​ភ្នំពេញ៖ ការតាំងពិព័រណ៍​ទោល​ថ្មី​របស់​វិចិត្រករ​ខ្មែរ​ដ៏​ល្បីឈ្មោះ ចូវ ធាន​លី ដែលមាន​ចំណងជើង​ថា «ឫសគល់» នឹងត្រូវ​ដាក់​បង្ហាញ​នៅទីស្នាក់ការ​ស្នារ​រដ្ឋបាល​សិល្បៈ​ ចាប់ពី​ថ្ងៃទី ២៧ ខែមីនា ដល់​ថ្ងៃទី ១៣ ខែឧសភា ឆ្នាំ ២០២៥​។​

ការតាំង​ពិ​ព័រ​ណ៍​នេះ​ផ្តោតលើ​ប្រធានបទ​នៃ​ការផ្លាស់ប្តូរ​ផ្ទាល់ខ្លួន ជំនឿ និង​ទំនាក់ទំនង​យ៉ាង​ស៊ីជម្រៅ​រវាង​ធម្មជាតិ និង​វប្បធម៌​។​

អ្នកស្រី​ ជុំ ច័ន្ទ​វាសនា (SNA) ស្ថាបនិក ទីស្នាក់ការ​ស្នារ​រដ្ឋបាល​សិល្បៈ បាន​ឱ្យ​ដឹងថា​៖ «​​មួយរយៈ​កន្លងទៅ សិល្បករ ចូ​វ ធាន​លី បាន​ព្យាយាម​ស្វែងរក​ខ្លួនឯង គាត់​បាន​ផ្លាស់ប្តូរ​ទីលំនៅ​ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយទៀត​ជាច្រើន​ដង ពេលខ្លះ​គាត់​ទទួលបាន​នូវ​ភាពស្រពិចស្រពិល ភាពមិនច្បាស់លាស់ ឬ​នាំ​ដល់​ការ​វង្វេង​»។

កើត​នៅ​ខេត្តបាត់ដំបង​ក្នុង​ឆ្នាំ ១៩៨៥ លោក​ ធាន​លី បាន​តាំងខ្លួន​ជា​បុគ្គល​សំខាន់​ម្នាក់​ក្នុង​វិស័យ​សិល្បៈ​សហ​សម័យ​របស់​ក​ម្ពុ​ជា​។​ ​ដំបូង​ឡើយជា​អ្នក​រចនា​ក្រាហ្វិក លោក​​បាន​ផ្លាស់ប្តូរ​ពេញលេញ​ទៅ​សិល្បៈ​វិចិត្រ​នៅ​ឆ្នាំ ២០១១​។​

ស្នាដៃ​របស់​លោក​ជាគំនូរ​ប្រេង​ និង​ការផ្ដោតលើ​សាច់​រឿង​យ៉ាង​ស៊ីជម្រៅ ត្រូវបាន​ដាក់តាំង​បង្ហាញ​ទាំង​ក្នុងស្រុក និង​ក្រៅ​ស្រុក រួមទាំង​នៅ Busan Biennale ឆ្នាំ ២០២៤​ ក្នុងប្រទេស​កូរ៉េខាងត្បូង វិចិត្រសាល Flinn នៅ​សហរដ្ឋអាមេរិក និង Musée de l'Hospice-Comtesse នៅ​ប្រទេស​បារាំង​។​

លោក ធានលី ​បាន​ប្រើ​ចំណេះដឹង សមត្ថភាព​ដោយ​ពឹង​លើ​វិទ្យាសាស្ត្រ​អស់ពី​លទ្ធភាព តែ​នៅ​មិនអាច​ដោះស្រាយ បញ្ហា​ប្រឈម​ដែល​ខ្លួន​ចង់បាន ហើយ​ធ្វើ​ឱ្យ​លោក​នៅជាប់​គាំង​មិនអាច​ទៅមុខ​រួច​។

អ្នកស្រី ច័ន្ទ​វាសនា បាន​និយាយថា ក្រោយពី​បាន​រៀនសូត្រ​អំពី​គ្រួសារ អ្នក​ចាស់ទុំ​បុរាណ​ជាច្រើន​ស្តីពី​វប្បធម៌​ជំនឿ ពួកគេ​​បាន​ប្រតិបត្តិ​​ ពួកគេ​ហាក់បីដូចជា​ទទួលយក​នូវ​បញ្ហា​ជីវិត​បាន​នាំមក​នូវ​​សុភមង្គល និង​ទទួល​ថាមពល​បរិសុទ្ធ​ពោរពេញ​ដោយ​ភាព​ស្ងប់​សុខ​ជូន​ដល់​ក្រុមគ្រួសារ សហគមន៍​របស់​ពួកគេ​។

លោក ធាន​លី ​ក៏បាន​ផ្សារភ្ជាប់​ខ្លួន​ជាមួយ​ទំនៀមទម្លាប់ ទស្សនៈ និង​ប្រព័ន្ធ​ជំនឿ​ដើម (​ជំនឿ​ជី​វច​ល​) ​ដែលលោក​​បាន​គោរព​ប្រតិបត្តិ​ជំនឿ​នេះ​តាម​ចាស់​បុរាណ ​ដែល​ជាទី​អាស្រ័យ​នៃ​ភាពស្ងប់ស្ងាត់​បានចាប់ផ្តើម​ឡើង​ធ្វើ​​ឱ្យ​​ភាព​ស្មុ​គ្រ​ស្មាញ​រសាយ​ទៅ លោក ធាន​លី ​ក៏​ទទួលបាន​ចម្លើយ​ជាច្រើន​ដែល​មិន​ធ្លាប់មាន​។

អ្នកស្រី​​បាន​និយាយថា ពិព័រណ៍​លើកឡើង​ពី​ការលូតលាស់​នៃ​គំនិត ការផ្លាស់ប្តូរ​នៃ​ជីវិត ឥទ្ធិពល​សង្គម ​ដំណើរ​នៃ​បទពិសោធន៍​ក្នុងការ​ព្យាបាល​ផ្លូវចិត្ត​តាមរយៈ​វប្បធម៌ ​ថាមពល​នៃ​ការប្រតិបត្តិ​ជំនឿ​ជាមួយនឹង​ការ​ផ្សាំង​ខ្លួន​ជាមួយ​ធម្មជាតិ ទឹក ដី ព្រៃឈើ​ជាដើម​។

​អ្នកស្រី ច័ន្ទ​វាសនា បាន​និយាយថា៖ «​​គាត់​​​ប្តូរ​មក​រស់នៅក្នុង​ខេត្តសៀមរាប គាត់​​​កាន់តែ​ជិតស្និទ្ធ​ជាមួយ​ធម្មជាតិ ភាពស្ងប់ស្ងាត់​នៅតាម​ព្រៃឈើ​តំបន់​អង្គរ និង​ប្រាសាទ​ដែល​ជាទី​សក្ការ ​បាន​ជួយ​ព្យាបាល​ផ្លូវចិត្ត ផ្តល់នូវ​ថាមពល​ត្រឡប់​មកវិញ​»។

ផ្ទាំងគំនូរ​លើ​ក្រណាត់​ចំនួន​ប្រាំ​ផ្ទាំង​របស់​សិល្បករ ធាន​លី ដាក់តាំង​បង្ហាញ​នៅក្នុង​វិចិត្រសាល​ទីមួយ ​បង្ហាញ​ពី​ការអង្កេត​ទៅលើ​ធម្មជាតិ ការចំណាយ​ពេល​ដ៏​ច្រើន​ជាមួយ​ដើមឈើ ព្រៃព្រឹក្សា ​និង​ការអង្កេត​មើល​ផ្ទៃ​ទឹកថ្លា​ឈ្វេង​ធំ​ល្វឹងល្វើយ ​ធ្វើ​ឱ្យ​សិល្បករ​អាច​ភ្ជាប់​ទំនាក់ទំនង​របស់លោក​​ទៅនឹង​ជម្រៅ​ចិត្ត​ខ្លួនឯង​។

​អ្នកស្រី​បាន​និយាយថា​៖ «ទាំងនេះ​អាចជា​ការផ្សារភ្ជាប់​ទំនាក់​ទំនង​ខាង​ចិត្ត​វិញាណ​ទៅនឹង​ទីឋាន​ស័ក្ក​សិទ្ធ ​ពេល​គាត់​ទៅដល់​ក្លោងទ្វារ​នៃ​ប្រាង្គ​ប្រាសាទ​នីមួយៗ ហាក់ដូចជា​ឈានចូល​ដល់​ភព​មួយ​ដែល​ផ្តល់នូវ​ពន្លឺ​ថ្មី ​ធ្វើឱ្យ​​គាត់​ភ្លេច​នូវ​បញ្ហា និង​ភាព​ស្មុ​គ្រ​ស្មាញ​ទាំងឡាយ​ទាំងពួង»​។

គំនូរខ្លោង​ទ្វារ​ចំនួន​បី មើល​ពី​ខាងក្នុង​ទៅខាង​ក្រៅ​ឃើញ​ពន្លឺ​នៃ​សេចក្តី​ស្ងប់ ​បើ​មើ​លពី​ខាងក្រៅ​ចូលទៅក្នុង​វិញ​ក៏​បង្ហាញ​ពន្លឺ​នៃ​ភាព​បរិសុទ្ធ​។

គំនូរទេសភាព​ផ្ទៃ​ទឹកថ្លា​ឈ្វេង​អមដោយ​ស្រមោល​រុក្ខជាតិ​ជាច្រើន ​និង​ទេសភាព​ព្រៃឈើ​ដ៏​ធំ​ត្រឈឹងត្រឈៃ​ស្ថិតក្នុង​តំបន់​អង្គរ​បាន​ភ្ជាប់​ទំនាក់​ទំនងជា​វិជ្ជមាន​​ ​ហើយ​ទេសភាព​ទាំងនេះ​ស្ថិតក្នុង​ដួងចិត្ត​របស់​លោក​​ជានិច្ច ក៏ដូចជា​ស្ថិតក្នុង​ដួងចិត្ត​ប្រជាពលរដ្ឋ​ទូទៅ​។

«ឫសគល់» នឹង​ដំណើរការ​ចាប់ពី​ថ្ងៃទី ២៧ ខែមីនា ដល់​ថ្ងៃទី ១៣ ខែឧសភា ឆ្នាំ ២០២៥ ជាមួយនឹង​ម៉ោង​បើក​ចាប់ពី​ម៉ោង ១ ដល់​ម៉ោង ៥ ល្ងាច ហើយ​ការចូល​មើល​ពេលព្រឹក​អាច​ធ្វើការ​ណាត់ជួប​តែប៉ុណ្ណោះ​។​

ការតាំង​ពិ​ព័រ​ណ៍នឹង​ប្រព្រឹត្តទៅ​នៅទីស្នាក់ការ​ស្នារ​រដ្ឋបាល​សិល្បៈ​ ក្នុង​រាជធានី​ភ្នំពេញ ដោយមាន​ការបើកទទួល​ស្វាគមន៍​នៅ​ថ្ងៃទី ២៧ ខែមីនា ចាប់ពី​ម៉ោង ៥ ដល់ ៨ យប់​។​

​ទីស្នាក់ការ​ស្នារ​រដ្ឋបាល​សិល្បៈ​ បន្ត​បេសកកម្ម​របស់ខ្លួន​ក្នុងការ​លើកស្ទួយ​សិល្បករ​ខ្មែរ​នៅលើ​ឆាក​សកលលោក ហើយ «ឫសគល់» គឺជា​សក្ខីភាព​មួយ​ចំពោះ​ថាមពល​សិល្បៈ ជំនឿ និង​បេតិកភណ្ឌ​ដែល​ស្ថិតស្ថេរ​ក្នុងការ​បង្កើត​អត្តសញ្ញាណ​ផ្ទាល់ខ្លួន និង​សមូហភាព​។​

អ្នកស្រី ច័ន្ទ​វាសនា និយាយថា​៖ «​ខ្ញុំ​បាន​ចំណាយ​ជីវិត​របស់ខ្ញុំ​រស់នៅ​ជាមួយ​សិល្បៈ​។ ខ្ញុំ​ធំ​ដឹងក្ដី​ក្នុង​គ្រួសារ​សិល្បៈ​សម្តែង ហើយ​បាន​រៀប ការ​ជាមួយ​សិល្បករ​ផ្នែក​សិល្បៈ​សូន​រូប​។ ខ្ញុំ​គោរព​ភាពស្រស់ស្អាត និង​ភាព​ច្នៃប្រឌិត​ដ៏​អស្ចារ្យ​។ ខ្ញុំ​រស់នៅ​ដើម្បី ចែករំលែក​ចំណង់​ចំណូលចិត្ត​របស់ខ្ញុំ​ចំពោះ​សិល្បៈ​ជាមួយ​អ្នកដទៃ ដោយ​បង្ហាញ​ស្នាដៃ​របស់​សិល្បករ​ខ្មែរ ទៅកាន់​មនុស្ស​ជុំវិញ​ពិភពលោក»៕