មណ្ឌលគិរីៈ គម្រោងវិនិយោគលើរោងចក្រចម្រាញ់រ៉ែមាសលក្ខណៈឧស្សាហកម្មតម្លៃ ១២០ លានដុល្លារនៅក្នុងខេត្តមណ្ឌលគិរីរបស់ក្រុមហ៊ុនមានមូលដ្ឋាននៅប្រទេសអូស្ត្រាលី Renaissance Minerals (Cambodia) Limited ត្រូវបានសម្ពោធបើកដំណើរការជាផ្លូវការហើយកាលពីថ្ងៃចន្ទ។
រោងចក្រស្ថិតនៅតំបន់អូរខ្វាវ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី នេះត្រូវបានដាក់សម្ពោធដោយលោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល។
លោក ស៊ុយ សែម បានឱ្យដឹងថា រោងចក្របានដំណើរការស្លរចម្រាញ់រ៉ែមាស ចាក់ដុំមាស និងបោះត្រាសម្គាល់លើដុំមាសរ៉ែ (Gold Dore) ទី ១ របស់ខ្លួនក្នុងថ្ងៃនេះ (ថ្ងៃទី ២១)។ ការកសាងរោងចក្រ និងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗនៃការដ្ឋានអាជីវកម្មនេះបានចាប់ផ្តើមកាលពីពាក់កណ្តាលឆ្នាំ ២០២០។
លោកថ្លែងថា៖ «ការដ្ឋានអាជីវកម្ម និងរោងចក្រចម្រាញ់រ៉ែមាសនេះមានសមត្ថភាពជីកយករ៉ែប្រមាណជិត ២ លានតោនក្នុង ១ ឆ្នាំ និងចម្រាញ់ចេញជាដុំមាសកម្រិត ៩០ ភាគរយ (Gold Dore Bars) ប្រមាណ ៣ តោននៅក្នុង ១ ឆ្នាំ និងចម្រាញ់ចេញជាដុំមាសកម្រិត ៩០ ភាគរយ ប្រមាណ ៣ តោនក្នុង ១ ឆ្នាំ សម្រាប់រយៈពេលប៉ាន់ស្មានដំបូងចំនួន ៨ ឆ្នាំ»។
លោកបានបន្ថែមថា វានឹងត្រូវត្រួតពិនិត្យយ៉ាងហ្មត់ចត់ដោយយន្តការត្រួតពិនិត្យ និងអភិបាលកិច្ចពហុភាគីក្នុងការជំរុញធានាឱ្យបានសម្រេចទាំងគោលដៅសេដ្ឋកិច្ច បរិស្ថាន និងសង្គម ស្របតាមផែនការកំណត់។
លោកថ្លែងថា៖ «សមិទ្ធផលនេះបាននាំមកនូវលំហូរទុនវិនិយោគពីក្រៅប្រទេសមកកម្ពុជា ការបង្កើតឱកាសការងារ និងសេដ្ឋកិច្ច ការពង្រីកនូវពិពិធកម្មខឿនឧស្សាហកម្មក្នុងស្រុក និងផលប្រយោជន៍សេដ្ឋកិច្ច សង្គមផ្សេងៗទៀតជាច្រើន សម្រាប់ប្រទេសកម្ពុជា»។
យោងតាមលោក ស៊ុយ សែម ការធ្វើអាជីវកម្មរ៉ែមាសនេះនឹងស្រូបទាញកម្លាំងពលកម្មសរុប ៤៦២ នាក់ក្នុងនោះជនជាតិខ្មែរមានចំនួន ៤២៧ នាក់។
លោក Morgan Hart នាយកគ្រប់គ្រងក្រុមហ៊ុន Emerald បានអះអាងថា៖ «រ៉ែដំបូង និងការចាប់ផ្ដើមប្រតិបត្តិការជាលើកដំបូងនៃគម្រោងរ៉ែមាសអូរខ្វាវ គឺជាព្រឹត្តិការណ៍សំខាន់សម្រាប់ក្រុមហ៊ុន និងតំណាងឱ្យកិច្ចខិតខំប្រឹងប្រែង ពិសេសតាមរយៈក្រុមការងារសាងសង់ និងអភិវឌ្ឍន៍ដែលប្រកបដោយបទពិសោធ និងកិច្ចសហប្រតិបត្តិការពីក្រុមហ៊ុនម៉ៅការប្រកបដោយគុណភាព»។
លោក ហ៊ុន សែន កាលពីថ្ងៃទី ១០ ខែមិថុនា បានឱ្យដឹងថា ការដាក់ឱ្យដំណើរការនេះ បន្ទាប់ពីការសិក្សាស្រាវជ្រាវរយៈពេល ១៤ ឆ្នាំ។
បើតាមលោក ហ៊ុន សែន កម្ពុជារំពឹងថា ផលិតផលមាសលក្ខណៈឧស្សាហកម្មពីជម្រករ៉ែតំបន់អូរខ្វាវនឹងផ្តល់ចំណូលដុលជាមធ្យមប្រមាណ ១៨៥ លានដុល្លារ ក្នុង ១ ឆ្នាំក្នុងនោះចំណូលថវិកាជាតិពីសួយសារ និងសារពើពន្ធផ្សេងៗមាន ៤០ លានដុល្លារក្នុង ១ ឆ្នាំ។ ថវិកានេះនឹងត្រូវយកមកប្រើក្នុងចរន្តថវិកាជាតិ ដើម្បីអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម៕ LA
វីដេអូ៖