ភ្នំពេញ៖ ស្ថានទូតឥណ្ឌូនេស៊ីប្រចាំនៅរាជធានីភ្នំពេញ បានរៀបចំកម្មវិធីផ្លាស់ប្តូរវប្បធម៌ និងមិត្តភាព ផ្សារអាស៊ាន ២០២៤ ឬ ASEAN Bazaar 2024 នៅថ្ងៃទី ២៧ ខែមេសា ឆ្នាំ ២០២៤ ដោយកិច្ចសហប្រតិបត្តិការជាមួយប្រទេសសមាជិកអាស៊ាន ដែលបានបង្ហាញនូវផ្ទាំងគំនូរដ៏សម្បូរបែបនៃវប្បធម៌ចម្រុះ និងការឯកភាពគ្នាក្នុងចំណោមប្រជាជាតិនានា។
ឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ី លោក Santo Darmosurmarto បានបើកពិធីនេះ ដោយសម្តែងការសាទរចំពោះគំនិតផ្តួចផ្តើមរួមនេះ។
លោកបានថ្លែងថា៖ «ព្រឹត្តិការណ៍នេះត្រូវបានរៀបចំឡើងសម្រាប់ជាផលប្រយោជន៍រួមរបស់យើង ដើម្បីពង្រឹងចំណងមិត្តភាពក្នុងចំណោមសមាជិកគ្រួសារអាស៊ាន នៅរាជធានីភ្នំពេញ ជាពិសេស ក្នុងចំណោមបុគ្គលិក និងក្រុមគ្រួសារនៃបេសកកម្មអាស៊ាននៅរាជធានីភ្នំពេញ ក៏ដូចជា អាជ្ញាធរមូលដ្ឋាននៅកម្ពុជា»។
លោកបានលើកឡើងពីសារៈសំខាន់នៃការចែករំលែកវប្បធម៌តាមរយៈអាហារ ចម្រៀង និងរបាំ ដោយកត់សម្គាល់ថា ឆ្នាំនេះក៏ជាខួបលើកទី ៦៥ នៃទំនាក់ទំនងការទូតរបស់ប្រទេសឥណ្ឌូនេស៊ីផងដែរ។
អញ្ជើញជាអធិបតីក្នុងពិធីនេះ លោកឧបនាយករដ្ឋមន្ដ្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា សុខ ចិន្តាសោភា បានគូសបញ្ជាក់អំពីសារៈសំខាន់នៃផ្សារអាស៊ាន ក្នុងការលើកកម្ពស់ឯកភាព និងភាពចម្រុះ។
លោកបានកត់សម្គាល់ថា៖ «ព្រឹត្តិការណ៍ថ្ងៃនេះគឺជាសក្ខីកម្មសមស្របចំពោះការរួបរួម និងភាពចម្រុះរបស់យើង»។
លោក ចិន្តាសោភា បានលើកឡើងអំពីទំនាក់ទំនងភាសាក្នុងចំណោមប្រទេសអាស៊ាន ដូចជា ពាក្យស្រដៀងគ្នាសម្រាប់ «ផ្សារ» ជាភាសាម៉ាឡេ ឥណ្ឌូនេស៊ី និងកម្ពុជា ដែលបង្ហាញពីទំនាក់ទំនងគ្នាទៅវិញទៅមកនៃតំបន់។
លោកនិយាយថា ប្រជាជនប្រទេសម៉ាឡេស៊ី ប្រ៊ុយណេ សិង្ហបុរី និងឥណ្ឌូនេស៊ី បានប្រើពាក្យដូចគ្នា គឺ "pasar" (ផ្សារ)។ ដូចគ្នានេះដែរ សម្រាប់ភាសាខ្មែរគេហៅថា ទៅផ្សារ ឬ ផ្សារ។
ផ្សារក្នុងកម្មវិធី ASEAN Bazaar មានភាពអ៊ូអរជាមួយនឹងតូបមកពីប្រទេសសមាជិកនីមួយៗ ដោយបង្កើតបានជាពណ៌ចម្រុះនៃរសជាតិ និងសិល្បៈហត្ថកម្មក្នុងតំបន់។
អ្នកទស្សនាបានដើរមើល និងទិញផលិតផលនានាពីអាហារថៃដែលមានរសជាតិហឹរ និងកាហ្វេឥណ្ឌូនេស៊ីដែលមានក្លិនឈ្ងុយ ដល់ផលិតផលម្ហូបអាហារកម្ពុជា សិប្បកម្មហ្វីលីពីនដ៏ប្រណិត និងវាយនភណ្ឌរបស់ម៉ាឡេស៊ី។
បន្ថែមពីការលក់ដូរនេះ នៅមានការសម្តែងសិល្បៈវប្បធម៌ ដូចជា របាំប្រពៃណី និងតន្ត្រីដែលបន្ទរពីបេតិកភណ្ឌចម្រុះនៃប្រជាជាតិអាស៊ាន ធ្វើឱ្យផ្សារអាស៊ានមិនត្រឹមតែជាបទពិសោធន៍ទិញទំនិញប៉ុណ្ណោះទេ ប៉ុន្តែជាការអបអរសាទរវប្បធម៌អាស៊ីអាគ្នេយ៍ថែមទៀត។
លោក ចិន្តាសោភា ក៏បានលើកឡើងអំពីការចូលជាសមាជិកអាស៊ានរបស់កម្ពុជារយៈពេល ២៥ ឆ្នាំ ចាប់តាំងពីការបញ្ចប់សង្គ្រាមស៊ីវិលរយៈពេល ៣ ទសវត្សរ៍។
លោកថ្លែងថា៖ «ការរួបរួមក្នុងភាពចម្រុះគឺជាគន្លឹះនៃអត្តសញ្ញាណអាស៊ាន»។
លោកបានរំឭកពីកិច្ចប្រជុំកំពូលអាស៊ានឆ្នាំ ២០១១ នៅកោះបាលី ដែលមេដឹកនាំបានប្តេជ្ញាការពារ និងលើកកម្ពស់ភាពចម្រុះនៃវប្បធម៌ បង្កើនការយល់ដឹងគ្នាទៅវិញទៅមក និងទទួលស្គាល់សារៈសំខាន់នៃការច្នៃប្រឌិតវប្បធម៌សម្រាប់លទ្ធភាពជោគជ័យនៃផលិតផល និងសិប្បកម្មអាស៊ាន។
ផ្សារអាស៊ានក៏បានបម្រើការជាវេទិកាសម្រាប់ការតាំងពិព័រណ៍វប្បធម៌ ជាមួយនឹងការសម្តែង និងកម្មវិធីនានា។ ការសម្ដែង រួមមានរបាំ Jejer Gandrung រៀបចំដោយស្ថានទូតឥណ្ឌូនេស៊ី របាំប្រពៃណីថៃដោយស្ថានទូតថៃ របាំ Thu Nge Taw ដោយស្ថានទូតមីយ៉ាន់ម៉ា និងការសម្តែង Angklung ដោយ CIIP។
ស្ថានទូតម៉ាឡេស៊ីក៏បានរៀបចំកម្មវិធីបង្ហាញម៉ូដសម្លៀកបំពាក់បែបបដិវត្តន៍ប្រពៃណី ហើយស្ថានទូតវៀតណាមបានបង្ហាញសម្លៀកបំពាក់ Ao Dai។
ស្ថានទូតហ្វីលីពីនបានបង្ហាញពីបទភ្លេងប្រពៃណី ជំរុញឱ្យមានការដឹងគុណ និងការគោរពពីវប្បធម៌កាន់តែស៊ីជម្រៅក្នុងចំណោមអ្នកចូលរួម។
ការលើកកម្ពស់ការផ្សព្វផ្សាយវប្បធម៌ខ្មែរលើឆាកអន្ដរជាតិ
ការរៀបចំផ្សារអាស៊ាននេះ លោកមានមោទនភាព ដែលបានមើលឃើញនូវផលិតផលខ្មែរ ត្រូវបានដាក់តាំងបង្ហាញ ឬលក់ ដូចជា ប្រេងជាច្រើនប្រភេទ។ ផលិតផលរបស់ប្រទេសអាស៊ានទាំង ១០ រំលេចដោយភាពចម្រុះ និងសម្បូរបែប ជាមួយលក្ខណៈរួម។
លោក ចិន្តាសោភា បានថ្លែងប្រាប់អ្នកសារព័ត៌មានក្រោយដើរទស្សនាស្ដង់ផ្សារជាច្រើនតូបរួចមកថា៖ «ជាក់ស្ដែង ស្ដង់នំរបស់ប្រទេសប្រ៊ុយណេ ខ្ញុំស្មានតែនំអន្សមខ្មែរ ពីព្រោះវាមានប្រហាក់ប្រហែលគ្នាខ្លាំងមែនទែន។ នៅស្ដង់របស់មីយ៉ាន់ម៉ា ខ្ញុំចូលចិត្ដណាស់ ដូចនំបញ្ចុកសម្លរក្រហមយើងអ៊ីចឹង។ ប៉ុន្ដែប្រទេសនីមួយៗមានអត្ដសញ្ញាណរៀងៗខ្លួន»។
លោកបានលើកឡើងអំពីការផ្សព្វផ្សាយវប្បធម៌ ម្ហូបអាហារ និងទេសចរណ៍ថា ឯកអគ្គរាជទូកកម្ពុជាប្រចាំនៅបណ្ដាប្រទេសអឺរ៉ុប អូស្ដ្រាលី កូរ៉េខាងត្បូង និងជប៉ុនជាដើម មួយសប្ដាហ៍ចុងក្រោយនេះ បានរៀបចំអបអរសាទរពិធីបុណ្យប្រពៃណីចូលឆ្នាំប្រពៃណីជាតិ។
លោកបន្ដថា នាព្រឹត្ដិការណ៍នោះ មន្ដ្រីទូតទាំងអស់បានផ្សព្វផ្សាយនំបញ្ចុកខ្មែរ រួមទាំងការសម្ដែងសិល្បៈវប្បធម៌ខ្មែរ ដែលលោក បានថ្លែងអំពីអារម្មណ៍រំភើប នៅពេលឃើញកូនខ្មែរ ជាពិសេស ខ្មែរដែលមានកំណើតនៅបរទេស រាំរបាំព្រះរាជទ្រព្យ របាំប្រជាប្រិយ។
លោក ចិន្តាសោភា បានថ្លែងថា៖ «ការប្រារព្វអបអរសាទរពិធីបុណ្យចូលឆ្នាំនោះ យ៉ាងតិចម្ដង ជាឱកាសឱ្យសហគមន៍ខ្មែរក្នុងប្រទេសមួយមកជួបជុំគ្នា។ ខ្ញុំបន្ដការងារពីឯកឧត្ដម ប្រាក់ សុខុន ដោយបន្ថែមពីការលើកកម្ពស់សិល្បៈគ្រប់ទម្រង់ ទាំងរបាំ ភ្លេង យើងកំពុងតែជំរុញវិស័យម្ហូបអាហារ ដូចជា ការចងក្រងសៀវភៅរសជាតិអង្គរ ដែលចាប់លេខ ១ រយៈពេល ៣ ឆ្នាំជាប់គ្នា»។
លោកបានព្រលយថា ក្រៅពីការផ្សព្វផ្សាយខាងលើនេះ នៅខែកក្កដាខាងមុខ កម្ពុជាក៏នឹងធ្វើជាម្ចាស់ផ្ទះរៀបចំព្រឹត្ដិការណ៍កីឡាតេន្ននីសជាលើកដំបូងផងដែរ៕