ភ្នំពេញៈ ពាណិជ្ជកម្មទ្វេភាគីកម្ពុជា និងវៀតណាមបានកើនឡើងគួរឱ្យកត់សម្គាល់ក្នុងត្រីមាសទី១ ឆ្នាំនេះ គឺប្រមាណ ២២ ភាគរយ ទោះបីជាមានការរឹតបន្តឹងនៅតាមព្រំដែន ដោយសារក្តីបារម្ភពីការរីករាលដាលជំងឺកូវីដ ១៩ រវាងប្រទេសទាំង ២ ក៏ដោយ។
យោងតាមទិន្នន័យពីស្ថានទូតវៀតណាមប្រចាំកម្ពុជាក្នុងត្រីមាសទី១ ឆ្នាំ ២០២១ បរិមាណនាំចេញ និងនាំចូលទ្វេភាគីបានកើនដល់កម្រិតខ្ពស់ថ្មីមួយ គឺចំនួន ៣,៨៩២ ពាន់លានដុល្លារ កើនឡើង ២២ ភាគរយធៀបនឹងរយៈពេលដូចគ្នាឆ្នាំ ២០២០។
លោក Vuong Dinh Hue ប្រធានសភាវៀតណាមបានឱ្យដឹងក្នុងអំឡុងពេលជួបពិភាក្សាជាមួយលោក ហេង សំរិន ប្រធានរដ្ឋសភាជាតិកម្ពុជា តាមរយៈប្រព័ន្ធវីដេអូកាលពីថ្ងៃទី ៣ ខែមិថុនាថា ក្នុងរយៈពេល ២-៣ ឆ្នាំចុងក្រោយនេះ ទំនាក់ទំនងកិច្ចសហប្រតិបត្តិការកម្ពុជា និងវៀតណាមបានទទួលផ្លែផ្កាជាច្រើន។
លោកបន្តថា កាលពីអំឡុងឆ្នាំ ២០១០ ដល់ឆ្នាំ ២០១៩ ទំហំពាណិជ្ជកម្មទ្វេភាគី ជានិច្ចកាលសម្រេចបានក្នុងអត្រាកំណើនប្រចាំឆ្នាំជាមធ្យម ១៨ ភាគរយ។ ពាណិជ្ជកម្មទ្វេភាគីបានកើនដល់ ៥,២ ពាន់លានដុល្លារកាលពីឆ្នាំ ២០១៩ ដោយលើសពីទិសដៅដែលបានកំណត់របស់មេដឹកនាំនៃប្រទេសទាំង ២ (៥,០ ពាន់លានដុល្លារឆ្នាំ ២០២០)។
លោកថ្លែងថា៖ «ពាណិជ្ជកម្មទ្វេភាគីបានរក្សាការកើនឡើងក្នុងអំឡុងពេលការរីករាលដាលជំងឺកូវីដ ១៩។ នៅត្រីមាសទី ១ ឆ្នាំ ២០២១ បរិមាណនៃការនាំចេញ និងនាំចូលទ្វេភាគី បានកើនឡើងដល់កម្រិតខ្ពស់បំផុតថ្មីមួយ។ វៀតណាមនៅតែជាវិនិយោគិនបរទេសឈានមុខគេទី ៣ នៅក្នុងប្រទេសកម្ពុជា»។
លោកបន្តថា៖ «ក្រៅពីនេះ ប្រទេសទាំង ២ កំពុងផ្ដោតការយកចិត្តទុកដាក់លើកិច្ចសហប្រតិបត្តិការសន្ដិសុខ ពិសេសការផ្លាស់ប្តូរបទពិសោធ និងការបណ្ដុះបណ្ដាលជាទៀងទាត់ ដើម្បីកែលម្អសមត្ថភាព ការពារព្រំដែនប្រកបដោយសន្ដិភាព បង្កើតទំនាក់ទំនងមិត្តភាព កិច្ចសហប្រតិបត្តិការ ការអភិវឌ្ឍ និងបង្កើតលក្ខខណ្ឌអនុគ្រោះសម្រាប់សកម្មភាពសេដ្ឋកិច្ច»។
លោក ហេង សំរិន បានឱ្យដឹងថា ជាមួយនឹងសមិទ្ធផលជាច្រើនក្នុងទំនាក់ទំនងទ្វេភាគីក្នុងរយៈពេលជាច្រើនឆ្នាំថ្មីៗនេះ លោកជឿថា មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការដ៏ទូលំទូលាយរវាងកម្ពុជា និងវៀតណាមនឹងត្រូវបានថែរក្សា និងពង្រឹងដោយរដ្ឋសភា រដ្ឋាភិបាល និងប្រជាជនរបស់ប្រទេសទាំង ២។
លោកថ្លែងថា៖ «កិច្ចខំប្រឹងប្រែងជាបន្តនឹងបង្កើនមិត្តភាពដល់កម្រិតកាន់តែខ្ពស់ ជាពិសេសផ្ដល់អត្ថប្រយោជន៍ដល់ប្រជាជនប្រទេសទាំង ២ និងរួមចំណែកវិជ្ជមានដល់សន្ដិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងវិបុលភាពនៅក្នុងកម្រិតតំបន់ និងពិភពលោក»។
លោក លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជាបានប្រាប់ភ្នំពេញប៉ុស្ដិ៍ថា បណ្ដាប្រទេសជិតខាង គឺជាទីផ្សារដ៏ល្អសម្រាប់ការនាំចេញផលិតផលកសិកម្មកម្ពុជា។ លោកបន្តថា ទោះបីជាមានការរឹតបន្តឹងខ្លះៗជុំវិញការរឹតបន្តឹងព្រំដែនកាលពីឆ្នាំមុនក៏ដោយ ក៏រដ្ឋាភិបាលប្រទេសទាំង ២ នៅតែជំរុញការផ្លាស់ប្តូរទំនិញជានិច្ច។
លោកនិយាយថា៖ «ការកើនឡើងការនាំចេញពីកម្ពុជាទៅប្រទេសវៀតណាម កំពុងឆ្លុះបញ្ចាំងពីការប្ដេជ្ញាចិត្តរវាងរដ្ឋាភិបាលទាំង ២ ក្នុងការជំរុញពាណិជ្ជកម្មឆ្លងកាត់ព្រំដែន ជាពិសេសការអភិវឌ្ឍសម្រាប់ប្រជាជននៅតាមព្រំដែន»។
លោក លឹម ហេង បញ្ជាក់ថា៖ «ខ្ញុំហ៊ាននិយាយថា បណ្ដាប្រទេសជិតខាង គឺជាទិសដៅនាំចេញល្អបំផុត ព្រោះការនាំចេញមានភាពងាយស្រួល ពិសេសផលិតផលកសិកម្មរបស់យើង ដូចជា អង្ករ ពោត កៅស៊ូ សណ្ដែក។ល។ ទោះបីជាយើងនាំចេញភាគច្រើននៃវត្ថុធាតុដើមទៅប្រទេសទាំងនោះ ក៏វានៅតែល្អសម្រាប់កសិករយើងដែរ។ ប្រសិនបើមិនមានប្រទេសថៃ ឬវៀតណាមទិញផលិតផលកសិកម្ម យើងនឹងមានបញ្ហាជាមិនខាន ដោយសារតែនៅប្រទេសយើងមិនទាន់មានឃ្លាំងស្តុកទំនិញគ្រប់គ្រាន់»។
ថ្មីៗនេះ រដ្ឋាភិបាលកម្ពុជាកំពុងជំរុញឲ្យមានការសាងសង់ផ្សារគំរូចំនួន ២ បន្ថែមទៀតនៅខេត្តកំពត និងខេត្តស្វាយរៀងជាកន្លែងដែលមានព្រំដែនជាប់គ្នារវាងវៀតណាម ដើម្បីបង្កើនពាណិជ្ជកម្មទ្វេភាគី និងជំរុញការនាំចេញរបស់ប្រទេសកម្ពុជា។ កាលពីខែធ្នូ ឆ្នាំ ២០១៩ កម្ពុជាបានសម្ពោធដាក់ឱ្យប្រើប្រាស់រួចហើយផ្សារដានៅក្នុងខេត្តត្បូងឃ្មុំ។
យោងតាមទិន្នន័យពីក្រសួងពាណិជ្ជកម្ម កម្ពុជានាំចេញទំនិញទៅវៀតណាមក្នុងតម្លៃ ៣៨៥,៧៩ លានដុល្លារ កាលពីឆ្នាំ ២០២០ កើន ១៤,៨៨ ភាគរយ ធៀបនឹង ៣៣៥,៨២ លានដុល្លារកាលពីឆ្នាំ ២០១៩។ ទោះយ៉ាងណាការនាំទំនិញពីប្រទេសវៀតណាម មកកម្ពុជាវិញបានធ្លាក់ចុះ ៣,១៩ ភាគរយ ដោយមានតម្លៃ ២,៦៣៤ ពាន់លានដុល្លារ ធៀបនឹង ២,៧១៨ ពាន់លានដុល្លារកាលពីឆ្នាំ ២០១៩៕LA