
ការដ្ឋានអាជីវកម្ម រ៉ែមាសនៅតំបន់ អូខ្វាវ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី។ EMERALD RESOURCES
ភ្នំពេញៈ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានប្រកាសដាក់ឲ្យដំណើរការការដ្ឋានអាជីវកម្ម និង រោងចក្រចម្រាញ់ រ៉ែមាសជាលក្ខណៈ ឧស្សហកម្ម លើកដំបូងរបស់កម្ពុជានៅតំបន់ អូខ្វាវ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ចាប់ពីថ្ងៃទី ២១ ខែមិថុនា ឆ្នាំ ២០២១ តទៅ។
ការដាក់ឲ្យដំណើរការនេះ បន្ទាប់ពីសិក្សាស្រាវជ្រាវស្វែងរកអស់រយៈពេល ១៤ ឆ្នាំដោយក្រុមហ៊ុន Renaissance Minerals (Cambodia) Limited ដែលជាក្រុមហ៊ុន អូស្ត្រាលីទី១ ដែលបានចាប់ផ្តើមធ្វើអាជីវកម្មជាលក្ខណៈឧស្សាហកម្មតាមស្តង់ដាអន្តរជាតិ ដែលផលិតបានមួយថ្ងៃជាមាសដុំ ពាក់កណ្តាលសម្រេចដែលមានអត្រាមាស ៩០ភាគរយ។
តាមរបាយការណ៍ សមិទ្ធិលទ្ធភាពដែលបានផ្តល់ឲ្យក្រុមហ៊ុនផលិតមាសសុទ្ធបានប្រមាណ ៣តោន ក្នុង ១ឆ្នាំសម្រាប់រយៈពេល ៨ ឆ្នាំដំបូង។
លោក ហ៊ុន សែន បានថ្លែងថា កម្ពុជារំពឹងថា ផលិតផលមាសជាលក្ខណៈឧស្សាហកម្មពីជម្រករ៉ែតំបន់ អូរខ្វាវ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី នឹងផ្តល់ផលប្រយោជន៍ជាចំណូលដុលជាមធ្យមប្រមាណ ១៨៥ លានដុល្លាក្នុងមួយឆ្នាំ។ ក្នុងនោះចំណូលថវិកាជាតិពី សួយសារនិង សារពើពន្ធផ្សេងៗ ជាមធ្យមប្រមាណ ៤០ លានដុល្លារក្នុងមួយឆ្នាំ។ ថវិកាទាំងនេះនឹងត្រូវយកមកប្រើប្រាស់ក្នុងចរន្តថវិកាជាតិដើម្បីអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គម។
លោកថ្លែងទៀតថា៖ «ជាមួយគ្នានឹងសក្តានុពលនេះ ខ្ញុំក៏សូមក្រើនរំឭកផងដែរថា អាជីវកម្មរ៉ែមាស គឺជាអាជីវកម្មដែលត្រូវការវិនិយោគប្រកបដោយវិជ្ជាជីវៈនិងបច្ចេកវិទ្យាពិតប្រាកដ។ ដូចដែលបានរៀបរាប់ពីប្រវត្តិនៃការវិនិយោគខាងលើមិនមែនគ្រប់គ្នាចេះ តែអាចធ្វើការអភិវឌ្ឍបាននោះទេ ការដាក់ឱ្យដំណើរការឧស្សាហកម្ម រ៉ែមាស ថ្ងៃនេះ មិនមែនជាការប្រកាសលើកទឹកចិត្តឱ្យសាធារណជនទាំងឡាយ ចាប់យករបរអាជីវកម្ម រ៉ែមាសនេះឡើយ ព្រោះថាវាជាអាជីវកម្មដែលមានគ្រោះហានិភ័យខ្លាំងត្រូវការដើមទុនច្រើននិងជំនាញពិតប្រាកដ »។
លោកឲ្យដឹងទៀតថា ស្របជាមួយការចាប់ផ្តើមនៃអាជីវកម្ម រ៉ែមាសខ្នាត ឧស្សាហកម្មតាមស្តង់ដាអន្តរជាតិជាលើកដំបូងនៅកម្ពុជា ប្រតិបត្តិការ ធនធានរ៉ែ នៅតំបន់អូរខ្វាវ នឹងបង្កើតបានជាគំរូមួយសម្រាប់នាំមុខដល់ការធ្វើអាជីវកម្មធនធានរ៉ែ ដទៃទៀត ស្របតាមគោលការណ៍អភិវឌ្ឍប្រកបដោយចីរភាព។
លោកបញ្ជាក់ថា ៖«ការចាប់ផ្តើមនេះបានបញ្ជាក់យ៉ាងច្បាស់ថា ការខិតខំរបស់យើងនាពេលកន្លងមកនៅក្នុងវិស័យរ៉ែ ពិតជាអាចទាញយក ធនធានធម្មជាតិក្រោមដីមកបម្រើឱ្យការអភិវឌ្ឍសេដ្ឋកិច្ច សង្គមជាតិ យើងបានប្រកបដោយការទទួលខុសត្រូវខ្ពស់ លើការការពារផលប្រយោជន៍បរិស្ថាននិងសង្គម។ បណ្តាក្រុមហ៊ុនរ៉ែទាំងអស់នឹងត្រូវជំរុញឱ្យប្រើប្រាស់គំរូនៃការអភិវឌ្ឍប្រកបដោយការទទួលខុសត្រូវបែបនេះ នៅគ្រប់ដំណាក់កាលនៃប្រតិបត្តិការរបស់ខ្លួន»៕
វីដេអូ៖