រូបចម្លាក់សត្វអណ្ដើកត្រូវបានរកឃើញនៅតាមស្រះទឹកនៃប្រាសាទបុរាណមួយចំនួន ដែលកសាងក្នុងសម័យអង្គរ។ បច្ចុប្បន្ននេះ មានចម្លាក់អណ្ដើកចំនួន ៦ ត្រូវបានតម្កល់នៅសារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ។
បើយោងតាមលោក ភួយ សាវឿត ប្រធានស្ដីទីសារមន្ទីរនេះបានឲ្យដឹងថា ក្នុងចំណោមចម្លាក់អណ្ដើកទាំង ៦ ដែលតម្កល់នៅសារមន្ទីរនេះ មាន ៣ ធ្វើពីថ្មភក់ ដែលក្នុងនោះ ចម្លាក់អណ្ដើត ២ រកឃើញនៅស្រះស្រង់កាលពីឆ្នាំ ២០២០ ហើយចម្លាក់មួយទៀតរកឃើញនៅស្រះទឹកនៃប្រាសាទបាយ័នក្នុងខែមេសា ឆ្នាំ ២០២៤ នេះ។ ចំណែកចម្លាក់ ៣ ទៀតធ្វើពីលោហៈដែលមានទំហំតូចជាងចម្លាក់ធ្វើពីថ្មភក់ ត្រូវបានរកឃើញនៅព្រលានជល់ដំរី។
ការរកឃើញចម្លាក់អណ្ដើកទាំងនេះអាចចោទជាចម្ងល់ថាតើហេតុអ្វីបានជា បុព្វបុរសខ្មែរបញ្ចុះចម្លាក់អណ្ដើតនៅតាមប្រាសាទនិងស្រះទឹកទាំងនោះ។
មគ្គុទ្ទេសទេសចរណ៍ម្នាក់ឈ្មោះ ញឹម ស៊ីដេត បានចែករំលែកអាថ៌កំបាំងនេះនៅលើបណ្ដាញសង្គមថា អណ្ដើកគឺជាអវតាទី២នៃព្រះវិស្ណុនៃសាសនាហិណ្ឌូ។ នៅពេលកូរសមុទ្រទឹកដោះដែលជាការប្រជែងគ្នារវាងពួកយក្សនិងក្រុមទេវតាដើម្បីបានទឹកអម្រឹតដែលជាថ្នាំធ្វើឲ្យមានជីវិតអមតៈ ក្រុមទាំងពីរបានយកនាគវាសុគីជាព្រ័ត្រ ហើយយកភ្នំមន្ទរៈជាស្នូល។ ប៉ុន្តែ ដោយកម្លាំងដ៏ខ្លាំងក្លារបស់ពួកយក្សនិងទេវតា ធ្វើឲ្យភ្នំនោះផ្អៀង ហើយពេលនោះព្រះវិស្ណុក៏និមិត្តធ្វើជាអណ្ដើកដើម្បីទប់កុំឲ្យភ្នំនោះផ្អៀងឬលិចចូលទៅក្នុងសមុទ្រ។
ដោយមូលហេតុនេះហើយបានជាបុព្វបុរសខ្មែរសម័យអង្គរដែលភាគច្រើនមានជំនឿលើសាសនាហិណ្ឌូ ឬព្រហ្មញ្ញសាសនាបញ្ចុះសត្វអណ្ដើតដើម្បីទ្រកុំឲ្យប្រាសាទស្រុតឬផ្អៀង។
លោកសាស្ត្រាចារ្យប្រវិត្តិសាស្ត្រ និងសិលាចារឹក វង់ សុធារ៉ា ថ្លែងថា មិនមានឯកសារផ្លូវការឬក្បួនខ្នាតជាលាយលក្ខណ៍អក្សរណាមួយដែលពន្យល់អំពីរឿងនេះទេ។ ប៉ុន្តែ លោកក៏យល់ឃើញថា វាជាប់ពាក់ព័ន្ធនឹងរឿងទេវកថា កូរសមុទ្ទទឹកដោះដូចការលើកឡើងរបស់លោក ស៊ីដេត ដែរ។
លោកសាស្ត្រាចារ្យបន្តថា បុព្វបុរសខ្មែរតែងតែកសាងសំណង់សាសនា ដោយបង្កប់ន័យទស្សនវិជ្ជា ជានិមិត្តរូប តាមទ្រឹស្តីសាសនាព្រាហ្មណ៍របស់ឥណ្ឌា ខុសពីសំណង់នានានៅស្រុកឥណ្ឌា។
លោកថា គេអាចឃើញប្រាសាទនានាជាជម្រករបស់អាទិទេព និងជាតំណាងឱ្យភ្នំព្រះសុមេរុ និងជាស្ថានសួគ៌ពិសិដ្ឋ តែងតែមានគូទឹកព័ទ្ធជុំវិញ ដែលអ្នកប្រាជ្ញបារាំងបានអះអាងថា ជានិមិត្តរូបមហាសមុទ្ទព័ទ្ធទ្វីប ឬ ភ្នំ ខុសពីប្រាសាទនៅប្រទេសឥណ្ឌា។
ហេតុផលមួយទៀត លោកថ្លែងដូច្នេះថា៖ «តាំងតែពីសម័យបុរាណមក មនុស្សបានដឹងឮទាំងអស់គ្នាថា អណ្ដើកជាសត្វមានអាយុវែងជាងគេ ក្នុងចំណោមសត្វលោកទាំងអស់។ ហេតុដូច្នេះ ខ្ញុំយល់ថា ការកឃើញរូបបដិមាអណ្ដើកថ្មនៅបាតប្រាសាទ ឬស្រះ គួរតែជានិមិត្តរូប ឧទ្ទិសដល់អណ្ដើកកូម៌ៈ ជាអវតាររបស់ព្រះវិស្ណុ ដែលកល់ភ្នំ ឬប្រាសាទដែលបានពន្យល់ខាងលើ កុំឱ្យដួលរលំ ឬអន្តរាយក្នុងពេលដ៏យូអង្វែង»។
ក្រៅពាក់ព័ន្ធនឹងសាសនាហិណ្ឌូ សត្វអណ្ដើកក៏ជាប់ពាក់ព័ន្ធនឹងព្រះពុទ្ធសាសនាផងដែរ គឺព្រះពុទ្ធទី៣ ឈ្មោះថា ព្រះពុទ្ធកស្សបោ។ ក្នុងកិច្ចសាសនា គេតែងព្រលែងសត្វអណ្ដើកដោយគេជឿថា វានឹងនាំគ្រោះឧបទ្រពចង្រៃឲ្យចាកចេញទៅតាមទឹក។ នេះបើតាមព័ត៌មាននៅសារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ៕