ឧត្តរមានជ័យៈ អាជ្ញាធរខេត្តឧត្តរមានជ័យបិទខ្ទប់ជាបណ្តោះអាសន្នផ្សារត្រពាំងប្រាសាទ និងផ្ទះប្រជាពលរដ្ឋ ៣១ ខ្នងជុំវិញផ្សារនេះបន្ថែមទៀត ដែលស្ថិតនៅភូមិត្រពាំងប្រាសាទ ឃុំត្រពាំងប្រាសាទ ស្រុកត្រពាំងប្រាសាទ ចាប់ពីថ្ងៃទី ២២ ខែកញ្ញា រហូតដល់មានការសម្រេចជាថ្មី។ តាមរយៈសេចក្តីសម្រេចចុះថ្ងៃទី ២២ ខែកញ្ញា រដ្ឋបាលខេត្តឧត្តរមានជ័យណែនាំឱ្យរដ្ឋបាលស្រុកត្រពាំងប្រាសាទត្រូវហ៊ុមព័ទ្ធ និងផ្អាកការចេញចូលទីតាំងទាំងនេះ ស្រាវជ្រាវរកអ្នកពាក់ព័ន្ធផ្ទាល់ ឬប្រយោល ដើម្បីធ្វើចត្តាឡីស័ក និងយកវត្ថុសំណាករកមេរោគកូវីដ ១៩ និង ណែនាំឱ្យម្ចាស់ទីតាំងគោរពអនុវត្តឱ្យបានម៉ឺងម៉ាត់តាមវិធានការសុខាភិបាល។ រដ្ឋបាលខេត្តនេះអំពាវនាវដល់ប្រជាពលរដ្ឋដែលមានការពាក់ព័ន្ធដោយផ្ទាល់ ឬប្រយោលជាមួយអ្នកមានវិជ្ជមានជំងឺកូវីដ ១៩ ដាក់ខ្លួនដាច់ដោយឡែករយៈពេល ១៤ ថ្ងៃតាមវិធានសុខាភិបាល។ អាជ្ញាធរខេត្តនេះក៏ជំរុញឱ្យអ្នកដែលមានរោគសញ្ញា ក្អក ផ្តាសាយ ហៀរសំបោរ ឈឺបំពង់ក ថប់ដង្ហើម ក្តៅខ្លួនខ្លាំង ឬរោគសញ្ញាសង្ស័យផ្សេងៗទៀតធ្វើការទាក់ទងក្រុមការងារប្រចាំការ និងយកសំណាកដែលមានទីតាំងស្ថិតនៅមន្ទីរពេទ្យបង្អែកខេត្ត ឬមន្ទីរពេទ្យបង្អែកអន្លង់វែង៕
Author: រី សុចាន់
កំពង់ចាមៈ អាជ្ញាធរស្រុកចំការលើ ខេត្តកំពង់ចាម សម្រេចផ្អាកដំណើរការវិទ្យាល័យហ៊ុនសែន ចំការលើ រយៈពេល ១០ ថ្ងៃ ចាប់ពីថ្ងៃទី ២១ ដល់ថ្ងៃទី ៣០ កញ្ញា ក្រោយពីរកឃើញវិជ្ជមានជំងឺកូវីដ ១៩ លើគ្រូបង្រៀនចំនួន ២ នាក់ និងសិស្សចំនួន ៣ នាក់ ក្នុងសាលារៀននេះ។ លិខិតរបស់លោក រ៉េត ណារិន នាយកវិទ្យាល័យ ហ៊ុន សែន ចំការលើ ចុះថ្ងៃទី ២០ ខែកញ្ញា ដែលបានឯកភាពដោយលោក សំ ពិសិដ្ឋ អភិបាលស្រុកចំការលើកាលពីថ្ងៃទី ២២ ខែកញ្ញា បានឱ្យដឹងថា ស្ថានភាពសិស្សវិទ្យាល័យហ៊ុនសែនចំការលើបច្ចុប្បន្នកំពុងមានហានិភ័យគួរ «ឱ្យកត់សម្គាល់»។ លិខិតបញ្ជាក់ថា កាលពីថ្ងៃទី ១៧ ខែកញ្ញា គ្រូបង្រៀនផ្នែកមធ្យមសិក្សាទាំងអស់ បានមកពិនិត្យសំណាករកមេរោគកូវីដ ១៩ ដែលក្នុងនោះមានគ្រូបង្រៀន ២…
ភ្នំពេញៈ អាជ្ញាធររាជធានីភ្នំពេញបិទខ្ទប់វត្តមុនីសុវណ្ណ ហៅវត្តចំពុះក្អែក ដែលមានទីតាំងស្ថិតនៅភូមិចំពុះក្អែក សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃទី ២៣ ខែកញ្ញា ដល់ថ្ងៃទី ៦ ខែតុលា ក្រោយរកឃើញមានការឆ្លងរាលដាលនៃជំងឺកូវីដ ១៩។ សេចក្តីសម្រេចរដ្ឋបាលរាជធានីភ្នំពេញចុះថ្ងៃទី ២៣ ខែកញ្ញា បញ្ជាក់ថា៖ «ត្រូវបានបិទខ្ទប់មិនឱ្យមានការចេញ-ចូលវត្តមុនីសុវណ្ណ (ហៅ វត្តចំពុះក្អែក) ដើម្បីទប់ស្កាត់ និងកាត់ផ្ដាច់ការឆ្លងរាលដាលជំងឺកូវីដ ១៩ នៅក្នុងសហគមន៍ ដើម្បីទុកជាគំរូដល់បណ្តាវត្តអារាមដទៃទៀតស្របតាមព្រះថេរៈដីការបស់សម្តេចព្រះពោធិ៍វង្ស អំ លឹមហេង ព្រះចៅអធិការវត្តមុនីសុវណ្ណ»។ សាលារាជធានីភ្នំពេញអំពាវនាវដល់ព្រះសង្ឃ អាចារ្យ-អាចារិនី យាយជី-តាជី ពុទ្ធបរិស័ទ និងអ្នកពាក់ព័ន្ធទាំងអស់ចូលរួមសហការជាមួយអាជ្ញាធរមូលដ្ឋាន មន្ត្រីជំនាញ និងមន្ត្រីសុខាភិបាល ដើម្បីយកសំណាកវិភាគរកមេរោគ និងធ្វើចត្តាឡីស័កឱ្យបានត្រឹមត្រូវតាមការណែនាំរបស់ក្រសួងសុខាភិបាល។ ក្នុងអំឡុងពេលនៃការបិទខ្ទប់នេះ រាល់ការនិមន្ត និងការចេញ-ចូល និងរាល់ការជួបជុំ ឬការប្រមូលផ្តុំមនុស្សក្នុងទីតាំងវត្តនេះត្រូវបានហាមឃាត់៕
ភ្នំពេញៈ រាជរដ្ឋាភិបាលបានសម្រេចផ្អាកការរៀបចំពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ចាប់ពីបិណ្ឌ ៤ រហូតដល់ថ្ងៃភ្ជុំបិណ្ឌ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ ១៩ ក្រោយពិនិត្យឃើញមានការប្រមូលផ្តុំមនុស្សជាច្រើននៅតាមបណ្តាវត្តអារាម។ សេចក្តីសម្រេចដែលចុះហត្ថលេខាដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃទី ២៣ ខែកញ្ញា បញ្ជាក់ថាក្នុងរយៈពេល ២ ថ្ងៃ នៃការរៀបចំពិធីបុណ្យកាន់បិណ្ឌកន្លងទៅនេះ រាជរដ្ឋាភិបាលពិនិត្យឃើញថា មានការជួបជុំ និងប្រមូលផ្តុំមនុស្សជាច្រើននៅតាមបណ្តាវត្តអារាមដើម្បីប្រារព្ធពិធីកាន់បិណ្ឌ ដែលមិនអាចធានាបានការអនុវត្តត្រឹមត្រូវតាមវិធានការសុវត្ថិភាពផ្នែកសុខាភិបាលក្នុងទប់ស្កាត់ការឆ្លងជំងឺកូវីដ ១៩។ សេចក្តីសម្រេចបញ្ជាក់ថា ទាំងនេះអាចនឹងធ្វើឱ្យកម្ពុជាត្រូវប្រឈមនឹងហានិភ័យខ្ពស់នៃការឆ្លងរាលដាលទ្រង់ទ្រាយធំនៅទូទាំងប្រទេសនៃជំងឺកូវីដ ១៩ ជាពិសេសមេរោគបំប្លែងខ្លួនថ្មីប្រភេទដែលតា (Delta) ដែលមានកម្រិតនៃការឆ្លងរាលដាលឆាប់រហ័ស។ សេចក្តីសម្រេចបញ្ជាក់ថា៖ «យោងលើភាពចាំបាច់ក្នុងការបន្តគ្រប់គ្រងការឆ្លងរាលដាលនៃជំងឺកូវីដ ១៩ ជាពិសេស ដើម្បីធានាការពារអាយុជីវិត និងសុខភាពរបស់ប្រជាជន ខណៈដែលព្រះរាជាណាចក្រកម្ពុជាកំពុងបើកដំណើរការសាលារៀនឡើងវិញ ក៏ដូចជាកំពុងរៀបចំផែនការ ដើម្បីឈានឆ្ពោះទៅបើកដំណើរការប្រទេសពេញលេញឡើងវិញនាពេលខាងមុខ រាជរដ្ឋាភិបាលសម្រេចផ្អាកការរៀបចំពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ចាប់ពីបិណ្ឌ ៤ រហូតដល់ថ្ងៃភ្ជុំបិណ្ឌ»។ រាជរដ្ឋាភិបាលជំរុញឱ្យគណៈអភិបាលរាជធានី ខេត្ត ត្រូវធ្វើការសម្របសម្រួលជាមួយយន្តការដែលមានការពាក់ព័ន្ធទាំងអស់ ដើម្បីធានាដល់ការនាំយកចង្ហាន់ និងទេយ្យវត្ថុចាំបាច់ប្រគេនដល់ព្រះសង្ឃនៅតាមបណ្តាវត្តអារាម ដែលស្ថិតក្នុងសមត្ថកិច្ចដែនដីរបស់ខ្លួន។…
ភ្នំពេញៈ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងថា កម្ពុជាចង់បានភាពជឿជាក់លើគ្នាទៅវិញទៅមកលើបញ្ហាសិទ្ធិមនស្សនៅប្រទេសមួយនេះ ប្រកបដោយការស្ថាបនា និងមិនទម្លាក់កំហុស ឱ្យគ្នាទៅវិញទៅមក ជាមួយអ្នករាយការណ៍ពិសេស របស់អង្គការសហប្រជាជាតិ (UN) ទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា។ លោកថ្លែងដូច្នេះ ក្នុងជំនួបជាមួយអ្នករាយការណ៍ពិសេស របស់អង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជាលោកវិទិតមុនតាប៊ន (Vitit Muntarbhorn) តាមប្រព័ន្ធវីដេអូ កាលពីថ្ងៃទី ២២ ខែកញ្ញា។ ហ្វេសប៊ុករបស់លោក ហ៊ុន សែន បញ្ជាក់កាលពីថ្ងៃទី ២២ កញ្ញាថា៖ «អ្វីដែលកម្ពុជាចង់បានកិច្ចសហប្រតិបត្តិការជាមួយឯកឧត្តម វិទិត មុនតាប៊ន នោះគឺការបង្កើតបរិយាកាសដែលមានជំនឿជឿជាក់លើគ្នាទៅវិញទៅមក ប្រកបដោយការស្ថាបនាឈានឆ្ពោះទៅមុខលើបញ្ហាសិទ្ធិមនុស្សដែលមិនទម្លាក់កំហុសឱ្យគ្នាទៅវិញទៅមក»។ បើតាមហ្វេសប៊ុកលោក ហ៊ុន សែន លោក វិទិត មុនតាប៊ន បានធ្វើការស្វែងយល់ពីលោក ហ៊ុន សែន លើបញ្ហាសិទ្ធិមនុស្សនៅកម្ពុជា មេរៀនដែលរៀនបានពីជំងឺកូវីដ ១៩ នៅក្នុងពន្ធនាគារ ករណីពង្រីកលំហសេដ្ឋកិច្ចសង្គមស៊ីវិល និងនយោបាយនិងអ្វី ដែលអ្នករាយការណ៍ពិសេសរូបនេះគួរធ្វើ…
ភ្នំពេញៈ ក្រសួងអប់រំបានប្រកាសដាក់ឱ្យដំណើរការកម្មវិធីស្វ័យសិក្សាតាមបែបអេឡិចត្រូនិក (MoEYS E-Learning Apps) ជាផ្លូវការ ក្រោយពីបានដំណើរការសាកល្បងអស់រយៈពេល ៥ ខែ ដើម្បីដោះស្រាយបញ្ហាខ្វះខាតឯកសារសិក្សារបស់សិស្ស និងកែលម្អការរៀន និងការបង្រៀន។ លោក ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំថ្លែងក្នុងសន្និសីទសារព័ត៌មាន ដើម្បីប្រកាសដាក់ឱ្យដំណើរការជាផ្លូវការនូវកម្មវិធីស្វ័យសិក្សានេះកាលពីថ្ងៃទី ២៣ ខែកញ្ញាថា ក្នុងរយៈពេល ៥ ខែកន្លងមកនេះ កម្មវិធីនេះបានផ្តល់ឱកាសដល់សិស្សបានធ្វើស្វ័យសិក្សា និងបានប្រើប្រាស់ឯកសារដែលមានក្នុងកម្មវិធីនេះ ដើម្បីអាចបន្តការសិក្សាបាន និងផ្តល់ឱកាសដល់គ្រូបង្រៀនក្នុងការយកឯកសារទាំងនោះមកបង្រៀនសិស្សផងដែរ។ លោកថ្លែងថា៖ «(កម្មវិធីនេះ) ក៏ជាផ្នែកមួយនៃការបង្កើតជាប្រព័ន្ធសិក្សាតាមបែបអេឡិចត្រូនិកដែលក្រសួងអប់រំ និងកីឡា បានដាក់ឱ្យប្រើប្រាស់ហើយចូលរួមចំណែកធ្វើឱ្យធនធានសិក្សាកាន់តែសម្បូរបែបឱ្យសិស្សមានឱកាសនៅក្នុងការប្រើប្រាស់ ដើម្បីយកទៅពង្រឹងនូវចំណេះដឹងក៏ដូចជាត្រៀមខ្លួនឱ្យបានរួចជាស្រេច ដើម្បីប្រឡងសញ្ញាបត្រ ក៏ដូចជាដើម្បីអាចឱ្យលោកគ្រូអ្នកគ្រូបានយកទៅប្រើប្រាស់ក្នុងការបង្កើននូវបំណិនវិជ្ជាជីវៈថែមទៀត»។ ក្រោយពីប្រកាសឱ្យផ្អាកដំណើរការសាលារៀនជាបណ្តោះអាសន្នកាលពីខែមីនា ឆ្នាំ ២០២០ ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ ១៩ ក្រសួងអប់រំបានដាក់ចេញជាគោលនយោបាយក្នុងគោលដៅលើកកម្ពស់ការអប់រំតាមបែបឌីជីថល។ លោក ហង់ជួន ណារ៉ុន ថ្លែងថា កម្មវិធីនេះ គឺជាការចូលរួមចំណែកក្នុងការបង្កើតជាធនធាននិងប្រព័ន្ធឌីជីថលមួយ ដើម្បីជួយសិស្សឱ្យមានបំណិនខាងផ្នែកឌីជីថល និងចូលរួមដោះស្រាយបញ្ហាខ្វះខាតឯកសាររបស់សិស្សផងដែរ។ លោកថ្លែងថា៖ «យើងបានជ្រើសរើសលោកគ្រូ…
ភ្នំពេញៈ យូនីសេហ្វបានចេញរបាយការណ៍សកលដោយអំពាវនាវឱ្យមានការបង្កើនថវិកាជាតិសម្រាប់ពង្រីកវិសាលភាពនៃកម្មវិធីអាហារូបត្ថម្ភសម្រាប់កុមារ ដោយលើកឡើងថាមានតែ ៤០ ភាគរយនៃកុមារកម្ពុជាដែលមានអាយុ ៦ ខែ ទៅក្រោម ២ ឆ្នាំប៉ុណ្ណោះដែលបានទទួលក្រុមអាហារក្នុងកម្រិតអប្បបរមា។ របាយការណ៍សកលនេះចេញផ្សាយកាលពីថ្ងៃទី ២២ ខែកញ្ញា បញ្ជាក់ថា របបអាហាររបស់កុមារលើពិភពលោកនៅមិនមានភាពប្រសើរឡើងនោះទេ នៅទសវត្សរ៍ចុងក្រោយនេះ ហើយកុមារនឹងអាចកាន់តែដុនដាបថែមទៀតនៅក្នុងអំឡុងពេលការរាតត្បាតជំងឺកូវីដ ១៩ ដែលអាចបង្កអន្តរាយដល់ការលូតលាស់របស់កុមារ។ ក្នុងការវិភាគដែលធ្វើឡើងក្នុងប្រទេសចំនួន ៩១ របាយការណ៍នេះ បានរកឃើញថា ពាក់កណ្តាលនៃកុមារអាយុចាប់ពី ៦ ទៅ ២៣ ខែប៉ុណ្ណោះ ដែលបានទទួលនូវរបបអាហារក្នុងកម្រិតអប្បបរមាស្របតាមការណែនាំក្នុង ១ ថ្ងៃៗ ខណៈដែលកុមារ ១ ភាគ ៣ ប៉ុណ្ណោះដែលបានទទួលនូវក្រុមអាហារក្នុងកម្រិតអប្បបរមា ដើម្បីប្រឹងប្រែងនឹងលូតលាស់។ យូនីសេហ្វបញ្ជាក់ក្នុងសេចក្តីប្រកាសព័ត៌មានកាលពីថ្ងៃទី ២២ ខែកញ្ញា ថា៖ «ចំពោះប្រទេសកម្ពុជាយោងទៅតាមរបាយការណ៍សកលមានតែ ៤០% នៃកុមារដែលមានអាយុ ៦ ទៅ ២៣ ខែប៉ុណ្ណោះដែលបានទទួលក្រុមអាហារក្នុងកម្រិតអប្បបរមា ប៉ុន្តែជិត ២…
ភ្នំពេញៈ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថាប្រទេសមហាអំណាចខ្លះ និងសម្ព័ន្ធមិត្តនៅតែបន្តជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងកម្ពុជា តាមរយៈការអនុវត្តស្តង់ដា២ អំពីការអនុវត្តលទ្ធិប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្ស។ តាមរយៈសារលិខិតដើម្បីអបអរសាទរទិវាសន្តិភាពអន្តរជាតិថ្ងៃទី ២១ កញ្ញា ឆ្នាំ ២០២១ លោក ហ៊ុន សែន ថ្លែងថា ការរីករាលដាលនៃជំងឺកូវីដ ១៩ បាននិងកំពុងបង្កផលប៉ះពាល់យ៉ាងខ្លាំងដល់វិស័យជាច្រើន ជាពិសេសស្ថានភាពសង្គម និងសេដ្ឋកិច្ចរបស់ពិភពលោកទាំងមូល។ ពិភពលោកក៏កំពុងជួបប្រទះវិបត្តិសេដ្ឋកិច្ច ជាសកលតាមរយៈការធ្លាក់ចុះនូវកំណើនសេដ្ឋកិច្ចជាតិ និងអន្តរជាតិ ដោយសារការបង្អាក់លំហូរសកម្មភាពសេដ្ឋកិច្ចពាណិជ្ជកម្ម។ លោកបានបន្តថា បន្ថែមលើវិបត្តិនៃជំងឺកូវីដ ១៩ ដែលធ្វើឱ្យប៉ះពាល់ដល់សន្តិភាព និងស្ថិរភាពសង្គមអន្តរជាតិ ការវិវឌ្ឍដ៏ស្មុគស្មាញមិនអាចប្រមាណទុកជាមុននៃស្ថានការណ៍ពិភពលោកបង្កឡើងដោយការប្រកួតប្រជែងរវាងមហាអំណាច ដើម្បីការពារផលប្រយោជន៍ និងរក្សាឥទ្ធិពល ទាំងនយោបាយ យោធា និងសេដ្ឋកិច្ចរបស់ខ្លួន បាននិងកំពុងគំរាមកំហែងដល់សុខសន្តិភាព និងស្ថិរភាពទាំងនៅក្នុងតំបន់ និងអន្តរជាតិ។ កម្ពុជាមិនអាចគេចផុតពីការទទួលរងឥទ្ធិពលនៃជម្លោះភូមិសាស្ត្រនយោបាយរវាងមហាអំណាចអស់ទាំងនោះបានទេ។ ដោយទំនងសំដៅដល់ប្រទេសមហាអំណាចលោកខាងលិច លោក ហ៊ុន សែន ថ្លែងថា៖ «ប្រទេសមហាអំណាចខ្លះ និងសម្ព័ន្ធមិត្តនៅបន្តប្រើប្រាស់គ្រប់ល្បិចកល គំរាមកំហែង…
ភ្នំពេញៈ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានណែនាំដល់អាជ្ញាធរមូលដ្ឋានឱ្យជំរុញដល់សកម្មភាពបង្កើតសមាគមមនុស្សចាស់នៅតាមសហគមន៍មូលដ្ឋានបន្ថែមទៀតឱ្យបានទូទាំងប្រទេស និងអំពាវនាវដល់អង្គការក្រៅរដ្ឋាភិបាលជួយគាំទ្រដល់កម្មវិធីអភិវឌ្ឍន៍សមាគមមនុស្សចាស់។ តាមរយៈសារាចរដែលបានផ្សព្វផ្សាយកាលពីថ្ងៃទី ២១ ខែកញ្ញា ដើម្បីអបអរសាទរទិវាមនុស្សចាស់កម្ពុជានិងទិវាមនុស្សចាស់អន្តរជាតិនៅថ្ងៃទី ១ ខែ តុលា ឆ្នាំ ២០២១ លោក ហ៊ុន សែន លើកឡើងថា៖ «រដ្ឋបាលថ្នាក់ក្រោមជាតិត្រូវបន្តផ្តល់ការអន្តរាគមន៍ជំរុញសកម្មភាពបង្កើតសមាគមមនុស្សចាស់បន្ថែមទៀតនៅតាមសហគមន៍មូលដ្ឋានឱ្យបានទូទាំងព្រះរាជាណាចក្រកម្ពុជាស្របតាមផែនការដែលបានកំណត់ ឈរលើស្មារតីសាមគ្គីភាពជួយគ្នាទៅវិញទៅមករវាងមនុស្សវ័យចាស់ទូទៅ ជាពិសេសយកចិត្តទុកដាក់ជួយមនុស្សវ័យចាស់ជរាព្យាធិ ពិការក្រីក្រគ្មានទីពឹង។ ដៃគូអភិវឌ្ឍន៍អង្គការមិនមែនរដ្ឋាភិបាលនិងអង្គការអន្តរជាតិសូមបន្តជួយគាំទ្រដល់កម្មវិធីអភិវឌ្ឍន៍សមាគមមនុស្សចាស់ដែលមានស្រាប់»។ ឆ្នាំនេះកម្ពុជានឹងមិនរៀបចំកម្មវិធីជួបជុំគ្នាដើម្បីប្រារព្ធទិវាមនុស្សចាស់កម្ពុជា និងទិវាមនុស្សចាស់អន្តរជាតិឱ្យបានអធិកអធមនោះទេដោយសារបញ្ហាជំងឺកូវីដ ១៩ នៅបន្តរីករាលដាលខណៈប្រធាននៃទិវានេះគឺ«ចូលរួមគាំទ្រថែទាំសុខុមាលភាពមនុស្សចាស់ គឺជាកត្តាដ៏សំខាន់ក្នុងការអនុវត្តប្រព័ន្ធគាំពារសុខុមាលភាពមនុស្សគ្រប់វ័យក្នុងសង្គមជាតិនៅកម្ពុជា»។ លោក ហ៊ុន សែន បានណែនាំឱ្យអាជ្ញាធរត្រូវចុះសំណេះសំណាលជាមួយមនុស្សវ័យចាស់នៅតាមមូលដ្ឋានវត្តអារាម និងវិហារសាសនាដោយនាំយកជំនួយឧបត្ថម្ភតាមសទ្ធាជួយដល់មនុស្សវ័យចាស់និងបានប្រាប់ទៅក្រសួងព័ត៌មានឱ្យណែនាំដល់បណ្តាញសារព័ត៌មានរដ្ឋនិងឯកជនទាំងអស់ផ្សព្វផ្សាយឱ្យបានទូលំទូលាយនូវខ្លឹមសារសកម្មភាពក្នុងឱកាសទិវានេះ។ លោកបានប្រាប់ក្រសួងអប់រំត្រូវធ្វើសេចក្តីណែនាំដល់ស្ថាប័នក្រោមឱវាទរបស់ក្រសួងជំរុញចលនាសិស្សនិស្សិតឱ្យចេះគោរពដំបូន្មានរបស់មាតាបិតា ជីដូនជីតា ចាស់ព្រឹទ្ធាចារ្យ និងឱ្យយល់ដឹងអំពីការប្រែប្រួលរបស់មនុស្សវ័យចាស់ព្រមទាំងបង្កើតកម្មវិធីក្រៅម៉ោងសិក្សា ចុះសួរសុខទុក្ខមនុស្សវ័យចាស់ ពិសេសជួយបំពេញការងារជាឧត្តមប្រយោជន៍ជូនមនុស្សវ័យចាស់។ លោក ហ៊ុន សែន បានជំរុញក្រសួងធម្មការនិងសាសនាឱ្យណែនាំតាមវត្តអារាម វិហារសាសនាទូទាំងប្រទេសតាមរយៈបព្វជិតសាសនាដៃគូអភិវឌ្ឍន៍សប្បុរសជននិងមូលនិធិផ្សេងទៀតដើម្បីឱ្យមានសកម្មភាពជួយឧបត្ថម្ភគាំទ្រពីប្រជាជនដល់មនុស្សវ័យចាស់ដើម្បីឱ្យអ្នកទាំងនោះអាចស្នាក់នៅសមរម្យ មានអាហារទទួលទាន អាចសម្រាន្តលក់ស្ងប់អារម្មណ៍ និងអាចតាំងសមាធិ សមាទានសីល ព្រមទាំងទទួលបានសេវាថែទាំផ្សេងៗទៀតជាបន្តបន្ទាប់។…
ភ្នំពេញៈ កម្ពុជា និងជប៉ុន ចុះកិច្ចព្រមព្រៀងដាក់ឱ្យដំណើរការជាផ្លូវការនូវគម្រោងសហប្រតិបត្តិការបច្ចេកទេសស្តីពី «គម្រោងអភិវឌ្ឍន៍សមត្ថភាពលើការងាររៀបចំផែនការគ្រប់គ្រងចរាចរណ៍ និងការងារប្រតិបត្តិការថែទាំមជ្ឈមណ្ឌលគ្រប់គ្រងចរាចរណ៍ក្នុងរាជធានីភ្នំពេញ» ដើម្បីធ្វើឱ្យប្រសើរឡើងនូវបរិស្ថានដឹកជញ្ជូននៅរាជធានីភ្នំពេញ។ កិច្ចព្រមព្រៀងនេះចុះហត្ថលេខារវាងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិ នៃប្រទេសជប៉ុន (JICA) ដែលមានលោកស្រី កាមេយ ហារូកុ ប្រធានតំណាងការិយាល័យ JICA ប្រចាំប្រទេសកម្ពុជា កាលពីកន្លងមកថ្មីៗនេះ។ គម្រោងនេះមានរយៈពេល ៣ ឆ្នាំ ដែលគ្រោងនឹងចាប់ផ្តើម នាដើមឆ្នាំ ២០២២។ JICA បញ្ជាក់ក្នុងសេចក្តីប្រកាសព័ត៌មាន កាលពីថ្ងៃទី ២១ កញ្ញាថា៖ «គម្រោងសហប្រតិបត្តិការបច្ចេកទេសនេះអនុវត្តឡើងក្នុងគោលបំណងធ្វើឱ្យបរិស្ថានដឹកជញ្ជូនរាជធានីភ្នំពេញ មានភាពប្រសើរឡើង ប្រកបដោយចីរភាព តាមរយៈប្រតិបត្តិការដ៏មានប្រសិទ្ធភាពនៃប្រព័ន្ធគ្រប់គ្រងចរាចរណ៍»។ ប្រព័ន្ធគ្រប់គ្រងចរាចរណ៍នេះត្រូវបានណែនាំ និងដាក់ឱ្យអនុវត្ត កាលពីខែធ្នូ ឆ្នាំ ២០១៨ ក្រោមជំនួយហិរញ្ញប្បទានឥតសំណងរបស់ប្រទេសជប៉ុន។ JICA បញ្ជាក់ថា តាមរយៈការអនុវត្តនូវគម្រោងនេះ គេរំពឹងថា សមត្ថភាពរបស់មន្ត្រីដែលទទួលបន្ទុកផ្នែកការងារគ្រប់គ្រងចរាចរណ៍ និងការងារប្រតិបត្តិការថែទាំមជ្ឈមណ្ឌលគ្រប់គ្រងចរាចរណ៍ក្នុងរាជធានីភ្នំពេញនឹងត្រូវបានពង្រឹង។ ជាមួយគ្នានេះផងដែរ មជ្ឈមណ្ឌលគ្រប់គ្រងចរាចរណ៍នឹងបន្តបំពេញមុខងាររបស់ខ្លួនយ៉ាងមានប្រសិទ្ធភាព។…

