ភ្នំពេញៈ ក្រសួងពាណិជ្ជកម្មបានដាក់ឱ្យអនុវត្តប្រព័ន្ធស្វ័យប្រវត្តិកម្មជាផ្លូវការសម្រាប់ការស្នើសុំវិញ្ញាបនបត្របញ្ជាក់ដើមកំណើតទំនិញ (CO) ទម្រង់ AHK (FORM AHK) ដើម្បីសម្រួលដល់ការនាំចេញទំនិញទៅទីផ្សារអាស៊ាន និងហុងកុង។
សេចក្តីជូនដំណឹងពីក្រសួងពាណិជ្ជកម្ម កាលពីថ្ងៃទី ១១ ខែមិថុនា ឱ្យដឹងថា ក្នុងន័យនេះអ្នកនាំចេញទំនិញដែលមានបំណងស្នើសុំវិញ្ញាបនបត្របញ្ជាក់ដើមកំណើតទំនិញទម្រង់ AHK សម្រាប់នាំចេញទំនិញទៅបណ្តាទីផ្សារអាស៊ាន និងហុងកុងអាចដាក់ពាក្យស្នើសុំតាមប្រព័ន្ធស្វ័យប្រវត្តិកម្មតាមគេហទំព័រ https://co.moc.gov.kh// ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ។
សេចក្តីជូនដំណឹងបានឱ្យដឹងទៀតថា៖ «ចំពោះព័ត៌មានលម្អិតទាក់ទងការអនុវត្តវិធានបញ្ជាក់ដើមកំណើតទំនិញ (Rules of Origin) និងនីតិវិធីប្រតិបត្តិនៃការបញ្ជាក់ដើមកំណើតទំនិញ (Operational Certification Procedures) នៃទម្រង់ AHK សូមចូលទៅគេហទំព័រក្រសួង https://co.moc.gov.kh/»។
ការអនុវត្តទម្រង់ AHK តាមប្រព័ន្ធស្វ័យប្រវត្តិកម្មនេះត្រូវធ្វើឡើង បន្ទាប់ពីប្រទេសកម្ពុជា កាលពីថ្ងៃទី ១៤ ខែ វិច្ឆិកា ឆ្នាំ ២០២០ បានអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-ហុងកុងនៃសាធារណរដ្ឋប្រជាមានិតចិន។
បដិវត្តន៍ឧស្សាហកម្ម ៤.០ បានជំរុញ និងលើកទឹកចិត្តឱ្យប្រតិបត្តិករធ្វើការតាមប្រព័ន្ធអេឡិចត្រូនិកដែលនឹងជួយកាត់បន្ថយនីតិវិធីមិនចាំបាច់មួយចំនួនចំណេញពេលវេលា និងថវិកា។
លោក ម៉ាក់ នី ប្រធានសហព័ន្ធម្រេច និងគ្រឿងទេសប្រាប់ភ្នំពេញប៉ុស្តិ៍ថា វិញ្ញាបនបត្របញ្ជាក់ប្រភពដើមទំនិញ (CO) ជាឯកសារផ្លូវការដែលត្រូវបានប្រើប្រាស់ ដើម្បីបញ្ជាក់ពីប្រភពដើមនៃសមាសភាគទំនិញដែលផលិតនៅប្រទេសកម្ពុជា ទោះបីជាក្នុងរូបភាពណាក៏ដោយ។ ឯកសារនេះគឺជាផ្នែកដ៏សំខាន់សម្រាប់នាំទំនិញទៅទីផ្សារអន្តរជាតិ ឬប្រទេសនៅក្រោមប្រព័ន្ធអនុគ្រោះពន្ធ (GSP)។
លោកថ្លែងថា៖ «បើនិយាយពី CO យើងត្រូវការពេលវេលា ដើម្បីទទួលបានវិញ្ញាបនបត្របញ្ជាក់ដើមកំណើតទំនិញ ជាក់ស្តែងក្នុងវិបត្តិកូវីដ ១៩ យើងពិបាកទទួលបាន CO ព្រោះការប្រាស្រ័យទាក់ទងគ្នាក្នុងដំណើរការរៀបចំ CO មានផលវិបាក។ ទោះបីក្រសួងបានរៀបចំមន្ត្រីដើម្បីសម្រួលដល់ការចេញ CO ដល់ក្រុមហ៊ុននាំចេញ តែវាមិនដូចពេលវេលាដែលគ្មានកូវីដ ឬការស្នើសុំ CO តាមអនឡាញ ដោយខ្លួនឯងឡើយ»។
លោកបន្ថែមថា ពិតណាស់ប្រព័ន្ធស្វ័យប្រវត្តិកម្ម CO ពិតជាយុទ្ធសាស្ត្រសំខាន់របស់ក្រសួងពាណិជ្ជកម្មក្នុងការជំរុញការនាំចេញ ទោះបីជាមានការគំរាមកំហែងពីវិបត្តកូវីដ ១៩។
លោកបញ្ជាក់ថា៖ «មួយវិញទៀត ក្រុមហ៊ុនអាចកាត់បន្ថយការចំណាយ និងពិតជាចំណេញពេលវេលាខ្លាំងណាស់ ដើម្បីជំរុញការនាំចេញ ព្រោះការនាំចេញយឺតធ្វើឱ្យអ្នកនាំចេញខាតជារៀងរាល់ថ្ងៃ»។
លោក ស៊ាង ថៃ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម បានឱ្យដឹងថា ថ្មីៗនេះក្រសួងមិនតម្រូវឱ្យក្រុមហ៊ុននាំចេញមកសុំ CO ទេក្នុងករណីប្រទេសនាំចូលមិនតម្រូវឱ្យមាន CO។ លោកថ្លែងថា៖ «វិធានការនេះគឺជានិន្នាការសកល ដើម្បីលុបបំបាត់ឯកសារមិនចាំបាច់»។
ក្នុងទិសដៅជំរុញពាណិជ្ជកម្មនៅឆ្នាំ ២០២១ នេះក្រសួងនឹងដាក់ឱ្យដំណើរការមជ្ឈមណ្ឌលទិន្នន័យថ្មី (Data Center) សម្រាប់ផ្ទុកព័ត៌មានចុះបញ្ជីពាណិជ្ជកម្ម ព័ត៌មានការចុះបញ្ជីស្នើសុំវិញ្ញាបនបត្រប្រភពដើមទំនិញ និងព័ត៌មានផ្សេងៗ។
ជាមួយគ្នានេះ ក្រសួងក៏នឹងបន្តរៀបចំ CO ទម្រង់ផ្សេងទៀតបន្ថែមទៅក្នុងប្រព័ន្ធស្វ័យប្រវត្តិកម្មស្របតាមវិធានដើមកំណើតទំនិញនៃប្រទេសនាំចូល និងបន្តអនុវត្តប្រព័ន្ធស្វ័យប្រវត្តិកម្មបញ្ជាក់ដើមកំណើតទំនិញជាមួយប្រព័ន្ធអាស៊ីគូដា (ASYCUDA) ជាមួយបណ្តាប្រទេសជាសមាជិកអាស៊ាន៕ LA