ភ្នំពេញៈ តម្លៃការវិនិយោគផ្ទាល់បរទេស (FDI) ចូលមកប្រទេសកម្ពុជាបានធ្លាក់ចុះតិចតួចកាលពីឆ្នាំ ២០២០ ដែលបានបណ្ដាលមកពីភាពមិនច្បាស់លាស់ជុំវិញការវិវត្តនៃការរីករាលដាលជំងឺកូវីដ ១៩ ប៉ុន្តែក្នុងនោះការវិនិយោគលើវិស័យហិរញ្ញវត្ថុនៅតែរឹងមាំ។
យោងតាម Financial Stability Review 2020 បានពីធនាគារជាតិនៃកម្ពុជា (NBC) លំហូរ FDI បានធ្លាក់ចុះបន្តិចកាលពីឆ្នាំ ២០២០ ដោយសារតែការធ្លាក់ចុះវិស័យមិនមែនធនាគារ។ លំហូរ FDI សរុប ភាគច្រើនលើវិស័យហិរញ្ញវត្ថុ សំណង់ និងអចលនទ្រព្យ និងផលិតកម្មត្រូវបានកត់ត្រាចំនួន ៣,៥ ពាន់លានដុល្លារកាលពីឆ្នាំ ២០២០ និងបានធ្លាក់ចុះដក ១ ភាគរយ ដោយសារតែភាពមិនច្បាស់លាស់ជុំវិញការវិវត្តការរីករាលដាលជំងឺកូវីដ ១៩។
របាយការណ៍ដដែលត្រូវបានដកស្រង់បានអះអាងថា៖ «វិស័យហិរញ្ញវត្ថុ ដែលមានចំនួនប្រហែល ១ ភាគ ៣ នៃ FDI សរុបបានបន្តអត្រាកំណើនវិជ្ជមានចំនួន ១២,៨ ភាគរយក្នុងឆ្នាំ ២០២០ ធៀបនឹង ១៥,៨ ភាគរយកាលពីឆ្នាំ ២០១៩ ដោយសារតែការកើនឡើងប្រាក់ចំណេញវិនិយោគឡើងវិញ ការចាក់បញ្ចូលដើមទុនបន្ថែមរបស់ធនាគារ ការបើកដំណើរការធនាគារថ្មីៗ និងការផ្លាស់ប្តូរពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទៅជាធនាគារពាណិជ្ជ»។
ទន្ទឹមនឹងនេះ FDI លើវិស័យមិនមែនធនាគារបានធ្លាក់ចុះដក ៩,៤ ភាគរយ ក្នុងចំណោមនោះ FDI លើវិស័យសំណង់ និងអចលទ្រព្យ (មានចំណែក ១៧ ភាគរយនៃ FDI សរុប) បានធ្លាក់ចុះដក ១០,៦ ភាគរយ និង FDI លើវិស័យផលិតកម្ម (១៦,២ ភាគរយ) បានធ្លាក់ចុះដក ៧,៤ ភាគរយ។
លោក Anthony Galliano អគ្គនាយកក្រុមហ៊ុន Cambodia Investment Management បានប្រាប់ភ្នំពេញប៉ុស្ដិ៍កាលពីថ្ងៃទី ២ ខែមិថុនាថា វិស័យហិរញ្ញវត្ថុរក្សាភាពជោគជ័យយ៉ាងខ្លាំងមិនគ្រាន់តែសម្រាប់វិស័យធនាគារប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងសម្រាប់វិស័យមិនមែនធនាគារដែរ ដោយមានការអភិវឌ្ឍទីផ្សារមូលធនរបស់កម្ពុជា និងផ្នែកសន្សំប្រាក់ដែលជាទម្រង់នៃផលិតផលវិនិយោគ។
លោកថ្លែងថា៖ «នៅពេលអតិថិជនស្វែងរកជម្រើសប្រាក់បញ្ញើធនាគារ និងអចលទ្រព្យចាត់ទុកជាថ្នាក់នៃទ្រព្យសកម្ម វិស័យមិនមែនធនាគារនឹងអភិវឌ្ឍជាពិសេសជាមួយនឹងការប្រើប្រាស់ផលិតផលមូលនិធិទៅវិញទៅមក និងសោធននិវត្តន៍។ វានៅតែមានឱកាសដ៏សំខាន់នៅក្នុងវិស័យធនាគារ ជាពិសេសផ្នែកធនាគារអតិថិជន ខណៈដែលនៅតែមានអត្រាចូលទីផ្សារកម្រិតទាប»។
លោកបានឱ្យដឹងថា អតិថិជនមានជម្រើសផ្សេងៗក្រៅពីប្រាក់បញ្ញើ និងផលិតផលបំណុល ដូចជាកាតឥណទាន និងកម្ចីលំនៅឋាន និងមូលនិធិ ដែលត្រូវបានផ្ដល់ជូនដោយធនាគារ និងមានការចូលទីផ្សារកម្រិតទាប។
លោកលើកឡើងថា៖ «ធនាគារពាណិជ្ជនៅក្នុងប្រទេសកម្ពុជា ដោយសារតែចំនួនធនាគារនៅក្នុងទីផ្សារនេះច្រើន ទោះយ៉ាងណាមានធនាគារជាច្រើនដែលបង្កើតឡើងជាពិសេសដើម្បីគាំទ្រដល់មុខងារផ្សេងៗ»។
យោងតាមរបាយការណ៍របស់ NBC ក្នុងចំណោម FDI សរុប លំហូរ FDI ពីប្រទេសចិនមកកម្ពុជាច្រើនជាងគេ។ កាលពីឆ្នាំ ២០២០ លំហូរ FDI មកពីប្រទេសចិនមានចំនួន ៥១ ភាគរយនៃ FDI សរុប បន្ទាប់មកប្រទេសសិង្ហបុរី (៨,២ ភាគរយ) កូរ៉េ (៧,៩ ភាគរយ) ជប៉ុន (៥,៨ ភាគរយ) ចក្រភពអង់គ្លេស (៤,៤ ភាគរយ) ម៉ាឡេស៊ី (៤,២ ភាគរយ) និងប្រទេសថៃ (៣,៣ ភាគរយ)។ លំហូរ FDI ពីប្រទេសចិនភាគច្រើននៅក្នុងវិស័យកាត់ដេរ និងស្បែកជើង វារីអគ្គិសនី អចលនទ្រព្យ ហិរញ្ញវត្ថុ និងកន្លែងស្នាក់នៅ៕LA