ភ្នំពេញ: ព្រឹត្តិការណ៍វប្បធម៌ «មហោស្រពគីហ្សូណា ជប៉ុន-កម្ពុជា ២០២៤» បានបើកការប្រារព្ធពិធីរបស់ខ្លួននៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន (CJCC) ថ្ងៃទី ២២ ខែកុម្ភៈ ក្រោមប្រធានបទ «ទំព័រថ្មីនៃអនុស្សាវរីយ៍។
មហោស្រពឆ្នាំនេះគួរឱ្យកត់សម្គាល់ជាពិសេសដោយសារតែវាប្រារព្ធខួបលើកទី២០ នៃ CJCC ជានិមិត្តរូបនៃទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការដ៏រឹងមាំរវាងប្រទេសជប៉ុន និងកម្ពុជា។
ឧបនាយករដ្ឋមន្ត្រី លោក ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានអញ្ជើញជាអធិបតីក្នុងពិធីនេះ ដោយលោកបានសម្តែងនូវក្តីរំភើបរីករាយ និងបានលើកឡើងពីសារៈសំខាន់នៃមហោស្រពនេះ។
លោកបានលើកឡើងពីតួនាទីរបស់មហោស្រពក្នុងការលើកកម្ពស់ការផ្លាស់ប្តូរវប្បធម៌ និងការអប់រំរវាងប្រជាជាតិទាំងពីរ ដោយការពង្រឹងបន្ថែមទៀតនូវភាពជាដៃគូដែលមានយូរអង្វែង។
លោក ណារ៉ុន បានថ្លែងនៅក្នុងពិធីបើកមហោស្រពថា៖ «ខ្ញុំជឿជាក់ថា មហោស្រពឆ្នាំនេះ មានសារៈសំខាន់ពិសេស នៅពេលដែលយើងប្រារព្ធខួបលើកទី២០ នៃមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន (CJCC)។ រយៈពេល ២ ទសវត្សរ៍នៃទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការដែលមិនផ្លាស់ប្តូររវាងប្រទេសរបស់យើងទាំងពីរបាននាំមកនូវការចងចាំដ៏ស្រស់ស្អាតរាប់មិនអស់ ជាមូលដ្ឋានដ៏រឹងមាំសម្រាប់កិច្ចខិតខំប្រឹងប្រែងនាពេលអនាគតរបស់យើង»។
លោកបានបន្ដថា ប្រធានបទ «ទំព័រថ្មីនៃអនុស្សាវរីយ៍» ដើរតួជាការរំឭកពីសារៈសំខាន់នៃការឱ្យតម្លៃអតីតកាលរបស់ប្រទេសទាំង ២ ខណៈពេលដែលក៏ទន្ទឹងរង់ចាំទទួលយកឱកាស និងបញ្ហាប្រឈមនាពេលអនាគតផងដែរ។
លោកបានទទួលស្គាល់តួនាទីដ៏សំខាន់របស់មជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន (CJCC) ក្នុងការសម្របសម្រួលការផ្លាស់ប្តូរវប្បធម៌ និងការអប់រំរវាងប្រទេសទាំងពីរ ដែលបានពង្រឹងទំនាក់ទំនងយ៉ាងសំខាន់ និងជាមូលដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍថ្មីក្នុងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការលើវិស័យផ្សេងៗ។
លោករដ្ឋមន្ត្រីក៏បានថ្លែងអំណរគុណចំពោះការលើកកម្ពស់ទំនាក់ទំនងរវាងប្រជាជាតិទៅជាភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយនៅឆ្នាំ ២០២៣ ដោយសម្តែងនូវសុទិដ្ឋិនិយមចំពោះសមិទ្ធផលបន្ថែមទៀតក្នុងឆ្នាំខាងមុខ។
ដោយបានលើកឡើងស្រដៀងគ្នានេះ លោក តានិណៃ អ៊ិឈិតុម៉ុ ឧបទូតនៃស្ថានទូតជប៉ុនប្រចាំនៅកម្ពុជា បានសម្តែងនូវអំណរគុណចំពោះពិធីអបអរសាទរខួបលើកទី៧០ នៃទំនាក់ទំនងការទូតរវាងប្រទេសជប៉ុន និងកម្ពុជា។
លោក អ៊ិឈិតុម៉ុ បានគូសបញ្ជាក់ពីការលើកកម្ពស់ទំនាក់ទំនងរបស់ពួកគេទៅជា «ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ» ដែលព្រឹត្តិការណ៍ជាច្រើនដែលបានធ្វើឡើង ដើម្បីអបអរសាទរមិត្តភាពជប៉ុន-កម្ពុជា ដែលបាននាំប្រទេសទាំងពីរកាន់តែជិតស្និទ្ធជាងពេលណាៗទាំងអស់។
លោកបានរំឭកអំពីការបង្កើត CJCC ក្នុងឆ្នាំ ២០០៤ និងតួនាទីវិវត្តន៍របស់ខ្លួនជាស្ពានសម្រាប់ប្រជាជនជាមួយប្រជាជន និងការផ្លាស់ប្តូរធុរកិច្ច-វប្បធម៌រវាងប្រទេសជប៉ុន និងកម្ពុជា។
លោក អ៊ិឈិតុម៉ុ បាននិយាយថា "តាមរយៈព្រឹត្តិការណ៍ទាំងនោះ យើងបានបណ្ដុះបន្ថែមនូវការយល់ដឹងពីគ្នាទៅវិញទៅមក ហើយជាលទ្ធផល មិត្ដភាពនៃប្រទេសទាំងពីរកាន់តែជិតស្និទ្ធជាងពេលណាៗទាំងអស់»។
លោកបានបន្តថា ជាមួយនឹងការចាប់ផ្តើមនៃឆ្នាំ ២០២៤ ពួកគេកំពុងប្រារព្ធខួបលើកទី២០ នៃការបង្កើតមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន (CJCC) ជាព្រឹត្តិការណ៍ដ៏សំខាន់មួយដែលត្រូវបានសម្រេចបានដោយមានការគាំទ្រពីរដ្ឋាភិបាលជប៉ុនចាប់តាំងពីការបង្កើតឡើងក្នុងឆ្នាំ ២០០៤។
លោកបានថ្លែងថា៖ «សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីកម្ពុជា បានចូលរួមក្នុងកម្មពិធីសម្ពោធកាលពីពេលមុន និងបានបង្ហាញចំណាប់អារម្មណ៍ ការរំពឹងទុករបស់សម្ដេចសម្រាប់ការអភិវឌ្ឍនៃ CJCC»។
លោកបានប្រកាសថា ក្នុងរយៈពេល ៣ ថ្ងៃ ចាប់ពីថ្ងៃទី ២៣ ដល់ថ្ងៃទី ២៥ ខែកុម្ភៈ មជ្ឈមណ្ឌលនេះនឹងមានភាពអ៊ូអរជាមួយនឹងសកម្មភាពវប្បធម៌ជាច្រើន។
សកម្មភាពទាំងនេះរួមមានព្រឹត្តិការណ៍ cosplay សិក្ខាសាលារាំ Awa Odori វគ្គដែលផ្តល់ព័ត៌មានអំពីអាហារូបករណ៍ សិក្ខាសាលាសរសេរអក្សរផ្ចង់ សិក្ខាសាលាធ្វើស៊ូស៊ី ក្នុងចំណោមកម្មវិធីផ្សេងៗទៀត ក្នុងគោលបំណងចូលរួម និងបង្កើនអ្នកចូលរួម។
ដូចគ្នានេះដែរ លោកស្រី ប៉ែន មុនីមករា រដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានសាទរចំពោះពិធីមហោស្រពគីហ្សូណាថាជាការឆ្លុះបញ្ចាំងពីចំណងមិត្តភាពដ៏រឹងមាំរវាងកម្ពុជា និងជប៉ុន។
លោកស្រីបានរំឭកឡើងវិញនូវទំនាក់ទំនងការទូតជាច្រើនទសវត្សរ៍ដែលជាកិច្ចសហប្រតិបត្តិការ និងភាពជាដៃគូ ដោយប្រទេសជប៉ុនបានដើរតួនាទីយ៉ាងសំខាន់ក្នុងការអភិវឌ្ឍរបស់កម្ពុជា ជាពិសេសក្នុងវិស័យវប្បធម៌។
លោកស្រី មុនីមករា បានឱ្យដឹងថា៖ «ទំនាក់ទំនងការទូតរយៈពេល ៧ ទសវត្សរ៍របស់យើងបានរីកចម្រើនក្នុងរយៈពេលជាច្រើនឆ្នាំមកនេះ ដែលត្រូវបានកំណត់ដោយស្មារតីនៃកិច្ចសហប្រតិបត្តិការ និងភាពជាដៃគូ»។
ចំណងមិត្តភាពរវាងប្រជាជាតិទាំង ២ ត្រូវបានលើកជាឧទាហរណ៍ដោយការប្តេជ្ញាចិត្តរបស់ប្រទេសជប៉ុន ក្នុងការលើកកម្ពស់សន្តិភាព និងស្ថិរភាពក្នុងតំបន់ និងការដឹងគុណឥតឈប់ឈររបស់កម្ពុជាសម្រាប់ការបន្តគាំទ្ររបស់ប្រទេសជប៉ុន។
លោកស្រីបានសង្កត់ធ្ងន់ថា ការប្រារព្ធពិធីចែករំលែកប្រពៃណី និងបេតិកភណ្ឌ ធ្វើឱ្យការយល់ដឹងគ្នាទៅវិញទៅមកកាន់តែស៊ីជម្រៅ និងបើកផ្លូវសម្រាប់កិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្ម ទេសចរណ៍ និងការអប់រំ ពង្រឹងចំណងមិត្តភាព និងការប្តេជ្ញាចិត្តចំពោះសន្តិភាព និងស្ថិរភាពក្នុងតំបន់៕