ភ្នំពេញៈ កម្ពុជាបានសម្រេចលើកចេញនូវបម្រាមនាំចូលសាច់បង្កក និងមុខទំនិញបង្កក ដែលអាចមានហានិភ័យមានប្រភពមកពីប្រទេសឥណ្ឌា បន្ទាប់ពីបានពិនិត្យឃើញថា ស្ថានភាពនៃការឆ្លងរាលដាលជំងឺកូវីដ ១៩ នៅប្រទេសឥណ្ឌា មានភាពធូរស្រាល និងលទ្ធផលនៃការធ្វើតេស្តលើសាច់បង្កកនាំចូលពីឥណ្ឌាកន្លងមក គឺអវិជ្ជមានមេរោគកូវីដ ១៩ ទាំងអស់។
កំណើននៃការរកឃើញអ្នកមានវិជ្ជមានកូវីដ ១៩ នៅប្រទេសឥណ្ឌាកាលពីអំឡុងខែមេសា និងឧសភា ដែលមានប្រមាណចន្លោះពី ៣០-៤០ ម៉ឺននាក់ក្នុង ១ ថ្ងៃបានបង្ខំឱ្យកម្ពុជាប្រកាសហាមឃាត់លើការនាំចូលសាច់កក និងទំនិញកកផ្សេងទៀត ដែលបានចាត់ទុកថា «ហានិភ័យខ្ពស់» មានប្រភពពីប្រទេសឥណ្ឌា ដើម្បីទប់ស្កាត់ការរីករាលដាលកូវីដ ១៩ ចាប់តាំងពីថ្ងៃទី ១ ខែឧសភា មក។
លិខិតរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាកាលពីថ្ងៃទី ១៩ ខែមិថុនា ឱ្យដឹងថា យោងតាមស្ថានភាពធូរស្រាលនៃការឆ្លងរាលដាលជំងឺកូវីដ ១៩ នៅប្រទេសឥណ្ឌា និងលទ្ធផលអវិជ្ជមាននៃការធ្វើតេស្តលើសាច់បង្កកកន្លងមក រាជរដ្ឋាភិបាលសម្រេចលើកលែងបម្រាមលើការនាំចូលសាច់បង្កក និងមុខទំនិញបង្កក ដែលអាចមានហានិភ័យផ្សេងទៀតមានប្រភពមកពីឥណ្ឌា ដោយដាក់មកជំនួសវិញនូវវិធានការបណ្តោះអាសន្នមួយចំនួន។
វិធានការទាំងនោះមានដូចជា គ្រប់ការនាំចូលសាច់បង្កក និងមុខទំនិញបង្កកដែលអាចមានហានិភ័យ គឺតម្រូវឱ្យមានវិញ្ញាបនបត្រ ឬលិខិតបញ្ជាក់បន្ថែមចេញដោយអាជ្ញាធរមានសមត្ថកិច្ចនៃប្រទេសដើមកំណើតទំនិញ ដែលបញ្ជាក់ថា គ្មានវីរុសកូវីដ ១៩ លើសាច់បង្កក និងនៅពេលទំនិញមកដល់ តម្រូវឱ្យយកសំណាកធ្វើតេស្តរកវីរុសកូវីដ ១៩ ដោយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា មុនពេលអនុញ្ញាតឱ្យបំពេញបែបបទបញ្ចេញទំនិញពីគយ។
ទោះយ៉ាងណាលិខិតបានលើកឡើងថា៖ «យោងតាមពេលវេលា និងការវិវត្តជាក់ស្តែង ការអនុវត្តលក្ខខណ្ឌទាំង ២ អាចនឹងត្រូវបន្ធូរបន្ថយ ឬដកចេញទាំងស្រុង ដោយផ្អែកលើស្ថានភាពធូរស្រាលនៃការរីករាលដាលកូវីដ ១៩ នៅប្រទេសនាំចេញ និងលទ្ធផលនៃការធ្វើតេស្តលើសាច់បង្កកដោយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា បើរកឃើញថា អវិជ្ជមានជាបន្តបន្ទាប់»។
យោងតាម https://www.worldometers.info/ គិតត្រឹមថ្ងៃទី ១៩ ខែមិថុនា ឆ្នាំ ២០២១ ប្រទេសឥណ្ឌាបានកត់ត្រាចំនួនអ្នកឆ្លងជំងឺកូវីដ ១៩ សរុប ២៩ ៨៨១ ៣៥២ នាក់ក្នុងនោះមានអ្នកស្លាប់ ៣៨៦ ៧៤០ នាក់។ ក្នុងថ្ងៃទី ១៩ អ្នកជំងឺកូវីដ ១៩ ចំនួន ៥៨ ៥៨៨ នាក់ត្រូវបានរកឃើញ។
ការសម្រេចលើកចេញបម្រាមនាំចូលសាច់បង្កក និងមុខទំនិញបង្កកពីប្រទេសឥណ្ឌា នេះ ក៏ជាការឆ្លើយតបនឹងសំណើរបស់លោកស្រី Devyani Khobragade ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំកម្ពុជា ដែលបានលើកឡើងក្នុងជំនួបជាមួយរដ្ឋមន្ដ្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោក អូន ព័ន្ធមុនីរ័ត្ន កាលពីថ្ងៃទី ៣ ខែមិថុនា។
កម្ពុជាបាននាំចូលសាច់ក្របីតម្លៃ ១៧,៧ លានដុល្លារ ពីឥណ្ឌាកាលពីឆ្នាំ ២០២០ កើនឡើង ១៧០ ភាគរយធៀបនឹងឆ្នាំ ២០១៩៕ LA
វីដេអូ៖