ភ្នំពេញៈ ស្របពេលបណ្ដាប្រទេសជាច្រើនក្នុងតំបន់កំពុងកំណត់ទិសដៅ ដើម្បីផលិតថាមពលស្អាត ជាពិសេសពីថាមពលខ្យល់ The Blue Circle ដែលជាក្រុមហ៊ុនគ្រប់គ្រងដោយវិនិយោគិនបារាំងបានជំរុញឱ្យប្រទេសកម្ពុជា គួរផ្ដោតការយកចិត្តទុកដាក់កាន់តែខ្លាំងលើការផលិតថាមពលពីខ្យល់ ដោយសារកម្ពុជាមានតំបន់ចំនួន ៧ ត្រូវបានកំណត់រួចហើយក្នុងគោលបំណងចូលរួមចំណែកដល់ផែនការមេអគ្គិសនីរបស់រដ្ឋាភិបាលកម្ពុជាដល់ឆ្នាំ ២០៣០។
យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រុមហ៊ុនកាលពីពាក់កណ្ដាលខែឧសភា តម្រូវការថាមពលរបស់តំបន់អាស៊ីអាគ្នេយ៍បានកើនឡើងជាង ៨០ ភាគរយចាប់តាំងពីឆ្នាំ ២០០០ ហើយត្រូវរំពឹងថានឹងកើនឡើង ៦០ ភាគរយថែមទៀតត្រឹមឆ្នាំ ២០៤០។
គិតត្រឹមពេលនេះ វៀតណាម និងថៃ ដែលជាប្រទេសជិតខាងរបស់កម្ពុជា មានសមត្ថភាពផលិតថាមពលខ្យល់ចំនួន ៥៨២ មេហ្គាវ៉ាត់ និង ១ ៥៣៨ មេហ្គាវ៉ាត់រៀងៗខ្លួនដែលបានដំឡើងរួច និងកំពុងរៀបចំផែនការដំឡើងគម្រោងថ្មីអប្បបរមា ៦ ០០០ មេហ្គាវ៉ាត់ត្រឹមឆ្នាំ ២០២៥។
ក្រុមហ៊ុន The Blue Circle បានឱ្យដឹងថា កម្ពុជាបានដាក់បញ្ចូលថាមពលខ្យល់ទៅក្នុងផែនការមេអគ្គិសនីឆ្នាំ ២០៣០ របស់ខ្លួន ដែលមានត្រឹមតែ ៨០ មេហ្គាវ៉ាត់ប៉ុណ្ណោះនៅត្រឹមឆ្នាំ ២០៤០។ បើទោះបីជាទិសដៅកំណត់ឆ្នាំ ២០៣០ ចំនួនដែលបានដំឡើងរួចមានសមត្ថភាពផលិតអគ្គិសនីបាន ១៧ ៦៧៧ មេហ្គាវ៉ាត់ ដែលបានកំណត់កាលពីឆ្នាំ ២០១៩ ត្រូវបានកែតម្រូវទម្លាក់មកត្រឹម ៣០ ភាគរយ បន្ទាប់ពីការរីករាលដាលជំងឺកូវីដ ១៩ ចំណែកថាមពលខ្យល់នឹងមានចំណែកត្រឹម ០,៦៤ ភាគរយប៉ុណ្ណោះនៃសមត្ថភាពសរុបរបស់ប្រទេសកម្ពុជាត្រូវដំឡើងក្នុងឆ្នាំ ២០៣០។
ជាមួយគ្នានេះដែរ ផែនការមេអគ្គិសនីដែលរួមបញ្ចូលថាមពលសូឡា ១ ៧៤០ មេហ្គាវ៉ាត់នឹងត្រូវដំឡើងត្រឹមឆ្នាំ ២០៣០ តំណាងឱ្យ ១២,១ ភាគរយនៃសមត្ថភាពសរុបរបស់កម្ពុជាដែលបានដំឡើង។ នេះបើតាមសេចក្ដីប្រកាសព័ត៌មាន។
លោក Olivier Duguet ប្រធានប្រតិបត្តិក្រុមហ៊ុន The Blue Circle បានឱ្យដឹងនៅក្នុងសេចក្ដីប្រកាសព័ត៌មានថា យោងតាមក្រុមហ៊ុនប្រឹក្សាឯករាជ្យ 3i ក្នុងការសិក្សាមួយដែលបានផ្ដល់ហិរញ្ញប្បទានដោយរដ្ឋាភិបាលអូស្ដ្រាលី និងបានចេញផ្សាយកាលពីថ្ងៃទី ១៥ ខែ កក្កដា ឆ្នាំ ២០២០ បញ្ជាក់ថា កម្ពុជានៅក្នុងសេណារីយោថាមពលខ្យល់មធ្យម អាចដំឡើង ១ ១៨៥ មេហ្គាវ៉ាត់ត្រឹមឆ្នាំ ២០៣០ នៅក្នុងតំបន់ចំនួន ៧ ដែលមានខ្យល់ខ្លាំងដែលបានបញ្ជាក់រួចហើយ។
លោកសរសេរថា៖ «សមត្ថភាពនេះអាចតំណាង ១០ ភាគរយនៃការផលិតអគ្គិសនីសរុបរបស់កម្ពុជានៅក្នុងឆ្នាំ ២០៣០ ដែលសម្រេចបានតម្លៃល្អប្រសើរ ៦,៨៦ សេនដុល្លារក្នុង ១ គីឡូវ៉ាត់ម៉ោង និងចៀសផុតពីការបំភាយឧស្ម័នកាបូនិក ១០ លានតោន។ ទាក់ទងនឹងភាពត្រូវគ្នានៃអគ្គិសនីជាមួយកម្រិតការផលិតថាមពលកកើតឡើងវិញដែលមិនទៀងទាត់ផ្សេងៗគ្នា ការសិក្សាបានសន្និដ្ឋានថា ថាមពលខ្យល់ ១០ ភាគរយនៅក្នុងការបញ្ចូលថាមពលរបស់កម្ពុជានឹងអាចគ្រប់គ្រងបានដោយអគ្គិសនីកម្ពុជា (EdC) ដោយមិនចាំបាច់មានការវិនិយោគបន្ថែមច្រើននោះទេ»។
លោក Olivier បានបន្ថែមថា៖ «ដូច្នេះតើកម្ពុជានឹងស្ដារឡើងវិញយ៉ាងណាបន្ទាប់ពីការរីករាលដាលជំងឺកូវីដ ១៩ តាមរយៈការបន្ថែមថាមពលខ្យល់ទៅលើមហិច្ឆតានៃការផលិតថាមពលពីសូឡារបស់ខ្លួនដែរឬទេ? តើ EdC អាចនឹងឈានទៅលើសពីគម្រោងសាកល្បងថាមពលខ្យល់ ៨០ មេហ្គាវ៉ាត់លើកដំបូងដែលនៅតែត្រូវបានអនុវត្ត និងតាមពីក្រោយប្រទេសជិតខាងមេគង្គរបស់ខ្លួនក្នុងការចាប់យកប្រភពថាមពលខ្យល់ជាតិរបស់ខ្លួនជាមួយនឹងផែនការដ៏ទូលំទូលាយឬទេ? ឥឡូវដល់ពេលវេលាហើយ»។
លោក វិចទ័រ ហ្សូនា អគ្គនាយកថាមពលនៃក្រសួងរ៉ែ និងថាមពលបានប្រាប់ ភ្នំពេញ ប៉ុស្ដិ៍ កាលពីថ្ងៃទី ១៧ ខែឧសភាថា ក្រុមហ៊ុន The Blue Circle កំពុងចរចាកិច្ចព្រមព្រៀងទិញថាមពលជាមួយ EdC ក្នុងរយៈពេលជាង ១ ឆ្នាំហើយ ប៉ុន្តែមកដល់ពេលនេះ នៅមិនទាន់សម្រេចបានកិច្ចព្រមព្រៀងផ្លូវការដើម្បីឈានទៅសង់ស្ថានីយថាមពលខ្យល់នៅលើភ្នំបូកគោ ក្នុងខេត្តកំពតនៅឡើយទេ។
ជាមួយនឹងតម្លៃអគ្គិសនីដែលបានកាត់បន្ថយជារៀងរាល់ឆ្នាំចាប់តាំងពីឆ្នាំ ២០១៥ នៅក្នុងគោលនយោបាយរបស់រដ្ឋាភិបាល លោក ហ្សូនា បានឱ្យដឹងថា EdC តម្រូវឱ្យតម្លៃស្ថិតក្រោម ០,០៦៨ ដុល្លារក្នុង ១ គីឡូវ៉ាត់ម៉ោង ដោយក្រុមហ៊ុននឹងផ្ដល់ដល់អតិថិជនជាមួយនឹងអគ្គិសនីដែលមានតម្លៃសមរម្យ។
លោកប្រាប់ថា៖ «ការសាងសង់របស់ The Blue Circle មិនទាន់បានចាប់ផ្តើមទេពេលនេះ ដោយក្រុមហ៊ុនរង់ចាំទាល់តែចរចាតម្លៃត្រូវគ្នាជាមួយ EdC ជោគជ័យជាមុនសិន»។
លោកបន្ថែមថា ក្រុមហ៊ុននឹងដាក់សំណើ និងលក្ខណៈបច្ចេកទេសទៅក្រសួងពិនិត្យ ដើម្បីចាប់ផ្ដើមការសាងសង់ ដោយពឹងផ្អែកលើលទ្ធផលនៃការចរចាជាមួយ EdC»។
លោក Amaury BRUCKER មន្ដ្រីទំនាក់ទំនង និងគាំទ្រអភិវឌ្ឍន៍ The Blue Circle បានប្រាប់ ភ្នំពេញ ប៉ុស្ដិ៍ថា ការឆ្លងរាលដាលជំងឺកូវីដ ១៩ បានបន្ថយល្បឿនការសម្រេចចិត្តរបស់រដ្ឋាភិបាលលើការពង្រីកសមត្ថភាពផលិតអគ្គិសនី។
លោកថ្លែងថា៖ «តម្លៃ PPA ៦,៨៨ សេនដុល្លារ ១ គីឡូវ៉ាត់ម៉ោងដែលយើងបានស្នើឡើងគឺជាតម្លៃទាបបំផុតហើយសម្រាប់ថាមពលខ្យល់នៅតំបន់អាស៊ីអាគ្នេយ៍ ហើយវាស្របគ្នានឹងតម្លៃ PPA សូឡាចុងក្រោយដែលបានចុះហត្ថលេខាដោយ EdC កាលពីឆ្នាំមុនក្នុងតម្លៃ ៧,៦ សេនដុល្លារក្នុង ១ គីឡូវ៉ាត់ម៉ោង។ យើងមិនជឿថា ផែនការរយៈពេលវែងថ្នាក់ជាតិណាអាចមាននិរន្តរភាពក្នុងតម្លៃកាន់តែទាបខ្លាំងទេ»៕ LA