សិង្ហបុរីៈ ក្រុមហ៊ុន Ascott នឹង​ចំណាយ​ ២១០ ​លាន​ដុល្លារ​ ដើម្បី​ទិញ​អចលនទ្រព្យ​ពី​នៅក្នុង​ប្រទេស​បារាំង និង​ប្រទេស​វៀតណាម តាមរយៈ Ascott Fund Serviced Residence Global Fund (ASRGF) ដែលជា​មូលនិធិ​មូលធន​របស់ខ្លួន​ជាមួយ​មូលនិធិ Qatar Investment Authority​។

ក្រុមហ៊ុន CapitaLand បាន​ឲ្យ​ដឹង​នៅក្នុង​ឯកសារ​ផ្សារហ៊ុន​មួយ​កាលពី​ថ្ងៃ​ចន្ទ​ទី​ ២១ ​ខែមិថុនា​ថា ផ្នែក​អាជីវកម្ម​លំនៅឋាន​ដែល​គ្រប់គ្រង​ទាំងស្រុង​របស់​ក្រុមហ៊ុន CapitaLand បាន​ចូលក្នុង​កិច្ចព្រមព្រៀង​ពីរ ដើម្បី​ទិញ​អចលនទ្រព្យ​ពីរ​ដោយ​ឈរ​មូលដ្ឋាន​សាងសង់​ហើយ​ទើប​លក់​។ ពួកគេ​គ្រោង​នឹង​បើក​ដំណើរការ​ក្នុង​ឆ្នាំ​ ២០២៤​។

ក្រុមហ៊ុម Ascott នឹង​ទិញ​ទ្រព្យសកម្ម​ដែល​គ្រប់គ្រង​ស្របច្បាប់​នៅ​ទីក្រុង​ប៉ារីស ដែល​នឹងត្រូវ​កែលម្អ​បន្ថែម និង​ស្ថិតក្រោម​យីហោ lyf របស់ខ្លួន ដែល​ធ្វើ​ឲ្យ​អចលនទ្រព្យ​រស់នៅ​រួមគ្នា​លើកដំបូង​របស់​ក្រុមហ៊ុន Ascott នៅ​អឺរ៉ុប​។ ដោយមាន​ឈ្មោះថា livelyfhere Gambetta Paris អចលនទ្រព្យ​មាន​ ១៣៩ ​យូនីត​មួយ​នេះ មាន​ទីតាំង​ស្ថិតនៅ​មណ្ឌល​ទី​ ២០ នៅ​ជិត​វិចិត្រសាល រោងភាពយន្ត ហាង​កាហ្វេ និង​ភោជនីយដ្ឋាន ទីកន្លែង​សិល្បៈ និង​តន្ដ្រី​តាម​ដងផ្លូវ​។

ក្រុមហ៊ុន Ascott ក៏​នឹង​ទិញ​អចលនទ្រព្យ Somerset Metropolitan West Hanoi ដែលមាន​ ៣៦៤ ​យូនីត​ផងដែរ​។ ទ្រព្យសកម្ម​នេះ​មាន​ទីតាំង​ស្ថិតនៅ​ខណ្ឌ​អាជីវកម្ម​កណ្ដាល​ថ្មី​របស់​ទីក្រុង​ហាណូយ និង​នៅ​ជិត​ទីភ្នាក់ងារ​រដ្ឋាភិបាល​មួយចំនួន ព្រមទាំង​សាជីវកម្ម​ក្នុង​ស្រុក និង​អន្តរជាតិ​ជាច្រើន​។ អចលនទ្រព្យ​នេះ​ក៏មាន​ចម្ងាយ​បើកបរ​ ១០ ​នាទី​ពី​មជ្ឈមណ្ឌល​សន្និសីទ​ជាតិ​វៀតណាម និង​បើកបរ​រយៈពេល​កន្លះ​ម៉ោង​ពី​ព្រលានយន្តហោះ​អន្តរជាតិ Noi Bai ផងដែរ​។

ក្រុមហ៊ុន​បាន​បន្តថា ការទិញ​អចលនទ្រព្យ​នេះ​នឹង​បង្កើន​ទ្រព្យសកម្ម​មូលនិធិ​សរុប​របស់​ក្រុមហ៊ុន Ascott ស្ថិតក្រោម​ការគ្រប់គ្រង (FUM) ដល់​ប្រហែល​ ៨ ​ពាន់​លាន​ដុល្លារ​។ នឹងមាន​អចលនទ្រព្យ​ចំនួន​ ៨ ស្ថិតក្រោម ASRGF ដោយមាន​ប្រហែល ១៧០០ យូនីត​៕ Straitstimes-ANN/LA