ភ្នំពេញ៖ ចំពោះការរៀបចំប្រារព្ធ «ទិវាវប្បធម៌ជាតិ» លើកទី២៧នេះ រាជរដ្ឋាភិបាលនៅបន្តរក្សាប្រធានបទ «យុវជនដើម្បីវប្បធម៌ជាតិ» ដែលផ្ដោតចម្បងលើតួនាទីសំខាន់របស់យុវជនកម្ពុជាក្នុងការអភិរក្ស និងលើកតម្កើងបេតិកភណ្ឌដូនតាសម្រាប់មនុស្សជំនាន់ក្រោយៗទៀត។
ទិវាវប្បធម៌ជាតិ ដែលត្រូវបានកំណត់យកចន្លោះចាប់ពីថ្ងៃទី៣ ខែមីនា រហូតដល់ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ត្រូវបានរាជរដ្ឋាភិបាលប្រារឰឡើងដើម្បីរំឭកដល់គុណូបការៈរបស់ បុព្វបុរសខ្មែរគ្រប់ជំនាន់ដែលបានលះបង់ទាំងកម្លាំងកាយ កម្លាំងចិត្ត បញ្ញាស្មារតី និងអាយុជីវិត ក្នុងការបង្កើត ថែរក្សា និងការពារសម្បត្តិវប្បធម៌ដ៏សម្បូរបែបនិងមានតម្លៃមិនអាចកាត់ថ្លៃបាន។
យោងតាមសរាចររបស់លោកនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ាណែត ចុះថ្ងៃទី៣១ ខែមករា បានឱ្យដឹងថា៖ «ទិវាវប្បធម៌ជាតិក៏ជាឱកាសដ៏មានតម្លៃដើម្បីចូលរួមបំផុសនូវមនសិការស្រឡាញ់ សិល្បៈវប្បធម៌ ទំនៀមទម្លាប់ ប្រពៃណី និងកេរដំណែលដូនតាជាច្រើនទៀតដែលជាដួងព្រលឹងនិងអត្តសញ្ញាណជាតិ សម្រាប់ប្រជាពលរដ្ឋខ្មែរគ្រប់រូប»។
លោក ស៊ំ ម៉ាប់ អ្នកនាំពាក្យក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានឱ្យដឹងថា ចាប់តាំងពីឆ្នាំ២០១៥មកប្រធានបទសម្រាប់អបអរសាទរទិវាវប្បធម៌ជាតិគឺនៅតែរក្សាប្រធានបទតែមួយគឺ «យុវជនដើម្បីវប្បធម៌ជាតិ»។
លោកបានថ្លែងថា៖ «ប្រធានបទនេះបានផ្តល់អាទិភាពដល់យុវជនដែលជាសសរស្តម្ភរបស់ជាតិ និងជាអ្នកបន្តវេនចូលរួមផ្សាភ្ជាប់ខ្លួនក្នុងការងារអភិរក្ស លើកស្ទួយ និងអភិវឌ្ឍន៍សិល្បៈវប្បធម៌របស់យើង។ ម្យ៉ាងទៀត វាដើម្បីលើកទឹកចិត្តដល់ពួកគេឱ្យមានគំនិតឆ្នៃប្រឌិតបង្តើតផលិតផលសិល្បៈថ្មីៗដោយឈរលើមូលដ្ឋានអត្តសញ្ញាណជាតិផងដែរ»។
សរាចរបានបន្ដថា ទិវានេះលើកកម្ពស់មនសិការស្នេហាជាតិ ភាពជាម្ចាស់នៃកេរដំណែលវប្បធម៌ និងភាពជាពលរដ្ឋក្នុងសង្គមដែល មានអារ្យធម៌ខ្ពស់ ប្រកបដោយសីលធម៌ សមធម៌ និងបរិយាបន្ន សំដៅធានាបាននូវសុខដុមរមនាសង្គម សេចក្តីថ្លៃថ្នូរ និងកិត្យានុភាពជាតិ ដើម្បីចូលរួមកសាងកម្ពុជាជាអរិយប្រទេស។
លោក ម៉ាប់ បានឱ្យដឹងថា ក្រសួងតែងតែពង្រឹងគោលនយោបាយសម្រាប់យុវជនក្នុងវិស័យវប្បធម៌តាមរយៈដាក់ចេញនូវផែនការយុទ្ធសាស្ត្រអាទិភាពនានា ដូចជា ការផ្សព្វផ្សាយ បណ្តុះបណ្តាល និងសិក្ខាសាលានៅតាមសហគមន៍ និងគ្រឹះស្ថានសិក្សាអប់រំនានាដោយ ផ្តោតទៅលើការអភិរក្ស លើកស្ទួយ និងអភិវឌ្ឍន៍បេតិកភណ្ឌវប្បធម៌រូបីនិងអរូបី។
លោកបានបន្ថែមថា ក្រសួងក៏បានបង្កើត បង្កើន និងលើកទឹកចិត្តឱ្យមានការចូលរួមព្រឹត្តិការណ៍សិល្បៈវប្បធម៌ថ្មីៗទាំងក្នុង និងក្រៅប្រទេសដែលផ្តល់អាទិភាពដល់ការចូលរួមរបស់យុវជនបន្តវេន។
ក្រសួងវប្បធម៌ បានរៀបចំសកម្មភាព និងកម្មវិធីផ្សេងៗ ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដើម្បីអបអរសាទរទិវាវប្បធម៌ជាតិ។ គំនិតផ្តួចផ្តើមទាំងនេះមានគោលបំណងបង្ហាញពីបេតិកភណ្ឌវប្បធម៌ចម្រុះរបស់កម្ពុជាដ៏រស់រវើក និងបរិយាបន្ន។
លោក ម៉ាប់ បាននិយាយថា នៅថ្នាក់ជាតិ ក្រសួងបានរៀបចំពិធីដ៏ធំនៅថ្ងៃទី០៥ ខែមីនាគឺជាការប្រារឰទិវាវប្បធម៌ជាតិ និងជួបជុំសំណេះសំណាលលើកទី០៦ រវាងលោកនាយករដ្ឋមន្ត្រី និងមហាគ្រួសារ សិល្បករសិល្បការិនីទូទាំងប្រទេស ដែលមានការសំដែងរបាំ ល្ខោន និងការប្រគុំតន្ត្រី ដែលបង្ហាញពីប្រពៃណី សិល្បៈវប្បធម៌ដ៏សម្បូរបែបរបស់កម្ពុជា។
ចំណែកឯនៅថ្នាក់ក្រោមជាតិ ក៏ដូចជានៅតាមគ្រីះស្ថានសិក្សានានា ស្ថានទូតខ្មែរ និងសហគមន៍ខ្មែរនៅបរទេស ក្រសួងជួយគាំទ្រទាំងបច្ចេកទេស និងធនធានមនុស្សដល់សមកម្មភាព ដូចជា ក្បួនដង្ហែវប្បធម៌ ការសម្តែង សិល្បៈគ្រប់ទម្រុង ការតាំងពិព័រណ៌សិល្បៈសិប្បកម្មជាដើម។
ក្រសួង និងស្ថាប័ននានាបានចូលរួមកម្លាំងដើម្បីផ្សព្វផ្សាយព្រឹត្តិការណ៍នេះ រួមទាំងក្រសួងអប់រំ យុវជន និងកីឡា ដែលបានផ្តួចផ្តើមគំនិតនៅក្នុងសាលារៀន ដើម្បីបណ្តុះមោទនភាពវប្បធម៌ដល់សិស្ស។
ក្រសួងទេសចរណ៍ក៏កំពុងធ្វើការផ្សព្វផ្សាយអំពីវប្បធម៌ទៅក្នុងវិស័យទេសចរណ៍ ដោយអញ្ជើញភ្ញៀវជាតិ និងអន្តរជាតិមកទស្សនាកម្សាន្ដ និងសកម្មភាពវប្បធម៌ដ៏សម្បូរបែបរបស់កម្ពុជា។
លោក ម៉ាប់ បានថ្លែងថា ក្រសួងកំពុងពង្រឹងភាពជាដៃគូលើវិស័យផ្សេងៗ ដើម្បីលើកកម្ពស់ និងអភិរក្សបេតិកភណ្ឌដ៏សម្បូរបែបរបស់កម្ពុជា។
លោកបានប្រាប់ភ្នំពេញប៉ុស្តិ៍ថា៖ «យើងកំពុងធ្វើការយ៉ាងជិតស្និទ្ធជាមួយក្រសួងទេសចរណ៍ក្នុងការបញ្ចូលព្រឹត្តិការណ៍វប្បធម៌ទៅក្នុងការអភិវឌ្ឍន៍ទេសចរណ៍ ដោយទាក់ទាញអ្នកទស្សនាតាមរយៈការសម្តែងបែបប្រពៃណី និងដំណើរទេសចរណ៍វប្បធម៌»។
ការអប់រំក៏មានតួនាទីសំខាន់ផងដែរ ដោយក្រសួងបានសហការជាមួយក្រសួងអប់រំ និងដៃគូអភិវឌ្ឍន៍ ដើម្បីបញ្ចូលវប្បធម៌ខ្មែរទៅក្នុងកម្មវិធីសិក្សារបស់សាលា។
អ្នកនាំពាក្យរូបនេះបានបន្ថែមថា៖ «ពីការចូលទស្សនាសារមន្ទីរ ទៅទស្សនកិច្ចសិក្សានៅតំបន់ប្រវត្តិសាស្ត្រ យើងមានគោលបំណងដើម្បីបណ្តុះតម្លៃវប្បធម៌ដល់យុវជនជំនាន់ក្រោយ»។
វិស័យឯកជនគឺជាដៃគូដ៏សំខាន់មួយទៀតដែលផ្តល់ការគាំទ្រផ្នែកហិរញ្ញវត្ថុ និងបច្ចេកទេសសម្រាប់ផលិតកម្មសិល្បៈ។
លើសពីនេះ ក្រសួងកំពុងពង្រីកភាពជាដៃគូអន្តរជាតិ ដោយចូលរួមជាមួយស្ថានទូតបរទេស និងស្ថាប័នវប្បធម៌ ដើម្បីបង្ហាញវប្បធម៌ខ្មែរទូទាំងពិភពលោកតាមរយៈការតាំងពិព័រណ៍ ការសម្តែង និងការបណ្តុះបណ្តាលវិជ្ជាជីវៈ។
ដើម្បីធានាឱ្យមានការចូលរួមជាសាធារណៈកាន់តែទូលំទូលាយ ក្រសួងធ្វើការជាមួយក្រសួងព័ត៌មាន ដើម្បីផ្សព្វផ្សាយទិវាវប្បធម៌ជាតិតាមរយៈប្រព័ន្ធផ្សព្វផ្សាយប្រពៃណី និងឌីជីថល។
លោក ម៉ាប់ បានឱ្យដឹងថា៖ «កិច្ចខិតខំប្រឹងប្រែងទាំងនេះជួយបង្កើនការយល់ដឹងជាសាធារណៈអំពីអត្តសញ្ញាណវប្បធម៌របស់យើង និងពង្រឹងមោទនភាពជាតិ»៕