ភ្នំពេញៈ ក្រុមហ៊ុនប្រមាណជាង ៦ ពាន់បានចុះបញ្ជីអាជីវកម្មតាមប្រព័ន្ធថ្នាលបច្ចេកវិទ្យាព័ត៌មាន ដែលមានប្រាក់ជាង ២,៦ ពាន់លានដុល្លារក្នុងរយៈពេល ១ ឆ្នាំគត់ បន្ទាប់ពីរដ្ឋាភិបាលសម្រេចដាក់ឱ្យប្រើប្រាស់កាលពីខែមិថុនា ឆ្នាំ ២០២០។ នេះបើយោងតាមក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
រដ្ឋាភិបាលកម្ពុជាបានដាក់ឱ្យដំណើរការការចុះបញ្ជីអាជីវកម្មតាមថ្នាលបច្ចេកវិទ្យាព័ត៌មានដែលហៅថា «Single Portal» កាលពីថ្ងៃទី ១៥ ខែមិថុនា ឆ្នាំ ២០២០។ ក្រសួង និងស្ថាប័នរដ្ឋចំនួន ៦ ដែលចុះបញ្ជីក្នុងប្រព័ន្ធនេះ រួមមានក្រសួងមហាផ្ទៃ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងពាណិជ្ជកម្ម និងក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ អគ្គនាយកដ្ឋានពន្ធដារ និងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងនេះ គិតត្រឹមថ្ងៃទី ១៤ ខែមិថុនា ពាក្យស្នើសុំចំនួន ៦ ១៦៤ ត្រូវបានអនុម័តជាមួយនឹងទំហំដើមទុនសរុប ២ ៦៣១ លានដុល្លារ។ ក្នុងនោះពាក្យស្នើសុំ ៨១០ កំពុងត្រួតពិនិត្យ។
ប្រធានសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា (FASMEC) លោក តែ តាំងប៉ បានប្រាប់ភ្នំពេញប៉ុស្តិ៍កាលពីថ្ងៃអាទិត្យថា ការចុះបញ្ជីតាមប្រព័ន្ធអនឡាញមានអត្ថប្រយោជន៍ជាច្រើនដែលសំខាន់បំផុត គឺងាយស្រួល ដោយមិនចាំបាច់ចុះបញ្ជីទៅគ្រប់ក្រសួងដែលពាក់ព័ន្ធដូចពេលមុន។ លោកបន្តថា ការចុះបញ្ជីតាមប្រព័ន្ធនេះ គេធ្វើជាកញ្ចប់ចុះតែ ១ ម្តង ចំណេញពេលវេលា ដោយប្រើពេលលឿនគឺ ៨ ថ្ងៃ និងកាត់បន្ថយការចំណាយរហូតដល់ ៤០ ភាគរយ។
លោកបន្ថែមថា៖ «សម្រាប់ FASMEC ពេលនេះបានសហការជាមួយតេជោស្តាតអាប់នៅក្នុងការបង្រៀនពីវិធីចុះបញ្ជីអនឡាញដល់សហគ្រាសទាំងអស់ ជាក់ស្តែងនៅថ្ងៃទី ១១ ខែមិថុនាកន្លងទៅនេះ យើងបានអញ្ជើញតេជោស្តាតអាប់ មកបណ្ដុះបណ្ដាលដល់សហគ្រាសនៅខេត្តសៀមរាបតាមប្រព័ន្ធអនឡាញ Zoom បានចំនួន ១២០ សហគ្រាស។ មិនថាតែរឿងចុះបញ្ជីទេនៅក្នុងដំណាក់កាលនៃកូវីដនេះ គឺស្ទើរតែគ្រប់កម្មវិធីទាំងអស់របស់ FASMEC និងស្ថាប័នផ្សេងទៀតបានប្តូរមកអនុវត្តវិធីសាស្ត្រអនឡាញស្ទើរទាំងអស់»។
សេចក្តីប្រកាសព័ត៌មានឱ្យដឹងទៀតថា ក្នុងរយៈពេល ១ ឆ្នាំនេះ អាជីវកម្មចុះបញ្ជីត្រូវបានអនុម័តរួមមាន អាហរ័ណនីហរ័ណ ទិញលក់ ជួសជុលយានយន្ត និងទោចក្រយានយន្តគ្រប់ប្រភេទ (៣៨,១១%) សកម្មភាពអចលនវត្ថុ (១០,២៩%) កម្មន្តសាល (៨,៥៨%) សកម្មភាពសេវាកម្មស្នាក់នៅ និងអាហារ (៨,៤៧%) សកម្មភាពអាជីវកម្មវិជ្ជាជីវវិទ្យាសាស្ត្រ និងបច្ចេកទេស (៧,៦ %) និងវិស័យផ្សេងៗទៀតមានចំនួន (២៧,៥៥%)។
ជាមួយគ្នានេះ ការស្នើសុំចុះបញ្ជីបម្រុងនាមករណ៍ចំនួន ៥ ៦៣៧ សំណើត្រូវបានអនុម័តក្នុងនោះ ២៧០ កំពុងត្រួតពិនិត្យ និង ១ ករណីត្រូវបានបដិសេធ។
ប្រព័ន្ធចុះបញ្ជីអាជីវកម្មតាមថ្នាលបច្ចេកវិទ្យាព័ត៌មានមានលក្ខណពិសេសចំនួន ៣ ដូចជា កាត់បន្ថយនីតិវិធីតាមរយៈការភ្ជាប់គ្នារវាងក្រសួងពាណិជ្ជកម្ម ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ អគ្គនាយកដ្ឋានពន្ធដារ និងបង្កើតការចុះបញ្ជីជាកញ្ចប់ក្នុងពេលតែមួយនៅលើថ្នាលតែមួយ កាត់បន្ថយពេលមកត្រឹម ៨ ថ្ងៃនៃថ្ងៃធ្វើការ និងកាត់បន្ថយការចំណាយថវិកាប្រមាណ ៤០ ភាគរយ បើធៀបនឹងនីតិវិធីចាស់។
សេចក្តីប្រកាសព័ត៌មានបន្តថា «ជាមួយនឹងកំណែទម្រង់លើនីតិវិធីចុះបញ្ជីនេះ ធុរជនមានភាពងាយស្រួលក្នុងការចុះបញ្ជីដែលអនុញ្ញាតឱ្យធុរកិច្ចមានអត្តសញ្ញាណត្រឹមត្រូវ និងស្របច្បាប់ ដើម្បីជាមូលដ្ឋានក្នុងការស្នើសុំឥណទានពីកម្មវិធីហិរញ្ញវត្ថុ ពិសេសពីរដ្ឋាភិបាលដែលជាវិធានការឆ្លើយតបទៅនឹងវិបត្តិជំងឺកូវីដ ១៩»។
បន្ទាប់ពីការចុះបញ្ជីអាជីវកម្មតាមប្រព័ន្ធថ្នាលបច្ចេកវិទ្យាព័ត៌មានប្រព្រឹត្តទៅដោយរលូន រដ្ឋាភិបាលនឹងដាក់ឱ្យដំណើរការការអនុវត្តដំណាក់កាលទី ២ ក្នុងរយៈពេលដ៏ខ្លីខាងមុខនេះ ដែលអនុញ្ញាតឱ្យធុរជនអាចស្នើសុំអាជ្ញាប័ណ្ណ ឬវិញ្ញាបនបត្រពីក្រសួងស្ថាប័នជំនាញពាក់ព័ន្ធផងដែរ៕ LA