ភ្នំពេញៈ កម្ពុជាទទួលបានប្រាក់ផ្ញើពីបរទេសចំនួន ១,២ ពាន់លានដុល្លារអាមេរិក កាលពីឆ្នាំ ២០២០ ពីពលករចំណាកស្រុកនៅបរទេស ដោយធ្លាក់ចុះយ៉ាងគំហុកប្រមាណ ២០ ភាគរយ បណ្តាលមកពីការធ្លាក់ចុះសកម្មភាពសេដ្ឋកិច្ច និងការរឹតបន្តឹងការធ្វើដំណើរនៅតាមបណ្ដាប្រទេសគោលដៅរបស់ពលករចំណាកស្រុកដែលកម្ពុជាបញ្ជូនទៅបំពេញការងារ។
យោងតាមរបាយការណ៍ពីធនាគារជាតិនៃកម្ពុជា ប្រាក់ផ្ញើពីបរទេសបានធ្លាក់ចុះប្រមាណ ២០ ភាគរយពី ១,៥ ពាន់លានដុល្លារអាមេរិកកាលពីឆ្នាំ ២០១៩ មកនៅត្រឹម ១,២ ពាន់លានដុល្លារអាមេរិកកាលពីឆ្នាំ ២០២០។
របាយការណ៍នោះបានឱ្យដឹងថា ការផ្ញើប្រាក់ពីប្រទេសថៃ មានចំនួន ២៣ ភាគរយនៃចំនួនទឹកប្រាក់សរុបដែលកត់ត្រាការធ្លាក់ចុះ ១១ ភាគរយពីប្រទេសកូរ៉េមានចំណែក ១៦ ភាគរយ ធ្លាក់ចុះ ៣០ ភាគរយ ពីប្រទេសជប៉ុន មានចំណែក ៦ ភាគរយ ធ្លាក់ចុះ ៤ ភាគរយ និងពីប្រទេសម៉ាឡេស៊ីមានចំណែក ១,៤ ភាគរយ ធ្លាក់ចុះ ៥១ ភាគរយ។
របាយការណ៍បន្ត៖ «ការរីករាលដាលជំងឺកូវីដ ១៩ បានធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំងដល់សកម្មភាពសេដ្ឋកិច្ច ជាពិសេសក្រុមហ៊ុនជាច្រើន ដែលជាហេតុធ្វើឱ្យមានការធ្លាក់ចុះតម្រូវការកម្លាំងពលកម្ម។ ពលករចំណាកស្រុកជាច្រើនរបស់ប្រទេសកម្ពុជាបានវិលត្រឡប់មកស្រុកវិញ និងមានពលករចំណាកស្រុកចំនួនតិចតួចប៉ុណ្ណោះត្រូវបានអនុញ្ញាតឱ្យធ្វើចំណាកស្រុកក្នុងអំឡុងពេលការរីករាលដាលជំងឺកូវីដ ១៩ នេះ។ ចំនួនពលករចំណាកស្រុកកម្ពុជាកាលពីឆ្នាំ ២០២០ មានចំនួន ១,២ លាននាក់ ធ្លាក់ចុះ ៨ ភាគរយធៀបនឹង ១,៣ លាននាក់កាលពីឆ្នាំ ២០១៩»។
របាយការណ៍ដែលបានពីរបាយការណ៍ TRIANGLE របស់អង្គការអន្តរជាតិខាងការងារ (ILO) នៅក្នុងកំណត់ហេតុសង្ខេបប្រចាំត្រីមាសកម្មវិធីអាស៊ាន ស្ដីពីកម្ពុជាចាប់ពីខែមករាដល់ខែមីនាឆ្នាំ ២០២១ បានអះអាងថា កម្ពុជាគឺជាប្រទេសប្រភពដើមដ៏សំខាន់មួយសម្រាប់ពលករចំណាកស្រុក មានជាង ១១០០ ០០០ នាក់ដែលរស់នៅបរទេសកាលពីឆ្នាំ ២០២០។
ពលករភាគច្រើនស្វែងរកការងារនៅក្រៅប្រទេស ដោយសារតែកង្វះឱកាសការងារគ្រប់គ្រាន់ដែលអាចរកបាននៅក្នុងស្រុក និងភាពខុសគ្នានៃប្រាក់ឈ្នួលការងារនៅក្រៅប្រទេស។ ប្រទេសទិសដៅចម្បងសម្រាប់កម្មករចំណាកស្រុករបស់ប្រទេសកម្ពុជាគឺប្រទេសថៃ និងជាទូទៅនៅក្នុងវិស័យនេសាទ កសិកម្ម បសុសត្វ សំណង់ ផលិតកម្ម និងសេវាកម្ម ដែលរួមទាំងការងារក្នុងស្រុកផងដែរ។ នេះបើយោងតាមរបាយការណ៍។
របាយការណ៍បន្តថា៖ «ចាប់តាំងពីដើមឆ្នាំ ២០២០ ការរីករាលដាលជំងឺកូវីដ ១៩ បានប៉ះពាល់ដល់ពិភពលោកទាំងមូល ដែលរួមទាំងតំបន់អាស៊ានផងដែរ។ កម្មករចំណាកស្រុកជាស្ដ្រី និងបុរសនៅក្នុងតំបន់នេះកំពុងខិតខំយ៉ាងខ្លាំង ដើម្បីការងារ ជីវភាពរស់នៅ និងសុខភាពរបស់ពួកគេនៅក្នុងវិបត្តិនេះ។ ទោះយ៉ាងណាមានមនុស្សជាច្រើនរងផលប៉ះពាល់មិនសមាមាត្រ ដោយសារជំងឺកូវីដ ១៩ និងផលប៉ះពាល់សេដ្ឋកិច្ច និងសុខភាពរបស់ខ្លួន»។
កាលពីខែមីនា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានសម្រេចចិត្តលើកលែងការធ្វើចត្តាឡីស័កនៅពេលមកដល់សម្រាប់ពលករចំណាកស្រុកស្ថិតក្នុងស្ថានភាពសុខភាពល្អ ដែលត្រឡប់មកពីប្រទេសថៃ តាមរយៈបណ្ដាខេត្តនៅតាមបណ្ដោយព្រំដែនកម្ពុជា និងថៃ បន្ទាប់ពីការរីករាលដាលក្នុងសហគមន៍ទ្រង់ទ្រាយធំនៅក្នុងប្រទេសថៃ។ មានពលករចំណាកស្រុកជាង ១៥ ០០០ នាក់នៅក្នុងមជ្ឈមណ្ឌលចត្តាឡីស័កតាមបណ្ដាខេត្តនៅតាមបណ្ដោយព្រំដែនកម្ពុជា និងថៃ។
យោងតាមរបាយការណ៍របស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ដែលបានចេញផ្សាយនៅខែសីហាឆ្នាំ ២០២០ សេដ្ឋកិច្ចពិភពលោកអាចខាតបង់ប្រាក់ផ្ញើពីបរទេសជាង ១០០ ពាន់លានដុល្លារ ដោយសារតែកម្មករចំណាកស្រុកស្ថិតក្នុងចំណោមក្រុមដែលរងផលប៉ះពាល់ដោយសារតែការរីករាលដាលជំងឺកូវីដ ១៩ ខ្លាំងបំផុត។
របាយការណ៍បន្តថា ការផ្ញើប្រាក់ពីបរទេសនៅតំបន់អាស៊ីខាងត្បូង ត្រូវបានរំពឹងថាធ្លាក់ចុះបន្ថែមទៀត ចំនួន ២៨,៦ ពាន់លាន ស្មើនឹង ២៤,៧ ភាគរយនៃចំណូលឆ្នាំ ២០១៨។ បន្ទាប់មក គឺអាស៊ីកណ្ដាល មាន ៣,៤ ពាន់លានដុល្លារ ស្មើ ២៣,៨ ភាគរយ អាស៊ីអាគ្នេយ៍មាន ១១,៧ ពាន់លានដុល្លារ ស្មើ ១៨,៦ ភាគរយ។
របាយការណ៍របស់ ILO បានឱ្យដឹងទៀតថា បច្ចុប្បន្នកម្មករចំណាកស្រុករបស់កម្ពុជាភាគច្រើនគឺធ្វើការនៅប្រទេសថៃ កូរ៉េខាងត្បូង ម៉ាឡេស៊ី សិង្ហបុរី និងជប៉ុន៕LA