ភ្នំពេញៈ តម្លៃប្រេងឥន្ធនៈលក់រាយនៅកម្ពុជាបានកើនឡើងជាបន្តបន្ទាប់ចាប់តាំងពីដើមឆ្នាំ ២០២១ ខណៈអ្នកជំនាញជឿថា អត្រាកំណើននៃការចាក់វ៉ាក់សាំងការពារជំងឺកូវីដ ១៩ នាំឱ្យតម្លៃប្រេងឆៅនៅទីផ្សារអន្តរជាតិហក់ឡើងជាលំដាប់។
សេចក្តីជូនដំណឹងក្រសួងពាណិជ្ជកម្មបង្ហាញថា ថ្លៃលក់រាយប្រេងឥន្ធនៈនៅកម្ពុជាចាប់ពីថ្ងៃទី ១៦ ដល់ថ្ងៃទី ៣០ មិថុនា ឆ្នាំ ២០២១ គឺ ៣ ៩០០ រៀល ក្នុង ១ លីត្រសម្រាប់សាំងធម្មតា (EA92) និងតម្លៃ ៣ ៥៥០ រៀល ក្នុង ១ លីត្រសម្រាប់ប្រេងម៉ាស៊ូត។
ក្រាហ្វិកថ្លៃលក់រាយប្រេងឥន្ធនៈពីថ្ងៃទី ១ ខែមេសា ដល់ថ្ងៃទី ១៦ ខែមិថុនា បង្ហាញថា តម្លៃប្រេងឥន្ធនៈលក់រាយបានកើនពី ៣ ៧០០ រៀល ក្នុង ១ លីត្រ ដល់ ៣ ៩០០ សម្រាប់សាំងធម្មតា។ ចំណែកតម្លៃប្រេងម៉ាស៊ូតកើនពី ៣ ២៥០ ដល់ ៣ ៥៥០ រៀល។ នេះបើតាមសេចក្តីជូនដំណឹង។
លោក ញឹម កុសល ប្រធានផ្នែកប្រឹក្សាយោបល់ហិរញ្ញវត្ថុនៃក្រុមហ៊ុន ហ្គោលដេន អេហ្វអិកស៍ លីង ឃែភីថល (Golden FX Link Capital) ជាក្រុមហ៊ុនឈ្មួញជើងសារឧបករណ៍និស្សន្ទនៅកម្ពុជាបានប្រាប់ថា តម្រូវការប្រេងត្រូវគេរំពឹងថានឹងងើបឡើងវិញ បន្ទាប់ពីពិភពលោកចាប់ផ្តើមចាក់វ៉ាក់សាំងការពារជំងឺកូវីដ ១៩ ហើយបណ្តាប្រទេសសមាជិក OPEC ក៏មានផែនការបង្កើនការផលិតរបស់ខ្លួន ដើម្បីបំពេញតម្រូវការប្រេងផងដែរ។
លោក កុសល ប្រាប់ភ្នំពេញប៉ុស្តិ៍ថា៖ «វិនិយោគិនលើវិស័យប្រេងបានរំពឹងទុកថា តម្រូវការប្រេងនឹងងើបឡើងវិញ អ៊ីចឹងគាត់នឹងស្តុកប្រេងទុក។ ដូចនេះ ការឡើងថ្លៃប្រេងក្នុងស្រុកវាទាក់ទងនឹងតម្លៃប្រេងលើទីផ្សារអន្តរជាតិ ដោយតម្លៃប្រេងហក់ឡើងដល់ ៧០ ដុល្លារ ក្នុង ១ បារ៉ែលនាពេលនេះ។ ជាធម្មតាអ្នកនាំចូលទិញប្រេងតម្លៃដើមខ្ពស់ អ៊ីចឹងគាត់មិនលក់ក្នុងតម្លៃដើមឱ្យយើងបានទេ»។
លោក មឿង សុភ័ក្រ ម្ចាស់ដេប៉ូ TELA នៅខេត្តកំពង់ឆ្នាំងបានឱ្យដឹងថា សម្រាប់លោកតម្លៃលក់រាយក្រោមតម្លៃកំណត់របស់ក្រសួងគឺ ៣ ៨០០ រៀល ក្នុង ១ លីត្រសម្រាប់ប្រេងសាំងធម្មតា ប្រេងម៉ាស៊ូត ៣ ២០០ រៀល និងសាំងស៊ូពែរ ៤ ១០០ រៀល។
លោកប្រាប់ថា៖ «ចំពោះក្រុមហ៊ុនគេលក់តាមតារាងតម្លៃកំណត់របស់ក្រសួង រីឯដេប៉ូខ្ញុំលក់ក្នុងតម្លៃក្រោមការកំណត់ ព្រោះយើងចង់បានម៉ូយច្រើន តែចំណេញតិច»៕ LA
វីដេអូ៖