ភ្នំពេញៈ រដ្ឋាភិបាលកម្ពុជាទើបបានដាក់ចេញនូវក្របខ័ណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា ២០២១-២០៣៥ ដើម្បីកសាងសេដ្ឋកិច្ចឌីជីថលឱ្យក្លាយជាចន្ទល់កំណើនសេដ្ឋកិច្ចថ្មី បន្ទាប់ពីវិស័យឌីជីថលបានក្លាយជាវិស័យស្នូលក្នុងពេលវិបត្តិជំងឺឆ្លងរាតត្បាតកូវីដ ១៩។
កម្ពុជារំពឹងថា នឹងជំរុញវិស័យបច្ចេកវិទ្យាព័ត៌មាន និងទូរគមនាគមន៍ (ICT) ក្នុងសម្ទុះ និងល្បឿនថ្មីដោយយកវិស័យឌីជីថលជាមូលដ្ឋាន ដើម្បីចាប់យកកាលានុវត្តភាពថ្មីៗ និងជំរុញផលិតភាពឱ្យមានប្រសិទ្ធភាព និងភាពប្រកួតប្រជែងខ្ពស់។
តាមឯកសារគោលនយោបាយដែលទើបផ្សព្វផ្សាយ ក្របខ័ណ្ឌគោលនយោបាយនេះនឹងមានសក្តានុពលទៅលើសេដ្ឋកិច្ចសំខាន់ៗ រួមមាន ការតភ្ជាប់ខ្សែច្រវាក់ផលិតកម្ម និងខ្សែចង្វាក់តម្លៃតំបន់ និងសកល ការជំរុញសកម្មភាព ពាណិជ្ជកម្ម និងធុរកិច្ច ព្រមទាំងការបង្កើតការងារជំនាញ និងការវិនិយោគ និងការបង្កើតប្រសិទ្ធភាពនៃការផ្តល់សេវាសាធារណៈផងដែរ។
លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួង សេដ្ឋកិច្ច និងហិរញ្ញវត្ថុបានលើកឡើងក្នុងឯកសារនោះថា៖ «ក្របខ័ណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជាបានកំណត់យកនូវចក្ខុវិស័យ «កសាងសេដ្ឋកិច្ច និងសង្គមឌីជីថលឱ្យរស់រវើក ដើម្បីជំរុញសម្ទុះកំណើនសេដ្ឋកិច្ចថ្មី និងលើកកម្ពស់សុខុមាលភាពសង្គមផ្អែកលើប្រក្រតីភាពតាមគន្លងថ្មី»។
លោកបានឱ្យដឹងទៀតថា ចក្ខុវិស័យនេះត្រូវសម្រេចឱ្យបានក្នុងរយៈពេល ១៥ ឆ្នាំ ដោយចាប់ផ្តើមពីឆ្នាំ ២០២១ ដល់ឆ្នាំ ២០៣៥ ហើយអនុលោមតាមគោលការណ៍ចំនួន ៣ គឺការកសាងមូលដ្ឋានគ្រឹះឌីជីថល ការចាប់យកឌីជីថល និងការធ្វើបរិវត្តកម្មឌីជីថល។
លោកថ្លែងថា៖ «ស្ថិតនៅក្នុងបរិការណ៍នៃវិបត្តិជំងឺកូវីដ ១៩ ក្របខ័ណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថល កម្ពុជា ២០២១-២០៣៥ នឹងក្លាយជាផ្នែកដ៏សំខាន់នៃក្របខ័ណ្ឌផែនការស្តារ សេដ្ឋកិច្ចឡើងវិញក្រោយវិបត្តិជំងឺកូវីដ ១៩ តាមរយៈការកសាងហេដ្ឋារចនាសម្ព័ន្ធឌីជីថល ការទាក់ទាញវិនិយោគក្នុងស្រុក និងពីបរទេស ការជំរុញការបង្កើតធុរកិច្ចថ្មី»។
លោក ប៊ិន សុជាតិ ទីប្រឹក្សាស្ថាបនិកនៃកម្មវិធីបច្ចេកវិទ្យាសុខាភិបាលឌីជីថល «ពេទ្យយើង» បានប្រាប់ភ្នំពេញប៉ុស្តិ៍ថា នេះជាយុទ្ធសាស្ត្រមួយដ៏ត្រឹមត្រូវរបស់រដ្ឋាភិបាលក្នុងការជំរុញសេដ្ឋកិច្ចឱ្យដំណើរស្ទុះឡើងវិញសម្រាប់ជួយសង្គ្រោះវិបត្តិសេដ្ឋកិច្ចដែលរងផលប៉ះពាល់ដោយជំងឺកូវីដ ១៩។
លោក សុជាតិ ក៏ជានាយកគ្រប់គ្រង ប្រចាំប្រទេសកម្ពុជានៃកម្មវិធីបច្ចេកវិទ្យាសុខាភិបាលចល័តកម្ពុជា-សិង្ហបុរី e-Health MyCLNQ បានឱ្យដឹងទៀតថា បើទោះក្នុងវិស័យបច្ចេកវិទ្យារបស់កម្ពុជាហាក់យឺតជាងគេក្នុងចំណោមប្រទេសក្នុងតំបន់អាស៊ាន ប៉ុន្តែលោកជឿថា នេះជាឱកាសរបស់កម្ពុជាក្នុងការពង្រឹងសមត្ថភាព។
លោកអះអាងថា៖ «យើងត្រូវពង្រីកសមត្ថភាព បង្កើនភាពច្នៃប្រឌិតផលិតបច្ចេកវិទ្យាដើម្បីឱ្យសហគមន៍សេដ្ឋកិច្ច ឬសហគមន៍អាជីវកម្មប្រើប្រាស់អាចដំណើរការក្នុងសម័យបច្ចេកវិទ្យាតាមគន្លងថ្មីឱ្យទាន់គេ»។
លោក ម៉ាក ចំរើន សហស្ថាបនិកផ្សារទំនើបអនឡាញ Smile Shop បានឱ្យដឹងថា នេះជាចំណុចចាប់ផ្តើមដ៏ល្អមួយ ព្រោះវានឹងជួយគាំទ្រដល់ការស្តាសេដ្ឋកិច្ច បន្ទាប់ពីស្ថានភាពជំងឺកូវីដ ១៩ អាចគ្រប់គ្រងបាន។
លោកបន្តថា៖ «នេះជាចំណុចមួយដ៏ល្អ ដែលយើងមានគោលនយោបាយឌីជីថល និងសេដ្ឋកិច្ចមួយដ៏ត្រឹមត្រូវដែលនឹងបង្កលក្ខណៈអំណោយផលដល់ការបង្កើតគំនិតអាជីវកម្ម»។
លោកជឿថា ប្រទេសកម្ពុជានឹងមានការរីកចម្រើនយ៉ាងលឿនក្នុងការប្រតិបត្តិពាណិជ្ជកម្មលើអាជីវកម្មបង្កើតថ្មីដែលទាក់ទងនឹងបច្ចេកវិទ្យា ភាពច្នៃប្រឌិត ប្រសិនបើរដ្ឋាភិបាលមានការលើកលែងពន្ធដល់អ្នកក្នុងវិស័យឌីជីថល។
លោកប្រាប់ថា៖ «អាជីវកម្មបង្កើតថ្មីមួយចំនួននៅពេលចុះបញ្ជីអាចប្រឈមនឹងការបង់ពន្ធ ឬក៏ការលើកលែងពន្ធអ្វីផ្សេងៗទៀតនៅមិនទូលំទូលាយសម្រាប់អាជីវកម្មបង្កើតថ្មីនៅក្នុងស្រុក។ បើសិនរាជរដ្ឋាភិបាលមានគោលនយោបាយលើកលែងពន្ធសម្រាប់អ្នករកស៊ីសេដ្ឋកិច្ចឌីជីថល និង e-commerce ក្នុងរយៈពេល ៣ ទៅ ៥ ឆ្នាំ នឹងជំរុញឱ្យមានការវិនិយោគខ្លាំងលើវិស័យនេះ»៕ LA