លោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានថ្លែងថា ក្រឹត្យក្រមសង្គមមួយចំនួន គឺជាបុព្វហេតុចម្បងនាំទៅដល់បញ្ហានានា ដែលប៉ះពាល់យ៉ាងខ្លាំងដល់លម្ហនៃសិទ្ធិសេរីភាពរបស់ស្ត្រី ការរើសអើងផ្នែកភេទ( Gender) វិសមភាពការងារ អំពើហឹង្សា ការជួញដូរ ការកេងប្រវ័ញ្ច និងអយុត្តិធម៌ក្នុងសង្គមជាដើម។
 
លោកស្រី បានថ្លែងបែបនេះ កាលពីថ្ងៃទី១ ខែមីនា ឆ្នាំ២០២៤ ក្នុងពេលដែលក្រសួងវប្បធម៌ និងវិចិត្រសិល្បៈប្រារព្ធ «ទិវាអន្តរជាតិនារី ៨មីនា ខួបលើកទី១១៣ ឆ្នាំ២០២៤» ។ លោកស្រី បានលើកឡើងទៀតថា ទិវានេះគឺជាព្រឹត្តិការណ៍ក្រើនរំឭក និងជំរុញដល់ការគិតគូរដល់ស្ត្រីឱ្យកាន់តែខ្លាំង និងដោះស្រាយបញ្ហាប្រឈមទាំងនេះឱ្យកាន់តែមានប្រសិទ្ធភាព។ នេះបើតាមហ្វេសប៊ុកក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។
 
លោកស្រីរដ្ឋមន្រ្តី បានមានប្រសាសន៍ទៀតថា ឆ្នាំនេះ ទិវាអន្តរជាតិនារី ត្រូវបានប្រារព្ធក្រោមប្រធានបទ «ស្ត្រីនិងក្មេងស្រី ក្នុងបរិវត្តកម្មឌីជីថល» ដែលជាប្រធានបទសមស្របនឹងបរិយាកាសនៃការប្រើប្រាស់បច្ចេកវិទ្យាកាន់តែខ្លាំង ក្នុងជីវភាពរស់នៅក្នុងសង្គម សេដ្ឋកិច្ច និងនយោបាយ។ ប្រធានបទនេះ បង្ហាញឱ្យឃើញពីទិសដៅ និងការគិតគូរបន្ថែមដល់ស្ថានភាពស្ត្រី ដែលត្រូវដើរឱ្យទាន់សភាពការណ៍ដែលកំពុងវិវត្ត។


 
លោកស្រីបញ្ជាក់ថា៖«ជាលក្ខខណ្ឌធម្មជាតិ ស្ត្រីបានកើតមកជាមួយនូវកម្លាំងរូបវន្តខ្សោយ ជាងបុរស ព្រមទាំងការទទួលខុសត្រូវផ្នែកគ្រួសារខ្លាំងជាងបុរស រួមជាមួយក្រឹត្យ ក្រមសង្គមមួយចំនួន ដែលជាបុព្វហេតុចម្បងនាំទៅដល់បញ្ហានានា ដែលប៉ះពាល់យ៉ាងខ្លាំងដល់លម្ហនៃសិទ្ធិសេរីភាពរបស់ស្ត្រី ការរើសអើងផ្នែក Gender វិសមភាពការងារ អំពើហិង្សា ការជួញដូរ ការកេងប្រវ័ញ្ចនិងអយុត្តិធម៌ក្នុងសង្គមជាដើម»។ 
 
លោកស្រីបានបន្តថា សម្រាប់ប្រទេសកម្ពុជា រាជរដ្ឋាភិបាលនៅគ្រប់អាណត្តិ តែងតែផ្តល់អាទិភាពខ្ពស់ ដល់ស្ថានភាពស្ត្រី លើគ្រប់រូបភាព សង្គម នយោបាយ ឱកាសនិងការអភិវឌ្ឍសមត្ថភាព ដោយបានកំណត់ច្បាស់នៅក្នុងយុទ្ធសាស្ត្រអភិវឌ្ឍន៍ និងផែនការសកម្មភាព រួមជាមួយយន្តការអនុវត្តប្រទាក់ក្រឡា និងដែលមានក្រសួងកិច្ចការនារី ជាសេនាធិការដ៏រឹងមាំ។ 
 
ដើម្បីបន្តពង្រឹងការងារអាទិភាពចំពោះស្ត្រី នៅក្នុងក្របខ័ណ្ឌការងារទូទៅរបស់ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ លោកស្រីបានរំឭក និងផ្តល់យោបល់បន្ថែម ដល់ថ្នាក់ដឹកនាំក្រសួង ជាពិសេសគណៈកម្មការនារីប្រចាំក្រសួង នូវការងារសំខាន់ៗមួយចំនួនដូចជា ការបន្តកំណត់ឱ្យបានច្បាស់ នូវឧបសគ្គនានាក្នុងការបំពេញការងារ បំពេញតួនាទីភារ កិច្ចរបស់ស្ត្រី និងលើកវិធានការបន្ថែមដើម្បីដោះស្រាយ,ការបន្តផ្តល់អាទិភាពជូនស្ត្រី និងលើកទឹកចិត្តស្រី្ត ក្នុងការចូលរួមវគ្គបណ្តុះបណ្តាលសមត្ថភាពនានា ដោយរាប់បញ្ចូលទាំងវគ្គបណ្តុះបណ្តាលជំនាញឌីជីថលផងដែរ។
 
«សូមបន្តកំណត់លក្ខណសម្បត្តិស្ត្រី និងលើកសំណើតែងតាំងស្ត្រី សម្រាប់មុខតំណែងដែលនៅទំនេរ ,ក្នុងករណីមានលក្ខណសម្បត្តិប្រហាក់ប្រហែលគ្នា ត្រូវបន្តផ្តល់អាទិភាពដល់បេក្ខនារី ដែលត្រូវជ្រើសរើសជាមន្ត្រីរាជការក្របខ័ណ្ឌថ្មី និងជាមន្ត្រីជាប់កិច្ចសន្យា និងបន្តយកចិត្តទុកដាក់ចំពោះមន្ត្រីជាស្ត្រីមុនពេលចូលនិវត្តន៍ ដោយត្រូវរៀបចំបែបបទដំឡើងឋានន្តរស័ក្តិនិងថ្នាក់ ទៅតាមអតីតភាពការងារស្របតាមគោលការណ៍ជាធរមាន»។ លោកស្រីរដ្ឋមន្រ្តី បានបញ្ជាក់បន្ថែម។
 
លោកស្រី លើកឡើងទៀតថា គួរបង្កើតឱ្យមានការជួបជុំស្ត្រី បន្ថែមពីទិវានេះ ឱ្យបានយ៉ាងហោចណាស់១ដង ដើម្បីជាវេទិកាសម្រាប់ការជជែកពិភាក្សាលើស្ថានភាពស្ត្រី ការទទួលសំណូមពរ និងការលើកយោបល់ជាដំណោះស្រាយលើបញ្ហាប្រឈមដែលកើតមាន៕