ទីក្រុង​ហាណូយៈ ​ដោយ​ការ​រីក​ចម្រើន​ផ្នែកឥណទាន​យ៉ាង​លឿន​ក្នុង​ឆមាស​ទី​១ ​ឆ្នាំ​នេះ ​ធនាគារ​កណ្តាល​រដ្ឋ​វៀតណាម ​(SBV) បាន​ឲ្យ​ដឹង​ថា ​ទិសដៅ​កំណើន​​ឥណទាន​​សម្រាប់​ឆ្នាំ ​​២០២១ ​គឺ​មាន ​១២ ​ភាគរយ​ ហើយ​​វា​ប្រហែល​ត្រូវ​ពង្រីក​បរិមាណ​ឥណទាន​​ប្រសិន​ចាំ​បាច់។

ស្ថិតិ​ធនាគារ​រដ្ឋ​វៀតណាម​បង្ហាញថា ​ទោះបី​ការ​រីក​រាលដាល​ កំណើន​​ឥណទាន​ឡើង​ដល់ ​៥,១​​ ភាគរយ​ត្រឹម​ពាក់​កណ្តាល​ខែ​មិថុនា​ ធៀប​នឹង​រយៈពេល​ដូច​គ្នា​នៃ​ឆ្នាំ ​២០២០។

នេះ​មាន​ន័យ​ថា ​ធនាគារ​បាន​បូម​យក​សាច់​ប្រាក់​ចំនួន ​៤៦៨,៨​ ពាន់​ពាន់​លាន​ដុង (២០,២​ ពាន់​លាន​ដុល្លារ) ចាក់​បញ្ចូល​ទៅ​ក្នុង​វិស័យ​សេដ្ឋកិច្ច​ ​ក្នុង​រយៈពេល​​ ៦ ​ខែ​​ឆ្នាំ​នេះ ​តាម​រយៈ​ការ​ផ្តល់​កម្ចី។

លោក​ Dao Minh Tu ​ទេសាភិបាល​រង​ បាន​និយាយ​ថា ​ធនាគារ​កណ្តាល​​ជា​និច្ចកាល​បាន​ស្នើសុំ​ស្ថាប័ន​ផ្តល់​ឥណទាន​​ឲ្យ​ផ្តោត​​លើ​ការ​ផ្តល់​មូល​ធន​ សម្រាប់​ផលិតកម្ម ​និងធ្វើ​អាទិភាព​វិស័យ​សំខាន់ៗ ​ខណៈ​ការ​គ្រប់គ្រង​លំហូរ​ឥណទាន​តឹងរ៉ឹង​ ទៅ​ក្នុង​វិស័យ​មាន​ហានិភ័យ​ខ្ពស់។

ធនាគារ​វៀតណាម​ ក៏​ត្រូវ​បាន​គេ​ស្នើ​ឲ្យ​ដក​ចេញ​របាំង​​ទទួល​បាន​ឥណទាន​​និង បង្កើត​ឲ្យ​មាន​លក្ខខណ្ឌ​គាំទ្រ​​សម្រាប់​សហគ្រាស​​និង​ប្រជាពល​រដ្ឋ​ដើម្បី​ខ្ចី​ប្រាក់​ពី​ធនាគារ។

​លោក Tu បាន​និយាយថា៖«ជាមួយ​​កំណើន​ឥណ​ទាន​រឹង​មាំ​បែប​នេះ​ក្នុង​ឆមាស​ដំបូង​ឆ្នាំ​នេះ ​ទិសដៅ​កំណើន​ឥណទាន​ពេញ​១​ឆ្នាំ ​ត្រូវ​បាន​កំណត់ សម្រេច​ឲ្យ​បាន ​១២ ​ភាគរយ។ ប្រសិន​បើ ​ការ​រីក​រាល​ដាល​ នឹង​ត្រូវ​បាន​គ្រប់គ្រង​បាន​ល្អ​ប្រសើរ​ជាងនេះ ​ធនាគារ​កណ្តាល​ប្រហែល​ត្រូវ​ពង្រីក​ទំហំ​ឥណទាន​បន្ថែម​ទៀត»។

លោក Tu បាន​សង្កត់​ធ្ងន់​ថា ​ធនាគារ​កណ្តាល​រក្សា​គោល​នយោបាយ​រូបិយវត្ថុ​បត់បែន​​និង ធានា​សន្ទនីយភាព​​ជា​ប្រព័ន្ធ​ដើម្បី​ឲ្យមាន​លំនឹង​ទីផ្សារ​និង លើក​ស្ទួយ​​​ការ​ងើប​ឡើង​វិញ​ផ្នែក​សេដ្ឋកិច្ច ​ចំពេល ​ការ​រីក​រាលដាល​កូវីដ​ ១៩ ​នេះ៕ VNS-ANN/RR