ភ្នំពេញ៖ វិចិត្រសាល​ ផ្ទះ​មេត្ដា​ នឹង​បើក​មហោស្រព​ភាពយន្ត «និយាយ​ចេញ​មក បងប្អូន​ស្រី!» លើក​ទី​២ នៅ​ថ្ងៃទី ១១ ដល់ ១៦ ខែ​មិថុនា ដោយ​មាន​ការ​ចាក់​ផ្សាយ​​ភាពយន្ត​ខ្មែរ និង​អន្តរជាតិ​ជាច្រើន​រឿង និង​អំពី​ស្ត្រី។ ការ​បើក​ព័រណ៍​នេះ​គឺ​បន្ទាប់​ពី​ការ​បង្ហាញ​ខ្លួន​លើក​ដំបូង​ដ៏​ជោគជ័យ​នៃ​មហោស្រព​​កាល​ពី​ខែ​កុម្ភៈ។​

មួយ​ថ្ងៃ​មុន​មហោស្រព​ភាពយន្ត​នៅ​ថ្ងៃទី១០ ខែ​មិថុនា  វិចិត្រសាល​ ផ្ទះ​មេត្ដា​ នឹង​បើក​ការ​តាំង​ពិព័រណ៍​ពហុព័ត៌មាន «សំឡេង»។

ពិព័រណ៍​នេះ​នឹង​បង្ហាញ​ពី​ការ​ប្រមូល​ផ្ដុំ​រូប​គំនូរ រូបថត ចម្លាក់ និង​សិល្បៈ​ឌីជីថល​ដ៏​សម្បូរបែប​របស់​វិចិត្រករ​ស្ត្រី​ នី ស្រីរ័ត្ន, ស៊ូ សុភី, សុភ័ក្រ សៅ, វិចិត្រករ កុល, សុខ គ្រី សា​ប៊ុង និង ជិន ហ្វេង​លីន រួម​ជាមួយ​នឹង​សិល្បករ​ខ្មែរ-អាមេរិកាំង អាមី សាន់ហ្វដ។

លោក Nicolaus Mesterharm នាយក​ផ្ទះ​មេត្ដា បាន​និយាយ​ថា៖ «ឆ្នាំនេះ ការ​រៀបចំ​កម្មវិធី​ទាំង​អស់​​គឺ​ត្រូវ​បាន​ឧទ្ទិស​ដល់​​ស្ត្រី។​ យើង​បាន​រក​ឃើញ​ថា ការ​ផ្តោត​លើ​បញ្ហា​ស្ត្រី​មាន​សារៈសំខាន់ និង​មាន​ប្រយោជន៍​សម្រាប់​សង្គម​កម្ពុជា»។

គម្រោង​នេះ​បាន​សហការ​រៀបចំ​ដោយ​កញ្ញា​ កុល វិច្ឆិកា ​ជា​អ្នក​ចូលរួម​យ៉ាងសកម្ម​ក្នុង​គម្រោង​វប្បធម៌ និង​សិល្បៈ​ផ្សេងៗ​ក្នុង​ប្រទេស​កម្ពុជា និង​កញ្ញា​ Emilia Emminghaus ជា​អ្នក​រៀបចំ​កម្មវិធី «និយាយ​ចេញ​មក បងប្អូន​ស្រី​!» មហោស្រព​ភាពយន្ត (SOS) ​​បង្ហាញ​ខ្សែ​ភាពយន្ត​ដឹកនាំ​ដោយ​ស្ត្រីកម្ពុជា ដែល​និយាយ​អំពី​អំពើ​ហិង្សា​ផ្លូវភេទ និង​យេនឌ័រ​ក្នុង​សម័យ​ខ្មែរ​ក្រហម។

កញ្ញា វិច្ឆិកា​ បាន​បង្ហាញ​ពី​ភាព​សាទរ​ដោយ​និយាយ​ថា៖ «​ក្នុងនាម​ជា​ស្ត្រី ខ្ញុំ​ជឿថា ​វា​ជា​ឱកាស​ដ៏​មាន​តម្លៃ​ក្នុង​ការ​ស្តាប់​ពី​ស្ត្រី​ដទៃទៀត និង​រឿងរ៉ាវ​របស់​ពួកគេ​ត្រូវ​បាន​បំផុស​ឡើង»។

កញ្ញា​មាន​បំណង​បំផុស​គំនិត​ស្ដ្រី​​ផ្សេងទៀត​ឱ្យ​បន្ត​ចំណង់​ចំណូលចិត្ត​របស់​ពួកគេ ទោះបីជា​​ពួកគេ​នៅ ប្រឈម​នឹង​រនាំង​សង្គម​ក៏ដោយ​។ កញ្ញា​លើក​ឡើង​​ពី​សិល្បករ​សហគមន៍​ជនជាតិ​ចាម្ប៍​​ម្នាក់​ដែល​ស៊ូទ្រាំ​នឹង​សម្ពាធ​​ដើម្បី​ដើរ​តាម​ក្តី​ស្រមៃ​ចង់​ក្លាយជា​សិល្បករ​។​

កញ្ញា វិច្ឆិកា បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា៖ «​រឿងនេះ​ធ្វើជា​ឧទាហរណ៍​នៃ​ការ​ពង្រឹង​អំណាច​ស្ដ្រី​ ដោយ​បង្ហាញថា​ការ​លះបង់ និង​ជំនឿ​លើ​ខ្លួនឯង​អាច​នាំ​ទៅ​រក​ភាព​ជោគជ័យ លើក​ទឹក​ចិត្ត​ក្មេងស្រី​ផ្សេងទៀត​ឱ្យ​ដើរ​តាម​ក្តី​សុបិន​របស់​ពួកគេ និង​ប្រជែង​រនាំង​​ប្រពៃណី»។

កញ្ញា​ កុល វិច្ឆិកា និង​វិចិត្រករ​ស្ត្រី​ កើ ស្រី​ពៅ។ រូបថត សហការី

កញ្ញា Emminghaus បាន​សង្កត់​ធ្ងន់​លើ​លក្ខណៈ​ពហុព័ត៌មាន​នៃ​ការ​តាំង​ពិព័រណ៍​​ដោយ​កត់​សម្គាល់​ថា ​វា​រួម​បញ្ចូល​ការ​រួម​ចំណែក​ពី​អង្គការក្រៅ​រដ្ឋាភិបាល ​ដូចជា A21 និង Daughters of Cambodia​។​

កញ្ញា​​និយាយថា​៖ «​យើង​មាន​គោលបំណង​បង្ហាញ​ពី​រឿងរ៉ាវ​នៃ​ការ​ពង្រឹង​អំណាច និង​បទពិសោធន៍​ចម្រុះ​របស់​ស្ត្រី រួម​ទាំង​ការ​តស៊ូ និង​ជ័យជម្នះ​របស់​ពួកគេ​»​។​

Emminghaus បាន​បន្ដ​ថា ​ការតាំង​ពិព័រណ៍​​នេះ​គឺជា​ផ្នែក​មួយ​នៃ​គម្រោង​ធំ​ជាង​នេះ​ក្នុង​គោលបំណង​ដើម្បី​ទៅ​ដល់​សិល្បករ​ស្ត្រី​វ័យក្មេង​កម្ពុជា។

កញ្ញា​​បាន​ពន្យល់​ថា ការ​រៀបចំ​កម្មវិធី​នេះ​អនុញ្ញាត​ឱ្យ​ពួកគេ​ភ្ជាប់​ទំនាក់​ទំនង​ជាមួយ​សិល្បករ​ទាំងនេះ ហើយ​ពួកគេ​សង្ឃឹម​ថា​នឹង​យក​គម្រោង​នេះ​ទៅ​សាលារៀន​ទូទាំង​ប្រទេស។

កញ្ញា Emminghaus បាន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​ថា​៖ «សម្រាប់​ខ្ញុំ ស្នាដៃ​សិល្បៈ​ពីរ​ដែល​មាន​ឥទ្ធិពល​បំផុត​គឺ ស្រី​ពៅ សិល្បករ​ស្រី​ជនជាតិ​ចាម្ប៍​ដំបូង​គេ​ដែល​បញ្ចប់​ការសិក្សា​ពី RUFA និង​បទពិសោធន៍​ហិង្សា​របស់​នី ស្រីរ័ត្ន នៅ​ប្រទេស​ថៃ​»។

កញ្ញាបន្ដថា​៖ «គំនូរ​របស់ ស្រីរ័ត្ន បង្ហាញ​​​អំពី​ទុក្ខលំបាក​របស់​គាត់​នៅលើ​ផ្ទាំង​គំនូរ​​​យ៉ាង​ល្អ​ឥតខ្ចោះ​​ក្នុង​ពិព័រណ៍​សំឡេង ដើម្បី​ផ្តល់​សិទ្ធិ​អំណាច​ដល់​ក្មេងស្រី និង​ស្ត្រី​ដទៃទៀត​ក្នុងការ​ចែក​រំលែក​ការតស៊ូ​របស់​ពួកគេ​»​។​

វិចិត្រករកញ្ញា​ កើ ស្រី​ពៅ គឺជា​និស្សិត​បញ្ចប់​ការ​សិក្សា​ដំបូង​គេ​ពី​សហគមន៍​ចាម្ប៍​កម្ពុជា (ឥស្លាម) ដែល​​បាន​បញ្ចប់​ការ​សិក្សា​នៅ​សាកល​វិទ្យាល័យ​ភូមិន្ទ​វិចិត្រសិល្បៈ។

ស្រី​ពៅ មក​ពី​សហគម​ចាម ភូមិ​ចាន់គៀក​ ឃុំអូរឬស្សី ស្រុក​កំពង់​ត្រឡាច ខេត្ដ​កំពង់ឆ្នាំង បាន​បញ្ចប់​ការ​សិក្សា​ផ្នែក​សិល្បៈ​ពី​សាកលវិទ្យាល័យ​ភូមិន្ទ​វិចិត្រសិល្បៈ​ ឆ្នាំ​២០២៣ គឺជា​វិចិត្រករ​ដ៏​គួរ​ឱ្យ​ចាប់​អារម្មណ៍​ម្នាក់ ដោយសារ​កញ្ញា​ជា​សិល្បការិនី​តែ​ម្នាក់​គត់​ដែល​មកពី​សហគមន៍​ចាម្ប៍។ 

ដោយ​មាន​ចិត្ដ​ស្រឡាញ់​វិស័យ​គំនូរ​តាំងពី​ក្មេង​ កញ្ញា ស្រីពៅ មាន​គោល​បំណង​ចង់​ក្លាយ​ជា​វិចិត្រករ​ស្រី​ ក៏ដូចជា​ចង់​បង្ហាញ​ពី​វប្បធម៌ចាម្ប៍​ដែល​កំពុង​តែ​ប្រឈម​ការ​បាត់បង់ និង​បន្ដ​ខិតខំ​សិក្សា​ផ្នែក​នេះ​រហូតដល់​បញ្ចប់​ការសិក្សា​។ 

កញ្ញា ស្រីពៅ ដែល​ត្រៀម​ចូល​រោង​ការ​នៅ​ចុង​ខែ​មិថុនា​នេះ បាន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​ថា​៖ «​ស្នាដៃ​គួរ​ឱ្យ​កត់សម្គាល់​ដំបូង​របស់ខ្ញុំ ពេល​បញ្ចប់​ការ​សិក្សា ខ្ញុំ​ជ្រើសរើស​ពិធីបុណ្យ​ហែល​នំ​ផ្កា​ម៉ាឡុត ទំហំ​២ គុណ ១,៥ ម៉ែត្រ​»។ 

នៅក្នុង​ពិព័រណ៍​ «សំឡេង» នៅ​ផ្ទះ​មេត្ដា កញ្ញា ស្រីពៅ បាន​ឱ្យដឹងថា កញ្ញា​មាន​គំនូរ​មួយ​ផ្ទាំង​ ដែល​រំលេច​រូបភាព​ស្ដ្រី​ជនជាតិ​ចាម្ប៍ពីរ​ទម្រង់ គឺ​គ្រង​ក្រម៉ា (ច្បុត) សម្រាប់​​ចូលរួម​កម្មវិធី​នៅព្រះវិហារ និង​ឈុត​កូន​ក្រមុំ​។ 

កញ្ញា​ ស្រីពៅ បាន​និយាយថា​៖ «ខ្ញុំ​មាន​អារម្មណ៍​សប្បាយ​ចិត្ដ​មែន​ទែន​ ដែលបាន​ចូលរួម​ការ​តាំងពិព័រណ៍​នេះ។ ខ្ញុំ​មាន​ឱកាស​បាន​បង្ហាញពី​វប្បធម៌​ជនជាតិ​ចាម្ប៍​ដល់​មហាជន​ទូទៅ​ ដែល​បាន​ចូល​ទស្សនា​ពិព័រណ៍​ «សំឡេង» របស់​ស្ដ្រី​»។ 

លោក Mesterharm បាន​គូសបញ្ជាក់​ពី​ការចូលរួម​កាន់តែច្រើន​ឡើង​របស់​ស្ត្រី​ក្នុងការ​គ្រប់គ្រង​គម្រោង​ទាំងនេះ​។​

ដោយ​ទទួលស្គាល់​ការរួម​ចំណែក​របស់​ស​មា​ជិ​ក​ក្រុមជាស្ដ្រី លោក​​បាន​និយាយថា៖ «​ឥឡូវនេះ​ យើង​មាន​ស្ត្រី​ជាច្រើន​ចូលរួម​យ៉ាង​សកម្ម និង​ដឹកនាំ​គំនិត​ផ្តួចផ្តើម​ទាំងនេះ»។

នៅក្នុង​កម្មវិធី​ពិព័រណ៍ និង​មហោស្រព​ភាពយន្ដ «សំឡេង» នេះនឹង​មាន​ការ​ចូលរួម​ពី​សិល្បការិនី​ ១៤ រូប ដោយ​មាន​ការ​បង្ហាញ​ស្នាដៃ​ប្លែកៗគ្នា​៕