
លោកយាយម៉ៅ វ័យ ១០៤ឆ្នាំតុបតែងជាអប្សរា ថតដោយលោក រ៉ាហ្វាអែល។ រូបថត Cambodia_streetwise
ភ្នំពេញ៖ នៅក្នុងរូបថតទើបបង្ហោះលើបណ្ដាញសង្គមថ្មីៗ ដែលបង្ហាញពីរូបថតអប្សរាដូនចាស់ រំលេចនូវគ្រឿងអលង្ការទាន់សម័យរួមបញ្ចូលគ្នាយ៉ាងរលូនជាមួយនឹងប្រពៃណី ទទួលបានការគាំទ្រមិនត្រឹមតែលើអាយុរបស់អប្សរាប៉ុណ្ណោះទេ ប៉ុន្តែសម្រាប់តំណាងឱ្យកេរ្តិ៍ដំណែលវប្បធម៌ស្ថិតស្ថេររាប់សតវត្សរ៍មកហើយ។
ក្នុងវ័យ ១០៤ឆ្នាំ លោកយាយ ម៉ៅ ដោយមិនបញ្ចេញឈ្មោះពេញ ដើម្បីការពារឯកជនភាព អាចជាអប្សរាដែលមានវ័យចំណាស់ជាងគេបំផុតក្នុងប្រវត្តិសាស្ត្រកម្ពុជា។
ជីវិតរបស់ដូនចាស់រូបនេះ ដែលឆ្លងកាត់ភាពសប្បាយរីករាយ សោកនាដកម្ម និងការតស៊ូ ឥឡូវនេះបានប្រែក្លាយទៅនិមិត្ដរូបដ៏ទាក់ទាញ និងបំផុសគំនិត។
ដំណើរផ្លាស់ប្តូររបស់ជីដូនជាទីស្រឡាញ់របស់ប្រទេសកម្ពុជាពីអ្នករើសអេតចាយទៅអប្សរាគឺជារៀបចំឡើងដោយអ្នកនិមិត្តទាំងបីរបស់យុវជន តាំង ហ័ងហាវ លោក ខេន បូ និងលោក ពេជ្រ រ៉ាហ្វាអែល។
បុគ្គលទាំងបីនាក់នេះ ម្នាក់ៗសុទ្ធតែស្រឡាញ់មរតក និងសហគមន៍របស់ពួកគេ បានផ្ដួចផ្ដើមគំនិតបង្កើតភាពវិសេសវិសាលចេញពីដូនចាស់នេះ។
លោក រ៉ាហ្វាអែល បាននិយាយថា៖ «យើងមិនមានបំណងដើរតាមនិន្នាការតុបតែងមុខអប្សរាដ៏ពេញនិយមនោះទេ។ ខ្ញុំរីករាយនឹងការថតទិដ្ឋភាពតាមដងផ្លូវ និងអប្សរា។ ដូច្នេះហើយទើបជាការចាប់ផ្ដើមយុទ្ធនាការរបស់យើងគឺ FeelTheWarmth»។
គ្រងសម្លៀកបំពាក់ពណ៌មាសជាអប្សរា ការថតរូបនាពេលថ្មីៗនេះរបស់លោកយាយ ម៉ៅ មិនត្រឹមតែបានល្បីរន្ទឺប៉ុណ្ណោះទេ ថែមទាំងបានធ្វើឱ្យមានការចាប់អារម្មណ៍យ៉ាងទូលំទូលាយលើឫសគល់វប្បធម៌របស់ប្រទេសកម្ពុជាក្នុងចំណោមយុវជនជំនាន់ក្រោយទៀត។
លោក រ៉ាហ្វាអែល បានប្រាប់ភ្នំពេញប៉ុស្ដិ៍ថា៖ «ការថតប្រកបដោយភាពច្នៃប្រឌិតសម្រាប់ជីដូនដ៏ស្រស់ស្អាតទាំងពីរនេះត្រូវបានគ្រោងទុកមុនតាំងពីមិនទាន់មានការពេញនិយមលើការតុបតែងមុខបែបអ្នករបាំបុរាណ។ វាគ្រាន់តែថា កាលបរិច្ឆេទថតរបស់យើង និងប្រជាប្រិយភាពខ្ពស់បំផុតនៃនិន្នាការកើតឡើងក្នុងពេលតែមួយ»។
លោក រ៉ាហ្វាអែល ឬ Cambodia_streetwise បាននិយាយថា៖ «ដូច្នេះហើយ ពួកយើងសម្រេចចិត្តដាក់បញ្ចូលវា ដើម្បីបង្ហាញពីថាមពល និងសេចក្តីរីករាយរបស់ជីដូន»។

លោកយាយ រក្សា តុបតែងជាអប្សរា ថតដោយលោក រ៉ាហ្វាអែល។ រូបថត Cambodia_streetwise
យុទ្ធនាការ FeelTheWarmth គឺជាកិច្ចសហការពិសេសរវាងយុវជនទាំងបីជាមួយមូលនិធិកុមារកម្ពុជា (CCF) ក្នុងឱកាសប្រារព្ធខួបលើកទី ២០ របស់ខ្លួន។
អ្នកនាង ហែម ឡែន អ្នកសម្របសម្រួលយុទ្ធនាការនេះ ដែលមកពីអង្គការ (CCF) បាននិយាយថា លោកយាយ ម៉ៅ និងលោកយាយ រក្សា ត្រូវបានជ្រើសរើសដោយសារពួកគេមានបុគ្គលិកលក្ខណៈវិជ្ជមាន និងមានទំនុកចិត្ត ទោះបីមានប្រវត្តិលំបាកក៏ដោយ។
អ្នកនាងបានប្រាប់ភ្នំពេញប៉ុស្ដិ៍ថា៖“«ម្រោងនេះគឺដើម្បីអបអរសាទរស្ត្រី និងជាពិសេសស្ត្រីចំណាស់សម្រាប់ទិវាមាតានៅកម្ពុជា។ លោកយាយត្រូវបានជ្រើសរើសឱ្យតំណាងស្ត្រីវ័យចំណាស់ក្នុងប្រទេសកម្ពុជា និងតួនាទីដែលពួកគាត់ដើរតួក្នុងវប្បធម៌ខ្មែរ»។
លោក តាំង ហ័ងហាវ ស្ថាបនិក Local4Local បានឱ្យដឹងថា អង្គការ (CCF) របស់លោក ស្កុត នីសុន គឺជាអង្គការក្រៅរដ្ឋាភិបាលមួយដែលឧទ្ទិសដល់ការជួយដល់កុមារ និងជីដូន។ លោកថា ពួកគេសហការជាមួយ CCF ព្រោះពួកគេចង់ចូលរួមគាំទ្របុព្វហេតុសង្គម។
លោក ហាវ បានប្រាប់ភ្នំពេញប៉ុស្តិ៍ថា៖ «យើងមិនមែនជាក្រុមហ៊ុនទេ ប៉ុន្តែជាសហករនៃការច្នៃប្រឌិតរបស់កម្ពុជា ក្នុងបេសកកម្មលើកកម្ពស់វិស័យទេសចរណ៍កម្ពុជា ដោយផ្ដោតលើប៉ាវចនា 3Ps - People, Place, និង Plate»។
គំនិតផ្តួចផ្តើម FeelTheWarmth របស់ពួកគេ មានគោលបំណងមិនត្រឹមតែគាំទ្រប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្ហាញអំពីស្មារតីដែលមិនអាចបំភ្លេចបាន និង សារៈសំខាន់នៃវប្បធម៌របស់ស្ត្រីទាំងនេះ។
លោក ហាវ ដែលបានបើកដំណើរការ Local4Local ក្នុងខែមេសា ឆ្នាំ ២០២០ ដោយមានគោលបំណងជួយអ្នករត់ស៊ីក្លូវ័យចំណាស់ និងគ្រួសារដែលរស់នៅតាមដងផ្លូវ បាននិយាយថា៖ «វាជាចលនាដឹកនាំដោយភាពច្នៃប្រឌិតដែលផ្សព្វផ្សាយអំពីភាពសម្បូរបែបរបស់ប្រទេសកម្ពុជាលើសពីប្រាសាទ និងរបបខ្មៅងងឹត»។
ស្នាមជ្រីវជ្រួញនីមួយៗនៅលើមុខរបស់លោកយាយ ប្រាប់ពីដំណើររឿងជាច្រើនទសវត្សរ៍កន្លងផុតទៅ តាំងពីការរស់រានមានជីវិតពីរបបខ្មែរក្រហម រហូតដល់ជីវិតបច្ចុប្បន្នភាព ដែលលោកយាយទទួលបានការគាំទ្រតាមរយៈមូលនិធិកុមារកម្ពុជា (CCF)។
នៅអាយុ ១០៤ ឆ្នាំ លោកយាយ ម៉ៅ បានរស់រានមានជីវិតពីភាពភ័យរន្ធត់នៃរបបខ្មែរក្រហម ដោយត្រូវបាត់បង់ស្វាមី និងកូនប្រាំមួយនាក់ និងតស៊ូជាមួយកូនបួននាក់ដែលនៅរស់។
ដោយគ្មានសាច់ញាតិនៅសល់ ដូនចាស់រូបនេះដើររើសអេតចាយនៅស្ទឹងមានជ័យ ជាថ្នូរប្រាក់បន្ដិចបន្ដួចចិញ្ចឹមជីវិត។ ឥឡូវនេះជាផ្នែកមួយនៃកម្មវិធី Granny (CCF) លោកយាយ ម៉ៅ រីករាយនឹងជីវិតដែលកាន់តែមានផាសុកភាពនៅក្នុងទីក្រុងភ្នំពេញ។
ក្នុងនាមជាសមាជិកចាស់ជាងគេរបស់អង្គការ CCF លោកយាយត្រូវបានរាប់បញ្ចូលជាប្រវត្តិសាស្ត្រ និងបេតិកភណ្ឌវប្បធម៌ដ៏សម្បូរបែបរបស់ប្រទេសកម្ពុជា ក្នុងនាមជាអប្សរាដ៏មានតម្លៃបំផុតមួយ។
អប្សរាម្នាក់ទៀតឈ្មោះយាយ រក្សា អាយុ ៧៩ឆ្នាំ បង្កប់នូវភាពកក់ក្ដៅ និងចិត្តសប្បុរស ដែលគេឃើញតែងតែចែករំលែកអាហារជាមួយសហគមន៍របស់លោកយាយ។
លោកយាយបានបង្ហាញនូវឈុតអប្សរាជាមួយការតុបតែងដោយគ្រឿងអលង្ការមាស ដែលតំណាងឱ្យសិល្បៈវប្បធម៌ដ៏សម្បូរបែបនៃប្រទេសកម្ពុជា។
ការបង្ហាញកាយវិការ និងអាកប្បកិរិយារីករាយរបស់លោកយាយ នាំមកនូវស្មារតីនៃទំនាក់ទំនងយ៉ាងស៊ីជម្រៅរវាងអតីតកាលរបស់ប្រទេសកម្ពុជា និងជីវិតរស់រវើករបស់ស្ត្រីវ័យចំណាស់។
ជារៀមច្បងម្នាក់នៅក្នុងកម្មវិធី Girls2Grannies (G2G) របស់អង្គការ CCF លោកយាយ រក្សា ត្រូវបានគេហៅថាលោកយាយជាគំរូដលក្មេងស្រីដទៃ។
ជាអ្នករស់រានមានជីវិតពីរបប ប៉ុល ពត លោកយាយក៏ប្រឈមនឹងការបាត់បង់ដ៏ធំធេង និងតស៊ូជាមួយជំងឺធ្លាក់ទឹកចិត្តផងដែរ។
ឥឡូវនេះ ដោយបានកាន់សីលរៀងរាល់សប្ដាហ៍ ភាពស្រស់បំព្រងរបស់លោកយាយ រក្សា ជានិមិត្តរូបនៃភាពធន់ និងក្តីសង្ឃឹមចំពោះអ្នកទាំងអស់ដែលស្គាល់លោកយាយ។
រូបថតឃ្យូតៗអប្សរាដូនចាស់ទាំងពីរ ល្បីពេញហ្វសប៊ុក ដោយគ្រាន់តែបង្ហោះ ២៤ ម៉ោង ទទួលបានការចែករំលែក (Share) ជាង ១៦០០០ (16k)។
ស្មារតី និងថាមពលដែលបានបង្ហាញពីជីដូនគឺពិតជាអស្ចារ្យ ហើយដោយមានជំនួយពី CCF, StudioKH និង LPC Studio។
លោក ហាវ បាននិយាយថា៖ «យើងប្រើពេលវេលាថតខ្លីៗ និងមិនបង្ខំ ដើម្បីកុំឱ្យពួកគាត់នឿយហត់។ យើងសង្ឃឹមថា វីដេអូ និងរូបភាពទាំងនេះអាចផ្តល់ស្នាមញញឹម និងទាក់ទាញបេះដូងប្រជាជនកម្ពុជា»។
លោកបន្ដថា៖ «ប៉ុន្តែសំខាន់បំផុត គឺផ្តល់ឱ្យជីដូននូវបទពិសោធន៍ និងការចងចាំដ៏អស្ចារ្យដែលមិនអាចបំភ្លេចបាន។ នេះគ្រាន់តែជាការចាប់ផ្តើមនៃយុទ្ធនាការរបស់យើង ហើយយើងសង្ឃឹមថានឹងនាំមកនូវមាតិកាបន្ថែមទៀត ដើម្បីលើកស្ទួយប្រទេសកម្ពុជា»៕