កំពង់ចាម៖ គម្រោងសិល្បៈពនេចរ (NomadiX Art Tour) ស្តីពី «សិល្បៈ សហគមន៍ និងបរិស្ថាន» នឹងរៀបចំឡើងនៅខេត្តកំពង់ចាមនៅចុងឆ្នាំ ២០២៤ និងរាជធានីភ្នំពេញនៅឆ្នាំ ២០២៥ ជាមួយនឹងការតាំងពិពណ៌ធំៗជាបន្តបន្ទាប់។
ក្រុមសិល្បករទីសំចត (tiSamjort) ក៏ដូចជា វេទិកានៃអង្គការមិនមែនរដ្ឋាភិបាលស្តីពីកម្ពុជា (NGOF) និង Anicca Foundation ដែលជាអ្នកអនុវត្តគម្រោង និងទទួលបានការគាំទ្រមូលនិធិពីទីភ្នាក់ងារស្វីសសម្រាប់ការអភិវឌ្ឍន៍ និងកិច្ចសហប្រតិបត្តិការ (SDC)បានរៀបចំសិក្ខាសាលាសិល្បៈទី ១ ដោយជោគជ័យ នៅវត្តសិរីសាគរកោះកំពង់ត្រុំ ស្ថិតក្នុងឃុំកោះមិត្ត ស្រុកកំពង់សៀម ខេត្តកំពង់ចាម។
ពិព័រណ៍នៅចុងឆ្នាំនេះនឹងបង្ហាញស្នាដៃសិល្បៈពីសិក្ខាសាលាដែលធ្វើឡើងនៅតាមខេត្តនានាផងដែរ។
ពិព័រណ៍ទាំងនេះមានគោលបំណងបង្ហាញនូវទម្រង់សិល្បៈដ៏សម្បូរបែប រួមទាំង ការសម្តែងវប្បធម៌ ប្រកបដោយភាពច្នៃប្រឌិតរបស់សិល្បករក្នុងស្រុក និងអ្នកចូលរួមមកពីសិក្ខាសាលាក្នុងខេត្តក្រចេះ ស្ទឹងត្រែង និងកំពង់ចាម។
អ្នកនាង ប៉ុក ម៉ារីណា ជាអ្នកសម្របសម្រួលគម្រោងបានថ្លែងដោយភាពរីករាយថា «គម្រោងសិល្បៈពនេពរ បានវិលត្រឡប់មកវិញនៅឆ្នាំ ២០២៤ នេះ បន្ទាប់ពីជំងឺរាតត្បាតបានកើតឡើង។ ទឹកចិត្ត និងការលះបង់របស់សិល្បករខ្មែរសហសម័យចំនួន ៤ រូប បាននាំមកនូវភាពដ៏អស្ចារ្យ និងភាពរស់រវើកនៅក្នុងសហគមន៍នៃខេត្តកំពង់ចាម»។
អ្នកនាងបានសង្កត់ធ្ងន់ថា ការតាំងពិព័រណ៍ទាំងនេះនឹងអបអរសាទរការច្នៃប្រឌិត និងស្មារតីសហគមន៍ លើកកម្ពស់ការយល់ដឹងអំពីបញ្ហាបរិស្ថានតាមរយៈអំណាចនៃសិល្បៈ។
អ្នកចូលរួមអាចទន្ទឹងរង់ចាំមើលស្នាដៃសិល្បៈចម្រុះ រួមទាំងការថតរូប ការថតវីដេអូ គំនូរ និងរូបចម្លាក់ ដែលពណ៌នាអំពីបញ្ហាបរិស្ថាន និងសំណើដំណោះស្រាយសហគមន៍។
ការសម្តែងបែបប្រពៃណីខ្មែរ ដូចជា របាំបុរាណ ល្ខោនស្រមោលស្បែកធំ និងល្ខោនបាសាក់ នឹងផ្តល់នូវបទពិសោធន៍វប្បធម៌ដ៏សម្បូរបែប។
យោងតាមអ្នករៀបចំកម្មវិធីបាននិយាយថា៖ «អ្នកចូលរួមនឹងមានឱកាសពិសេសក្នុងការចូលរួមដោយផ្ទាល់ជាមួយសិល្បករ ស្វែងយល់ពីដំណើរច្នៃប្រឌិតរបស់ពួកគេ និងចូលរួមក្នុងការពិភាក្សាលើប្រធានបទនៃការអភិរក្សបរិស្ថាន និងកេរ្តិ៍ដំណែលសិល្បៈ»។
សិក្ខាសាលាកាលពីថ្ងៃទី២៤ ខែឧសភា នៅខេត្តកំពង់ចាម បានបញ្ចប់ជាមួយនឹងសិល្បៈមួយយប់ រួមទាំងការបញ្ចាំងភាពយន្ត និងការសម្តែងសិល្បៈក្នុងស្រុកដ៏ជក់ចិត្ត។
ការសម្តែងសិល្បៈទាំងនេះមានរបាំបុរាណខ្មែរ របាំប្រពៃណី និងល្ខោនបាសាក់ ដែលជាល្ខោនប្រពៃណីខ្មែរ ដែលមានអ្នកចូលរួមប្រមាណ ៣០០នាក់។
គម្រោងសិល្បៈពនេចរ ផ្ដោតលើសកម្មភាពចំនួន ៣ គឺការរៀបចំសិក្ខាសាលា ដែលត្រូវរៀបចំនៅខេត្ដកំពង់ចាម ក្រចេះ និងស្ទឹងត្រែង ខណៈគម្រោងទីពីរ និងទីបី ផ្ដោតលើពិព័រណ៍ស្នាដៃសិស្សនៅកំពង់ចាម ក៏ដូចជានៅភ្នំពេញ។
លោក សុង សេង អ្នកសម្របសម្រួលគម្រោង បានប្រាប់ភ្នំពេញប៉ុស្ដិ៍ថា៖ «ចំពោះសិក្ខាសាលាទាំង ៣ ខេត្ដ ដែលនៅកំពង់ចាម បានរៀបចំរួចហើយ នៅខេត្ដក្រចេះ និងស្ទឹងត្រែង នៅខែកក្កដាខាងមុខ យើងមានកម្មវិធីបង្ហាត់បង្រៀនសិស្សអំពីសិល្បៈទម្រង់ផ្សេងៗទៅតាមសិល្បករ ដែលត្រូវបានអញ្ជើញពីខេត្ដនោះផ្ទាល់ ហើយនៅពេលរសៀល យើងមានកម្មវិធីវេទិកាជជែក និងបង្ហាញស្នាដៃរបស់ពួកគេ»។
លោកបានបន្ដថា នៅថ្ងៃទី ៣០ ខែវិច្ឆកា ខាងមុខនេះ គម្រោងសិល្បៈពនេចរ នឹងធ្វើការតាំងពិព័រណ៍ស្នាដៃសិល្បៈទាក់ទងប្រធានបទបរិស្ថានរយៈពេលមួយថ្ងៃនៅខេត្ដកំពង់ចាម។
លោក សេង បានលើកឡើងថា នៅខែកុម្ភៈ ឆ្នាំ២០២៥ គម្រោងសិល្បៈពនេចរ នឹងរៀបចំពិព័រណ៍ធំមួយទៀតនៅរាជធានីភ្នំពេញដែលនឹងគ្រោងធ្វើរយៈពេលពីរសប្ដាហ៍។
ការតាំងពិព័រណ៍នេះមានគោលបំណងប្រើប្រាស់សិល្បៈដើម្បីលើកកម្ពស់ការយល់ដឹងអំពីបញ្ហាបរិស្ថាន និងបម្រែបម្រួលអាកាសធាតុ ដោយជំរុញឱ្យសហគមន៍គិតគូរ និងធ្វើសកម្មភាព ខណៈដែលសង្កត់ធ្ងន់លើការអភិរក្សបេតិកភណ្ឌសិល្បៈខ្មែរ និងជនជាតិដើមភាគតិច។
កញ្ញា អោម សុមាលី ប្រធានកម្មវិធី នៃវេទិកានៃអង្គការមិនមែនរដ្ឋាភិបាលស្តីពីកម្ពុជា បានឱ្យដឹងថា៖ «ក្រុមការងារពួកយើងនឹងបន្តរៀបចំ សិក្ខាសាលាលើកទីពីរ របស់គម្រោងសិល្បៈពនេចរ ដែលគ្រោងនឹងរៀបចំឡើងនៅវត្តបញ្ចសិលាថ្មគ្រែ ក្រោមការចូលរួមសហការពីវិទ្យាល័យថ្មគ្រែ ក្នុងខេត្តក្រចេះ នៅថ្ងៃទី ១២ ខែកក្កដា ខាងមុខនេះ និងសិក្ខាសាលាចុងក្រោយ គ្រោងនឹងរៀបចំឡើងនៅប្រាសាទព្រះគោ ស្ថិតក្នុងឃុំថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង នៅថ្ងៃទី ១៥ ខែកក្កដា ដូចគ្នា»។
សមិទ្ធផលដ៏អស្ចារ្យ ដែលកើតចេញពីសិក្ខាសាលានៅក្នុងខេត្តទាំងបី នឹងត្រូវយកទៅបង្ហាញជូននៅក្នុងកម្មវិធីពិព័រណ៍ធំៗចំនួនពីរ ក្នុងខេត្តកំពង់ចាមនៅចុងឆ្នាំ ២០២៤ និងទីក្រុងភ្នំពេញនៅដើមឆ្នាំ ២០២៥ ។
ដើម្បីទទួលបានព័ត៌មានបន្ថែមអំពីគម្រោងសិល្បៈពនេចរ និងព្រឹត្តិការណ៍នាពេលខាងមុខ សូមចូលទៅកាន់ទំព័រហ្វេសប៊ុក https://www.facebook.com/NomadiXArtTour៕