ភ្នំពេញៈ សភាពាណិជ្ជកម្មកម្ពុជា (CCC) សន្យានឹងបន្តគាំទ្រអង្គការពាណិជ្ជកម្មក្រៅប្រទេសជប៉ុន (Jetro) ក្នុងការរៀបចំជំនួបពាណិជ្ជកម្មរវាងធុរកិច្ចកម្ពុជា និងធុរកិច្ចជប៉ុនដើម្បីជំរុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មរវាងប្រទេសទាំង ២ ឱ្យកាន់តែប្រសើរបន្ថែមទៀត។
ការសន្យានេះត្រូវបានធ្វើឡើងក្នុងជំនួបរវាងលោក ងួន ម៉េងតិច អគ្គនាយក CCC និងលោកស្រី Marisa Haruta ប្រធានតំណាង Jetro ប្រចាំនៅកម្ពុជា កាលពីថ្ងៃទី ២ ខែមិថុនា។
លោក ងួន ម៉េងតិច បានថ្លែងថា កន្លងមក ស្ថាប័នទាំង ២ បានរៀបចំព្រឹត្តិការណ៍ធុរកិច្ចរួមគ្នាជាច្រើនដើម្បីសំដៅទាក់ទាញវិនិយោគិនពីប្រទេសជប៉ុនឱ្យចូលមកបណ្តាក់ទុននៅកម្ពុជា។
លោកថ្លែងថា៖ «ជំនួបពិភាក្សានេះទទួលបានលទ្ធផលផ្លែផ្កាគួរឱ្យកត់សម្គាល់។ យើងនឹងបន្តកិច្ចសហប្រតិបត្តិការជំរុញពាណិជ្ជកម្មរវាងប្រទេសទាំង ២ ឱ្យមានកាន់តែច្រើន»។
លោកស្រី Marisa Haruta បានថ្លែងអំណរគុណដល់សភាពាណិជ្ជកម្មកម្ពុជាដែលបានសហការរៀបចំកម្មវិធីពិព័រណ៍ និងជំនួបពាណិជ្ជកម្មផលិតផលគុណភាពខ្ពស់របស់ជប៉ុនកាលពីខែកុម្ភៈ ឆ្នាំ ២០២១ ប្រកបដោយជោគជ័យ។ ជាមួយគ្នានេះលោកស្រីក៏បានស្នើឱ្យបន្តជួយគាំទ្ររៀបចំកម្មវិធីប្រហាក់ប្រហែលគ្នានេះនៅចុងឆ្នាំនេះដោយផ្តោតលើវិស័យកសិកម្ម។
លោកស្រីនិយាយថា៖ «ក្រៅពីនេះ ខ្ញុំក៏ស្នើឱ្យសភាពាណិជ្ជកម្មកម្ពុជាសហការជួយរៀបចំកម្រងឯកសារវីដេអូស្តីពីសក្តានុពលកម្ពុជា ដោយមានការចូលរួមពីធុរជនសំខាន់ៗនៅកម្ពុជា ដើម្បីផ្សព្វផ្សាយទៅដល់សហគមន៍ធុរកិច្ចជប៉ុន»។
របាយការណ៍ Jetro ឱ្យដឹងថា ពាណិជ្ជកម្មទ្វេភាគីកម្ពុជា-ជប៉ុនក្នុងត្រីមាសទី ១ ឆ្នាំ ២០២១ មានតម្លៃ ៦៣៣,១២ លានដុល្លារ កើន ៧,៨ ភាគរយធៀបរយៈពេលដូចគ្នាឆ្នាំមុន។ ក្នុងនោះការនាំពីកម្ពុជាមានតម្លៃ ៤៨៩,៦២ លានដុល្លារ កើន ២,៩ ភាគរយពី ៤៧៥,៧៦ លានដុល្លារ និងនាំចូល ១៤៣,៥ លានដុល្លារ កើន ២៨,៥ ភាគរយពី ១១១,៧១ លានដុល្លារ។
ផលិតផលកម្ពុជានាំទៅកាន់ជប៉ុនមានដូចជា សម្លៀកបំពាក់ គ្រឿងផ្គុំអគ្គិសនី និងគ្រឿងផ្គុំអេឡិចត្រូនិក ចំណែកការនាំចូលពីជប៉ុនមានគ្រឿងម៉ាស៊ីន និងផលិតផលប្រើប្រាស់បច្ចេកវិទ្យាទំនើបៗ។
លោក លឹម ហេង ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ហេង មាន អ៊ិនវេសមេន ឯ.ក ដែលវិនិយោគលើចម្ការកៅស៊ូបានប្រាប់ភ្នំពេញប៉ុស្តិ៍ថា ជំនួបនេះនឹងជួយជំរុញពាណិជ្ជកម្មទ្វេភាគីបន្ថែមទៀត បន្ទាប់ពីពាណិជ្ជកម្មទ្វេភាគីប្រទេសទាំង ២ បានធ្លាក់ចុះកាលពីឆ្នាំមុន។
លោកប្រាប់ថា៖ «វិនិយោគិនជប៉ុនជាច្រើនកំពុងរង់ចាំឱ្យការរីករាលដាលជំងឺកូវីដ ១៩ ធូរស្រាល ដើម្បីអាចមកវិនិយោគនៅប្រទេសយើង ដោយភាគច្រើនពួកគេចាប់អារម្មណ៍លើវិស័យកសិឧស្សាហកម្ម ដើម្បីផលិតកែច្នៃផលិតផលកសិកម្មរបស់យើងដែលមានស្រាប់សម្រាប់នាំចេញ»។
ពាណិជ្ជកម្មទ្វេភាគីកម្ពុជា-ជប៉ុនក្នុងឆ្នាំ ២០២០ មានតម្លៃ ២ ១០១,៧៨ លានដុល្លារធ្លាក់ចុះ ៨,៣៥ ភាគរយបើធៀបឆ្នាំ ២០១៩ ក្នុងនោះការនាំចេញមាន ១ ៦១៧,០៨ លានដុល្លារ ធ្លាក់ ៦,៦ ភាគរយ និងនាំចូល ៤៨៤,៧០ លានដុល្លារ ធ្លាក់ ១៣,៨ ភាគរយ។ នេះបើតាមទិន្នន័យពី Jetro។
ចាប់ពីឆ្នាំ ១៩៩៤ ដល់ឆ្នាំ ២០១៨ មានគម្រោងវិនិយោគជប៉ុន ១៣៧ នៅកម្ពុជាដោយមានទុនវិនិយោគសរុប ២ ៤៨៦ លានដុល្លារ៕ LA