ដើម្បី​អបអរ​ពិធី​ចម្រើន​ព្រះជន្ម ​សម្តេច​ព្រះមហាក្សត្រី ​នរោត្តម មុនិនាថ ​សីហនុ ​សារមន្ទីរ​ជាតិ​កម្ពុជា​ នឹង​បើក​ពិព័រណ៍​មួយ​ស្តី​ពី​ «រូប​ចម្លាក់​ខ្មែរ​ដែល​ប្រគល់​ត្រឡប់​មក​ព្រះ​រាជាណា​ចក្រ​កម្ពុជា​វិញ»​ រយៈ​ពេល​ ៦ ខែ ចាប់​ពី​ថ្ងៃ​អង្គារ ទី១៨ ខែ​មិថុនា ដល់​ថ្ងៃ​ពុធ ទី១៨ ខែធ្នូ ឆ្នាំ២០២៤។

លោក ឆាយ វិសុទ្ធ ប្រធាន​សារមន្ទីរជាតិ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃ​នេះ​ថា វត្ថុបុរាណ​ចំនួន​ ៩៩ ដុំ​នឹង​ត្រូវ​ដាក់​តាំង​នៅ​សារមន្ទីរ​ជាតិ ចាប់​ពី​ថ្ងៃស្អែក ដោយ​រូបទាំង​នេះ​សុទ្ធតែ​ត្រូវ​បាន​ប្រគល់​មក​ឲ្យ​កម្ពុជា​វិញ​ពី​បរទេស​បន្ទាប់​ពី​ត្រូវ​បាន​លួច​នាំ​ចេញ​ពី​កម្ពុជា​កាល​ពី​សម័យ​សង្គ្រាម ឬ​ក្រោយ​សង្គ្រាម។

បើ​តាមលោក វិសុទ្ធ រូប​ចម្លាក់​ដែល​នឹង​ត្រូវ​ដាក់​តាំង​ភាគច្រើន​គឺជា​គ្រឿង​អលង្ការ​ធ្វើ​ពី​មាស សំរឹទ្ធ។ ក្រៅពី​នេះ​ក៏​មាន​ចម្លាក់​ថ្ម​ចំនួន​ ៥​ ដែល​នឹង​ដាក់​តាំង​នៅ​ដំណាក់​កាល​ដំបូង។ បន្ទាប់​មក​នឹង​មាន​ការ​ផ្លាស់​ប្ដូរ​រូប​រៀងរាល់​ខែ។

គិត​ចាប់​ពី​ឆ្នាំ​១៩៩៦​មក កម្ពុជា​ទទួល​បាន​វត្ថុបុរាណ​​ត្រឡប់​មក​វិញ​ជាង ៨០០​ដុំ ដែល​ក្នុង​នោះ​ទទួល​បាន​​រយៈ​ការទាមទារ​និង​ការ​ចរចា​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ដោយ​មាន​កិច្ច​សហប្រតិបត្តិការ​ជាមួយ​ប្រទេស​ជា​មិត្ត និង​តាម​រយៈ​ការ​ប្រគល់​ជូន​មក​វិញ​ពី​សប្បុរសជន។ នេះបើ​តាម​លោក វិសទ្ធ។

រូប​ចម្លាក់​​និង​​គ្រឿង​​អលង្ការ​​ដែល​​កម្ពុជា​​ទទួល​​បាន​​មក​​វិញ នឹង​ត្រូវ​ដាក់​តាំង​នៅ​សារមន្ទីរ​ជាតិ​រយៈ​ពេល ៦ ខែ​​ចាប់​​ពី​ថ្ងៃទី​១៨ ខែ​មិថុនា។ រូបថត់៖ សារមន្ទីរជាតិ

ក្នុង​ឱកាស​តាំងបង្ហាញ​នេះ លោក វិសុទ្ធ អំពាវនាវ​ដល់​សាធារណជន ជាពិសេស​អ្នក​រស់​នៅ​រាជធានី​ភ្នំពេញ និង​សិស្សា​នុសិស្ស​ឲ្យ​មក​ទស្សនា​ការ​តាំង​ពិព័រណ៍​នេះ​ឲ្យ​បាន​ច្រើន ទោះបី​ជា​សារមន្ទីរ​មិន​អាច​ដាក់​តាំង​វត្ថុបុរាណ​ដែល​ទទួល​បាន​មកវិញ​ទាំង​អស់​ក៏ដោយ។

លោក​ថ្លែង​ដូច្នេះ​ថា៖ «យើង​ព្យាយាម​ដាក់​តាំង​រំលេច​រូប​សំខាន់ៗ​មួយ​ចំនួន​ដែល​យើង​ទទួល​បាន​អាច​ថា​មួយ​ទសវត្សរ៍​ចុង​ក្រោយ​នេះ។ គាត់​អាច​មក​ទស្សនា​រូប​ទាំង​នោះ និង​មក​ស្គាល់​សារមន្ទីរ​ជាតិ​ផង​ ក្នុង​នាម​ជា​យុវជន​ជំនាក់​ក្រោយ។ សម្រាប់​ឪពុក​ម្ដាយ​ ជាពិសេស​អ្នក​រស់​នៅ​ទីក្រុង​ភ្នំពេញ គាត់​ក៏​អាច​មក​ទស្សនា​បាន​នា​ឱកាស​នេះ​ដើម្បី​លើក​ទឹក​ចិត្ត​ឲ្យ​កូន​តូចៗ​ស្រឡាញ់ និង​ចូលរួម​ថែរក្សា​ការពារ​មរតក​វប្បធម៌​របស់​ខ្មែរ​យើង»។

ការ​ចូល​ទស្សនា​សារមន្ទីរជាតិ​ដែល​នៅ​ក្បែរ​ព្រះ​បរមរាជវាំង​ មាន​តម្លៃ ៥០០​រៀល​សម្រាប់​ពលរដ្ឋ​ខ្មែរ​ម្នាក់។ អ្នក​ទស្សនា​គួរ​ស្លៀក​ពាក់​ឲ្យ​បាន​សមរម្យ​កុំ​ឲ្យ​ខើចលើ​ខើច​ក្រោម ព្រោះ​សារមន្ទីរ​គឺជា​កន្លែង​តម្កល់​វត្ថុបុរាណ។ នេះ​ជា​ការ​អំពាវនា​របស់​លោក វិសុទ្ធ។

លោក​ថា ពេល​មក​ដល់ ​​ទស្សនិកជន​គួរ​ផ្ញើរ​កាបូប​ធំៗ​នៅ​កន្លែង​ផ្ញើរ​អីវ៉ាន់ ហើយ​មិន​ត្រូវ​កាន់​ភេសជ្ជៈ​ដើរ​បរិភោគ​នៅ​ក្នុង​សារមន្ទីរ និង​មិន​ត្រូវ​ស្ទាប​រូប​ចម្លាក់​នានា​ដែល​ដាក់​តាំង​ដើម្បី​ការពារ​កុំ​ឲ្យ​ប៉ះ​ពាល់​ដល់​រូប​ចម្លាក់​ទាំង​អស់៕