ក្រុមហ៊ុន KrisEnergy Ltd ដែលកំពុងអភិវឌ្ឍអណ្ដូងប្រេងអប្សរានៅក្នុងសមុទ្រកម្ពុជាបានថ្លែងអះអាងថារាល់ប្រតិបត្តិការក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ខ្លួននៅកម្ពុជា គ្រីសអេនើជី (ខេមបូឌា) អិលធីឌី (KRISENERGY (CAMBODIA) LTD) នៅបន្តជាធម្មតា ទោះបីជាក្រុមហ៊ុនមេរបស់ខ្លួនបានប្រកាសរំលាយអាជីវកម្មកាលពីថ្ងៃសុក្រកន្លងមកនេះក្តី។ នេះបើយោងតាមមន្ត្រីជាន់ខ្ពស់របស់ក្រុមហ៊ុនរុករកប្រេង និងឧស្ម័នដែលមានមូលដ្ឋាននៅប្រទេសសិង្ហបុរីមួយនេះ។
កាលពីថ្ងៃសុក្រទី ៤ ខែឧសភា ក្រុមហ៊ុន KrisEnergy Ltd បានប្រកាសថា ខ្លួនមិនមានលទ្ធភាពក្នុងការសងបំណុលរបស់ខ្លួន ដោយផ្អែកលើបំណុលជាក់ស្ដែង និងឬបំណុលត្រៀមសង ហើយនឹងបន្តទៅដល់ការជម្រះបញ្ជី។ ក្រុមហ៊ុនមួយនេះបានឲ្យដឹងថា បំណុលរបស់ខ្លួនលើសពីតម្លៃទ្រព្យសកម្មរបស់ក្រុមហ៊ុន។ ជាមួយគ្នានេះដែរ ការស្ទុះងើបឡើងវិញកាន់តែទាបបំផុត។ ចំណែកលំហូរសាច់ប្រាក់ពីការអភិវឌ្ឍ Apsara Mini Phase 1A នឹងមានការរៀបចំរចនាសម្ព័ន្ធជាថ្មី និងកង្វះជម្រើសការរៀបចំរចនាសម្ព័ន្ធឡើងវិញដែលអាចទទួលយកបាន និងកង្វះការចាក់បញ្ចូលមូលនិធិថ្មីៗរយៈពេលខ្លី ។
ក្រុមហ៊ុន KrisEnergy ឲ្យដឹងថា៖ « ក្រុមហ៊ុនបានដាក់ពាក្យបញ្ចប់ប្រតិបត្តិការអាជីវកម្មកាលពីថ្ងៃទី ៤ ខែមិថុនាឆ្នាំ ២០២១ ទៅតុលាការ Grand Court តំបន់ Cayman Islands (ពាក្យបញ្ចប់)។ កាលបរិច្ឆេទការបើកសវនាការសម្រាប់ពាក្យបញ្ចប់នេះនឹងត្រូវបានកំណត់»។
លោកស្រី Tanya Pang អនុប្រធានទំនាក់ទំនងវិនិយោគិន និងទំនាក់ទំនងសាជីវកម្មក្រុមហ៊ុន KrisEnergy Ltd បានប្រាប់ភ្នំពេញប៉ុស្តិ៍នៅថ្ងៃទី ៨ ខែមិថុនាថា សេចក្តីប្រកាសរំលាយក្រុមហ៊ុនដែលចេញផ្សាយកាលពីថ្ងៃទី ៤ ខែឧសភាកន្លងមកនេះគឺសំដៅដល់ការរំលាយក្រុមហ៊ុនមេតែប៉ុណ្ណោះ ខណៈរាល់ក្រុមហ៊ុនបុត្រសម្ព័ន្ធនៅតែបន្តប្រតិបត្តិការ។
លោកស្រីបានថ្លែងថា៖ «ដាក់ពាក្យបញ្ចប់ប្រតិបត្តិការអាជីវកម្ម ដូចដែលបានប្រកាសនៅថ្ងៃទី ៤ ខែមិថុនាឆ្នាំ ២០២១ ទាក់ទងតែក្រុមហ៊ុន KrisEnergy Ltd ដែលជាក្រុមហ៊ុនមេដែលបានចុះបញ្ជីនៅលើផ្សារហ៊ុនសិង្ហបុរីតែប៉ុណ្ណោះ គឺមិនមែនសំដៅដល់ក្រុមហ៊ុនបុត្រសម្ព័ន្ធទេ។ ដូច្នេះរាល់ប្រតិបត្តិការនៃក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនមេ KrisEnergy គឺនៅតែបន្តដំណើរការ" ។
ប្រទេសកម្ពុជាបានទាញយកតំណក់ប្រេងឆៅលើកដំបូងរបស់ខ្លួនកាលពីថ្ងៃទី ២៨ ខែធ្នូពីអណ្ដូងប្រេង A-01D ជាផ្នែកមួយនៃការកសាងផ្លាតហ្វមក្បាលអណ្ដូងផលិតកម្មចំនួន ៥ នៅក្នុងការអភិវឌ្ឍ Mini-Phase 1A របស់ក្រុមហ៊ុន KrisEnergy។
ប៉ុន្តែសេចក្ដីប្រកាសព័ត៌មានរបស់ក្រុមហ៊ុនកាលពីថ្ងៃទី ២៨ ខែមេសាបានឲ្យដឹងថា ផលិតកម្មដែលកាត់បន្ថយនឹងមានផលប៉ះពាល់ខ្លាំងលើប្រាក់ចំណូលដែលរកបានពីការអភិវឌ្ឍ Mini Phase 1A ទោះបីជាការស្ទុះងើបឡើងវិញនៃតម្លៃប្រេងសកល ចាប់តាំងពីការធ្លាក់ចុះដល់កម្រិតទាបកាលពីឆ្នាំ ២០២០ នៅពេលការរីករាលដាលជំងឺកូវីដ ១៩ បានចាប់ផ្ដើមផ្ទុះឡើង។
ក្រុមហ៊ុន គ្រីសអេនើជី (ខេមបូឌា) អិលធីឌី និងរដ្ឋាភិបាលកម្ពុជាតាមរយៈក្រសួងរ៉ែ និងថាមពលបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងប្រេងកាតក្នុងការចាប់ផ្តើមអាជីវកម្មលើប្លុក A កាលពីថ្ងៃទី ២៣ ខែសីហាឆ្នាំ ២០១៧៕