោង នាង​នាគ។ រូបថត ហុង រស្មី​

លោកបាន​លើកឡើងថា​៖ ​«​វប្បធម៌​មាន​សារសំខាន់​ណាស់​នៅក្នុងប្រទេស​កម្ពុជា​ ជាពិសេស​សម្រាប់​យុជន​របស់​យើង។ ទីភ្នាក់ងារ​បារាំង​សម្រាប់​ការ​អភិវឌ្ឍន៍​បាន​ជួយ​គាំទ្រ​ដល់​អង្គការ​ស៊ី​ប៉ា​រយៈ​ពេលជា​ ១០​ឆ្នាំមក​នេះ ដោយសារ​យើង​មើល​ឃើញពី​​សារៈសំខាន់​នៃ​បេសកកម្ម​ស៊ីប៉ា​ក្នុង​ការ​អភិវឌ្ឍ​វប្បធម៌ និង​អប់រំ ជាពិសេស​ការ​អភិវឌ្ឍ​អំណាន​សម្រាប់​ប្រទេស​កម្ពុជា​»។

លោក ជួនណារ៉ុន បាន​បន្ដថា គម្រោង​អភិវឌ្ឍន៍​យុវជន​ដំណាក់កាល​ទី​២​នេះ នឹង​ជា​សមាសធាតុ​មួយ​យ៉ាងសំខាន់​ក្នុងការ​តម្រង់ទិស​វិជ្ជាជីវៈ និង​ការងារ​ស្ម័គ្រចិត្ត​របស់​យុវជន​ក្នុង​សហគមន៍​ដែល​គម្រោង​នេះ​មាន​រយៈពេល ៣២​ខែ (​ចាប់​អនុវត្ត​ពី​ខែតុលា ឆ្នាំ​២០២៤ ដល់ ខែឧសភា ឆ្នាំ​២០២៧) ក្នុង​គម្រោង​ថវិកា​ជាង ៩៨​ម៉ឺន​ដុល្លារ ដែល​ក្នុងនោះ ៨០ ភាគរយ​ទទួលបាន​ពី​ទីភ្នាក់ងារ​បារាំង​សម្រាប់​អភិវឌ្ឍន៍ (AFD) និង​២០ ភាគរយ​ជា​បន្ទុក​របស់​អង្គការ​ស៊ី​ប៉ា​។

លោករដ្ឋមន្ដ្រី​បាន​ថ្លែងថា​៖ ​«​គម្រោងនេះ​គាំទ្រ​ដល់​ការអនុវត្ត​គោលនយោបាយ​ជាតិ​ស្តីពី​ការអភិវឌ្ឍ​យុវជន​កម្ពុជា តាមរយៈ​ការផ្តល់​ការតម្រង់ទិស​វិជ្ជាជីវៈ និង​ការបង្កើន​ការចូលរួម​ក្នុង​កិច្ចការ​ស្ម័គ្រចិត្ត​តាមរយៈ​សហគមន៍ និង​សកម្មភាព​អភិវឌ្ឍ​យុវជន​ប្រមាណ ៤​ម៉ឺននាក់​ (៥០ ភាគរយ​ជា​យុវតី​) អាយុ​ចន្លោះ​ពី​១២​ឆ្នាំ ដល់ ២៥​ឆ្នាំ នៅតាម​ទីជនបទ​ក្នុង​ខេត្ត​ចំនួន ២៤ ដែលមាន​វិទ្យាល័យ​ចំនួន​២៦ មជ្ឈមណ្ឌល​យុវជន​ចំនួន​៣ និង​អង្គការ សហគមន៍​មូលដ្ឋានចំនួន​២៣​»៕